Thursday, July 12, 2012

ស្ត្រី​ត្រូវ​ជំរុញ​ក្នុង​វេទិកា​មួយ​ឲ្យ​ចូល​រួម​ក្នុង​ឆាក​នយោ​បាយ

120712_05
«ទៅធ្វើ​នយោបាយ​ឯ​ណាកើតបើ​រក​តែ​ផ្ទះ​នៅគ្មាន​!»
 ក្រុម​ស្ត្រី​​​នៅ​បុ​រីកីឡាតវ៉ា​រក​ផ្ទះនៅ​សម​រម្យ
ភ្នំពេញៈ គណបក្ស​នយោបាយ​ចាំបាច់​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​ជំរុញ តំណាង​ជា​ស្ត្រី​នៅ​លើ​ឆាក​នយោបាយ។ នេះ​បើ​យោង​តាម​តំណាង​គណបក្ស និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង កិច្ច​ប្រជុំ​តុ​មូល​មួយ​។
គោល​ដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុជា​មាន​គោល​ដៅ​ផ្តល់​អាសនៈ​ក្រុម ប្រឹក្សា​ឃុំ​-​សង្កាត់​ចំនួន ៣៥​ភាគ​រយ​ទៅ​ដល់​ស្ត្រី​នៅ​ត្រឹម​ឆ្នាំ​២០១៥។ ប៉ុន្តែ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​នា​ឆ្នាំ​នេះ លទ្ធ​ផល​គឺ​ស្ត្រី​ទទួល​បាន​អាសនៈ​មិន​ដល់ ១៨ ភាគ​រយ​នៃ​អាសនៈ​សរុប​ផង។
អ្នកស្រី រស់ សុភាព នាយក​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​បាន​ថ្លែង​ថា៖​«សង្គម​យើង​ពុំ​ឃើញ​ប្រយោជន៍​ពី​ ការ​ដែល​ស្ត្រី​ចូល​រួម​នៅ​ក្នុង​ឆាក​នយោបាយ​ឡើយ»។ អ្នកស្រី​បន្ត​ថា ស្ត្រី​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​បញ្ហា​អប់រំនិង​កុមារ ហើយ​ប្រទេស​នេះ​ពុំ​មាន​បេក្ខ​ភាព​នារី​មាន​សមត្ថ​ភាព​ច្រើន​ឡើយ។
នាង តឹក លឹម បាន​បង្ហាញ​ថា ខ្លួន​ជា​អ្នក​នយោបាយ​ស្ត្រី​ប្រកប​ដោយ​សមត្ថ​ភាព​ក្នុង​ចំ​ណោម​ពួក​គេ។ ស្ត្រី​មេ​ឃុំ​អម​លាំង​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ រូប​នេះ​មាន​អាយុ​២៥ឆ្នាំ​។

នាង តឹក លឹម បាន​បញ្ជាក់​ថា៖​«ខ្ញុំ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​រឿង​នយោបាយ​ទេ ពេល​នោះ​យើង​ប្រឈម​នឹង​ការ​ទន្ទ្រាន​ដណ្តើម​ដី»។ ស្ត្រី​វ័យ​ក្មេង​ជា​ជន​រង​គ្រោះ​ពី​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​របស់ ​រដ្ឋា​ភិបាល​រូប​នេះ​ក្រោយ​មក​បាន​ចូល​រួម​ជាមួយ​គណបក្ស សម រង្ស៊ី ធ្វើ​ការ​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​អ្នក​ភូមិ ទី​បំផុត​បាន​ជោគ​ជ័យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខែ​មុន។
ក្នុង​ចំណោម​គណបក្ស​នយោ​បាយ​ ៧ ដែល​ទទួល​បាន​អាសនៈ​ក្នុង​ការ​បោះ​ឆ្នោត​នោះ គណបក្ស​ប្រជាជន​កម្ពុជា​កាន់​អំណាច​មាន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​-​ សង្កាត់​ស្ត្រី​ជាង​២១​ភាគ​រយ ជា​ភាគ​រយ​ខ្ពស់​ជាង​គេ។ គណបក្ស សម រង្ស៊ី មាន ១១ភាគ​រយ​ខណៈ​គណ​បក្ស​ដទៃ​ទៀត​មាន​តំណាង​ជា​ស្ត្រី​តិច​តួច​តែ​ប៉ុណ្ណោះ។
សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា អ្នកស្រី ពេជ្រ ស្រីភូ ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​មួយ​ក្នុង​ខេត្ត​ពោធិ៍​សាត់។ អ្នកស្រី​លើក​ឡើង​ថា ជោគ​ជ័យ​របស់​ស្ត្រី​ក្នុង​ជួរ​គណបក្ស​គឺ​មក​ពី​ជំនាញ​ទំនាក់​ទំនង​ល្អ ការ​ស្តាប់ និង​ឆ្លើយ​តប​ចំពោះ​ម្ចាស់​បោះ​ឆ្នោត ហើយ​និង​មាន​តម្លា​ភាព​នៅ​ក្នុង​ស្ថាប័ន ប៉ុន្តែ ទាំង​តំណាង​មក​ពី​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច និង​គណបក្ស​សិទ្ធិ​មនុស្ស​យល់​ថា គណបក្ស​ប្រជាជន​នាំ​មុខ ដោយ​សារ​តែ​មាន​ធន​ធាន​ច្រើន​ទៅ​វិញ​។
ក្នុង​បណ្តា​ខេត្ត​ទាំង ២៤ មាន​តែ​ខេត្ត​ប៉ៃលិន​ទេ ​ដែល​សម្រេច​បាន​គោល​ដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុជា ដោយ​មាន​ស្ត្រី​ជិត ២៩​ ភាគ​រយ នៅ​ក្នុង​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​របស់​ខ្លួន។
តំណាង​ជា​ច្រើន​លើក​ឡើង​ថា វប្បធម៌​ជា​កត្តា​មួយ​ដែល​រាំង​ស្ទះ​អ្នក​នយោបាយ​ស្ត្រី ខណៈ​លើ​ឆាក​នយោបាយ គេ​នៅ​តែ​ពុំ​សូវ​ឃើញ​ស្ត្រី​ហ៊ាន​ធ្វើ​នយោបាយ។
អ្នកស្រី ពេជ្រ ស្រីភូ បន្ត​ថា ​អ្នកស្រី​បាន​លែង​លះ​ជាមួយ​ប្តី ដោយសារ​តែ​អ្នកស្រី​ឈរ​ឈ្មោះ​បោះ​ឆ្នោត ហើយ​ថា៖ ​«ប្តី​ខ្ញុំ​ឲ្យ​ខ្ញុំ​នៅ​តែ​ផ្ទះ​បាន​ហើយ»។
អ្នកស្រី​បន្ត​ថា ការ​ដំឡើង​ប្រាក់​ខែ​ឲ្យ​អ្នក​នយោបាយ​ស្ត្រី​ជា​វិធី​មួយ​ជំរុញ​ឲ្យ​ស្ត្រី ​​ចូល​រួមក្នុង​ឆាក​នយោបាយ។ កម្រិត​ប្រាក់​ខែ​​ប្រមាណ​១០​ម៉ឺន​រៀលនោះ​គឺ​តិច​ឆ្ងាយ​ពី​ប្រាក់​ប្តី​បាន ឲ្យទៅ​ពួកគេ ដើម្បី​ឲ្យ​ធ្វើការនៅ​ផ្ទះ៕ 

No comments:

Post a Comment

yes