ដាម៉ាស្កូស៖ ប្រេសិតសន្តិភាព លោក កូហ្វី អាណាន់ បាននិយាយ កាលពីថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ ២០១២ កន្លងទៅនេះថា ប្រទេសស៊ីរី បានប្រមាថយ៉ាងធ្ងន់ធ្ងរ ទៅលើដំណោះស្រាយនានា របស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ដោយប្រទេសនេះ បានបង្កនូវការសម្លាប់រង្គាល មនុស្សយ៉ាង កម្រោលមិនធ្លាប់មាន នៅក្រុងភូមិត្រេអ៊ីមសា អស់ជាង ១៥០នាក់ ដែលប្រការនេះ ក៏ត្រូវបានលោកអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ ហៅដែរថា ជាអំពើដែលហួសហេតុ រកអ្វីថ្លែងមិនបាន។
គេហទំព័រព័ត៌មាន Channel News Asia បានចេញផ្សាយ នៅថ្ងៃសៅរ៍ ទី១៤ ខែកក្កដា នេះទៀតថា មនុស្ស ១៥០នាក់បានស្លាប់ ដែលប្រការនេះ ក្រុមប្រឆាំងបាន ចោទប្រកាន់ ទៅលើកងកម្លាំងរដ្ឋាភិបាល ជាអ្នកប្រព្រឹត្ត។ ដោយឡែករដ្ឋាភិបាលស៊ីរី វិញ បានច្រានចោលនូវការចោទប្រកាន់នេះ ដោយថាវាជាការប៉ះទង្គិចគ្នា ជាមួយនឹងក្រុមឧទ្ទាមតែប៉ុណ្ណោះ។
ចំពោះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនវិញ បានអំពាវនាវឲ្យមានបទឈប់បាញ់គ្នា ជាបន្ទាន់ ដើម្បីអនុញ្ញាត ដល់បេសកកម្មអង្កេតការណ៍ របស់អង្គការសហប្រជាជាតិ ចូលទៅកាន់ភូមិ ត្រេអ៊ីមសា ស្ថិតភាគកណ្តាល ខេត្តហាម៉ា ដែលទើបតែកើតមានការបង្ហូរឈាមគ្នានោះ។
គួរបញ្ជាក់ផងដែរថា ការសម្លាប់ រង្គាលយ៉ាងកម្រោល កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះបានរំលោភបំពាន យ៉ាងធ្ងន់ធ្ងរទៅលើផែនការ សន្តិភាពរបស់ អង្គការសហប្រជាជាតិ ដោយពេលនេះអន្តរជាតិ បានអំពាវនាវឲ្យដាក់ទណ្ឌកម្មយ៉ាង ធ្ងន់ធ្ងរមិនអាចលើកលែងបានទៅលើប្រទេសស៊ីរី ។
បេសកកម្មអង្កេតការណ៍ របស់អង្គការសហប្រជាជាតិ នៅប្រទេសស៊ីរី ដែលហៅកាត់ថា UNSMIS បានរាយការណ៍ថា រដ្ឋាភិបាលស៊ីរី បានប្រើប្រាស់នូវ កាំភ្លើងធំ, រថក្រោះ, ឧទ្ធម្ភាគចក្រ, និង សព្វាវុធ ដទៃទៀត ដែលប្រការនេះ ជាការរំលោភទៅហើយ ទៅលើការប្តេជ្ញារបស់រដ្ឋាភិបាលស៊ីរីខ្លួនឯង ដើម្បីអនុវត្តទៅតាម ផែនការសន្តិភាពនោះ៕
No comments:
Post a Comment
yes