ដោយ សុខ សេរី
ពលការិនីម្នាក់ដែលបានទៅបម្រើការងារនៅតាមផ្ទះនៅប្រទេសម៉ាឡេស៊ី រយៈពេល ១ឆ្នាំកន្លងទៅនេះ ធ្លាក់ខ្លួនឈឺស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត នៅក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅនេះ។
ពលការិនីម្នាក់ឈ្មោះ កុយ លីដា ឬហៅថា ទូច ស្រីណេត អាយុ ១៧ឆ្នាំ បានស្លាប់នៅឯមន្ទីរពេទ្យកាល់ម៉ែត្រ (Calmeter Hospital) ដោយសារតែមានជំងឺជាច្រើនមុខ ដូចជារលាកក្រពះ រលាកតម្រងនោម និងរលាកពោះវៀន ជាដើម ក្រោយពីនាងចាកចេញពីប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជាវិញ។
នាង កុយ លីដា បានចេញទៅបម្រើការងារនៅតាមផ្ទះនៅប្រទេសម៉ាឡេស៊ី នៅចន្លោះឆ្នាំ២០១១ និងឆ្នាំ២០១២ កន្លងទៅនេះ តាមរយៈក្រុមហ៊ុនឈ្មោះ ធី&ភី (T&P)។ ក្រុមហ៊ុននេះរដ្ឋាភិបាលបានប្រកាសឲ្យបិទនៅឆ្នាំ២០១១ កន្លងទៅនេះ។
ពលការិនីម្នាក់នេះ បានមកដល់ប្រទេសកម្ពុជាវិញ ជាមួយម្ដាយ កាលពីខែឧសភា ឆ្នាំ២០១២ ហើយបានធ្លាក់ខ្លួនឈឺធ្ងន់ជាបន្តបន្ទាប់រហូតដល់ស្លាប់។
ប្រធានកម្មវិធីនៃសិទ្ធិការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា ដែលកំពុងតែតាមដានសំណុំរឿងនេះ បានមានប្រសាសន៍ថា លោកគ្រោងចេញសេចក្ដីប្រកាសព័ត៌មានមួយ និងទាមទារឲ្យមានសំណងសមរម្យជូនគ្រួសាររបស់នាង។
លោក មឿន តុលា៖ «យើងសង្ស័យថា គាត់ត្រូវបានគេដាក់ឲ្យធ្វើការច្រើនម៉ោងហួសកម្លាំង ហើយអត់បានបរិភោគអ្វីអត់បាន មានអាហារបរិភោគអ្វីគ្រប់គ្រាន់។ ...យើងឃើញថា មានកម្មករខ្មែរយើង ពលករខ្មែរយើងដែលទៅម៉ាឡេស៊ីហ្នឹង ភាគច្រើនគឺមានជំងឺហ្នឹងឯង។ អ្នកណាព្យាបាលទាន់ គឺទាន់ អ្នកណាព្យាបាលមិនទាន់អាចនឹងមានវាសនាដូចក្មេង ស្រីណេត អ៊ីចឹង។ សូមបញ្ជាក់ថា រឿងនេះជារឿងមួយដែលយើងមានការព្រួយបារម្ភមែនទែន»។
ម្ដាយរបស់សពនាង កុយ លីដា ឬហៅថា ទូច ស្រីណេត គឺអ្នកស្រី ជា ណាន អាយុ ៤៧ឆ្នាំ មានមុខរបរអ្នកលក់នំបាញ់ឆែវ បាននិយាយនៅកន្លែងបុណ្យសពថា អ្នកស្រីក្រីក្រពេក ទើបបានបញ្ជូនកូនស្រីតែមួយទៅធ្វើការងារនៅប្រទេសម៉ាឡេស៊ី ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ប៉ុន្តែអ្នកស្រីបានទទួលការខកចិត្តទៅវិញ។
អ្នកស្រី ជា ណាន៖ «ដោយសារតែខ្ញុំអត់មានដីមានផ្ទះនៅ ដើម្បីទៅពីរនាក់ម៉ែកូន ចង់បានផ្ទះ និងដីនៅ អត់មានទៅមកវិញឈឺទាំងម៉ែ និងកូនទាំងអស់។ មានអារម្មណ៍ស្ដាយកូនយ៉ាងខ្លាំង កូនស្រីមានតែមួយហ្នឹង។ កូនបីនាក់ បួសមួយ នៅអាល្អិតតូចមួយទៀត។ បញ្ចុះ បានលុយគេជួយពីពេទ្យ ដឹកឡានដឹកសាកសពពេទ្យកាល់ម៉ែត គេអត់យកលុយទេ។ ខ្ញុំសោកស្ដាយយ៉ាងខ្លាំង ព្រោះកូនស្រីខ្ញុំមានតែមួយស្ដាយណាស់»។
ទាក់ទងនឹងបញ្ហានេះ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកឧត្ដមសេនីយ៍ត្រី ជីវ ផល្លី បានមានប្រសាសន៍ថា សមត្ថកិច្ចកំពុងតែចាត់សំណុំរឿងនេះយ៉ាងម៉ត់ចត់៖ «អង្កេតគេកំពុងទៅពេទ្យ ហើយកំពុងតែទៅខាងក្រុមគ្រួសារ ដើម្បីប្រមូលព័ត៌មាន យើងអត់ព្រងើយកន្តើយទេ ទាំងឯកឧត្ដមប្រធាននាយកដ្ឋាន ឯកឧត្ដមប្រធានកណ្ដាល លោកជំទាវអគ្គរង យើងកំពុងតែជួយ។ ខាងមន្ត្រីជំនាញកំពុងតែចុះដើម្បីប្រមូលព័ត៌មាន»។
លោក មឿន តុលា បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះមានពលការិនីខ្មែរចំនួន ១៥នាក់ ហើយបានស្លាប់នៅប្រទេសម៉ាឡេស៊ី និងក្រោយពីវិលត្រឡប់មកដល់ប្រទេសកម្ពុជា វិញនៅចន្លោះឆ្នាំ២០១១ និងឆ្នាំ២០១២។
ក្រៅពីនេះ មជ្ឈមណ្ឌលអប់រំច្បាប់សំរាប់សហគមន៍ បានទទួលពាក្យបណ្ដឹងជាច្រើនករណីទៀតពីក្រុមគ្រួសារពលការិនីនៅប្រទេសម៉ាឡេស៊ី អំពីការធ្វើទារុណកម្មបង្អត់អាហារ ការចាប់រំលោភសេពសន្ធវៈ និងការបាត់ខ្លួនគ្មានមូលហេតុជាដើម៕
No comments:
Post a Comment
yes