លោក ជាម យៀប មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានថ្លែងក្នុងពិធីសំណេះសំណាលមួយកាលពីថ្ងៃម្សិលមិញថា កិច្ចព្រមព្រៀងរវាងគណៈកម្មាធិការព្រំដែនកម្ពុជាជាមួយនឹងយួនក្នុងការដោះដូរភូមិខ្មែរ និងយួននៅតាមបណ្តោយព្រំដែនមិនបានធ្វើឲ្យបាត់បង់ទឹកដីឡើយ។
លោក ជាម យៀប បាននិយាយថា ការដោះដូរភូមិនៅតាមបណ្តោយព្រំដែនតាមកិច្ចព្រមព្រៀងជាមួយប្រទេសវៀតណាមគឺជារឿងធម្មតាមួយ។ ហើយថា កន្លងទៅយើងមិនទាន់ដឹងថា ភូមិណាស្ថិតនៅក្នុងទឹកដីខ្មែរ និងភូមិណាស្ថិតក្នុងទឹកដីវៀតណាម ប៉ុន្តែនៅពេលយកផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិមកវាស់វែងលើដីជាក់ស្តែង បន្ទាត់ព្រំដែនអាចនឹងមានចេញចូលទៅទឹកដីខាងណាមួយខ្លះជាមិនខាន។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ គណៈកម្មាធិការព្រំដែនកម្ពុជារបស់លោក វ៉ា គឹមហុង បានឲ្យដឹងថា ការចរចាដោះដូរភូមិនៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និងវៀតណាមជិតបញ្ចប់ហើយ។ ដោយថា ភូមិដែលត្រូវអនុវត្តដោះដូរមុនគេ គឺជាភូមិកំណើតរបស់លោក ហេង សំរិន ប្រធានរដ្ឋសភាជាតិស្ថិតក្នុងស្រុកពញាក្រែក ខេត្តកំពង់ចាម។
បញ្ហាដោះដូរភូមិខ្មែរជាមួយយួននេះ បានធ្វើឲ្យមានប្រតិកម្មខ្លាំងក្លាពីសំណាក់អង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងនៅកម្ពុជា ដោយបានធ្វើការចោទប្រកាន់រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃថា បានធ្វើឲ្យបាត់បង់ទឹកដីខ្មែរទៅយួន៕
No comments:
Post a Comment
yes