ដោយ សុ ជីវី
ពលករខ្មែរជាង ៨០នាក់ទៅធ្វើការជាជាងសំណង់ក្នុងក្រុងហាត់យ៉ៃ (Hat Yai) ខេត្តសុងខ្លា (Songkhla) ប្រទេសថៃ ដែលកំពុងជួបការលំបាកក្នុងការរស់នៅ អំពាវនាវសុំអន្តរាគមន៍ ដើម្បីបានវិលមកកម្ពុជាវិញ។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីពួកគេត្រូវតម្រួតថៃ ចាប់ឃុំខ្លួនកោរសក់ និងបន្ទាប់មកត្រូវក្រុមហ៊ុនបង្ខាំងអោយនៅមួយកន្លែង មិនអោយធ្វើដំណើរដោយសេរីបាន។
ក្រុមពលករសំណូមពរអោយគ្រប់ភាគីមានសមត្ថកិច្ចជួយនាំពួកគេចេញពីប្រទេសថៃ ជាទីដែលពួកគេបានទៅធ្វើការ ត្រូវនគរបាលថៃ ចាប់ដាក់គុក និងត្រូវក្រុមហ៊ុនបង្ខាំង។
ពលករម្នាក់ក្នុងចំណោមពលករទាំង ៨០នាក់ អ្នកស្រី មុល ណាក់ បានអោយដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមិថុនា ថា ពួកគេត្រូវក្រុមហ៊ុនសំណង់ដែលពួកគេទៅបម្រើការអោយនោះ ឃុំអោយស្ថិតក្នុងផ្ទះដែលមិនអាចចេញទៅណាបាន។ ការបង្ខាំងពួកគេកើតឡើងបន្ទាប់ពីពួកគេចំនួន ៤០នាក់ត្រូវនគរបាលថៃ ចាប់ដាក់គុក និងកោរសក់។ អ្នកស្រីបន្តថា ពួកគេជួបការលំបាកទាំងកាយ និងផ្លូវចិត្ត។ ពួកគេលែងចង់ធ្វើការ និងចង់វិលមកស្រុកកំណើតវិញអោយបានឆាប់។
ពលករខ្មែរមួយក្រុមដែលមានចំនួន ៨៣នាក់បានទៅធ្វើការនៅក្នុងប្រទេសថៃ កាលពីខែមករា ឆ្នាំ២០១២ តាមរយៈក្រុមហ៊ុនភ្នាក់ងារជ្រើសរើសពលករ អេភីធីអេសអ៊ី (APTSE)។ ពួកគេបានទៅធ្វើការដោយស្របច្បាប់ ប៉ុន្តែនៅពេលដែលនគរបាលថៃ ចាប់ដាក់គុកទើបពួកគេដឹងថា ពួកគេត្រូវក្រុមហ៊ុនបញ្ជូនអោយទៅធ្វើការខុសពីទីតាំងក្រុមហ៊ុនដែលបញ្ជាក់នៅក្នុងឯកសារ ចំណែកលិខិតឆ្លងដែនក៏ត្រូវក្រុមហ៊ុនដកហូត។ បើតាមកិច្ចសន្យាពួកគេត្រូវធ្វើការនៅក្រុងបាងកក (Bangkok) គឺមិនមែនក្រុងហាត់យ៉ៃ ដែលស្ថិតនៅជាប់ព្រំដែនរវាងប្រទេសថៃ និងម៉ាឡេស៊ីនោះឡើយ។
ពលករម្នាក់ទៀត លោក គឹម ស្រ៊ន់ អោយដឹងថា មានតំណាងក្រុមហ៊ុនជ្រើសរើសពលករ និងស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ចុះទៅសម្របសម្រួល ការទាមទារវិលមកកម្ពុជានេះដែរ ប៉ុន្តែនៅតែពុំបានលទ្ធផល។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង មានប្រសាសន៍ថា តំណាងក្រុមហ៊ុនកំពុងព្យាយាមសម្របសម្រួលដោះស្រាយបញ្ហានេះ ត្បិតក្រុមហ៊ុនសំណង់នៅក្នុងក្រុងហាត់យ៉ៃនោះ បញ្ជាក់ថា គេចង់អោយពលករទាំងនោះធ្វើការអោយគេ២សប្ដាហ៍ទៀត។
បើទោះជាយ៉ាងណា ក្រុមពលករនៅតែអះអាងថា ពួកគេចង់ត្រឡប់មកស្រុកខ្មែរវិញ ព្រោះពួកគេអស់ជំនឿលើក្រុមហ៊ុន និងបារម្ភពីការចាប់ខ្លួនដោយនគរបាលថៃ ដោយសារតែលិខិតឆ្លងដែនរបស់ពួកមិនត្រឹមត្រូវ។
ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា។ លោកមានប្រសាសន៍ថា នេះជាករណីមួយទៀតនៃបទពិសោធន៍របស់ពលករខ្មែរដែលទៅធ្វើការដោយស្របច្បាប់នៅក្រៅប្រទេស។ ពួកគេជួបបញ្ហាដោយសារតែកិច្ចសន្យាការងារ និងការដកហូតលិខិតឆ្លងដែន។
លោក មឿន តុលា បន្តថា ក្រុមហ៊ុនដែលនាំពលករទៅធ្វើការនៅប្រទេសថៃ នោះបានបោកប្រាស់ ដែលជាការរំលោភលើកកិច្ចសន្យាការងារ ហេតុនេះក្រុមពលករមានសិទ្ធិក្នុងការបដិសេធការងារដែលពួកគាត់ត្រូវបំពេញតាមកិច្ចសន្យា។
ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា ជំរុញអោយរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាក់ព័ន្ធពិនិត្យឡើងវិញពីបែបបទនៃការជ្រើសរើស និងបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស ដើម្បីចៀសវៀងបញ្ហាចោទបែបនេះ៕
No comments:
Post a Comment
yes