Thursday, July 12, 2012

មន្ត្រី​ថា ដីស្រែ​ខ្មែរ​ច្រើន​ទៀត​ត្រូវ​កាត់​ដូរ​ជា​មួយ​វៀត​ណាម​


ភ្នំពេញៈ មន្រ្តី​រដ្ឋា​ភិបាល បាន​និយាយ​ថា មិន​មែន​មាន​តែ​ភូមិ​ពីរ នៅ​ក្នុង​ស្រុក​ពញា​ក្រែក​នោះ​ទេ ​ដែល​នឹង​ត្រូវ​ដោះ​ដូរ​ជា​មួយ​វៀត​ណាម ប៉ុន្តែ​ដី​ស្រែ​ខ្មែរ​ផ្សេង​ទៀត ក៏​នឹង​ត្រូវ​កាត់​ដោះ​ដូរ​ជាមួយ​វៀត​ណាម​ផង​ដែរ​។
លោក វ៉ា គឹម​ហុង ​ទេស​រដ្ឋ​មន្រ្តី​ ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​របស់​រដ្ឋាភិបាល ថ្លែង​កាល​ម្សិល​មិញ​ថា ការ​ដោះ​ដូរ​ដី​ជាមួយ​នឹង​វៀត​ណាម កម្ពុជា នឹង​កាត់​ដី​ស្រែ​របស់​ខ្លួន នៅ​ខេត្ត​កំពង់​ចាម ទៅ​ឲ្យ​វៀត​ណាម នៅ​ពេល​ដែល​ភាគី​ទាំង​ពីរ បាន​រក​ឃើញ​ថា តំបន់​ដី​ស្រែ​ណា​ខ្លះ​របស់​វៀត​ណាម ចូល​ក្នុង​ទឹក​ដី​ខ្មែរ។
លោកបាន​ថ្លែង​បន្ត​ថា​៖ ​«វា​មិន​មែន​ត្រឹម​តែ​ភូមិ​ថ្លុក​ត្រាច និង​ភូមិ​អន្លង់​ជ្រៃ​ប៉ុណ្ណោះ​ទេ មាន​ទី​កន្លែង​ច្រើន​ថែម​ទៀត​ដែល​ដី​ស្រែ​របស់​យើង ចូល​ក្នុង​ទឹក​ដី​វៀត​ណាម ជា​ទី​ដែល​យើង កំពុង​តែ​កាន់​កាប់ យើងនឹង​ទុក​វា​ឲ្យ​ពលរដ្ឋ​របស់​យើង ដើម្បី​បន្ត​ធ្វើ​ស្រែ​ចម្ការ​។ តែ​យើងត្រូវ​តែ​រក ដី​ស្រែ​ណា​ ហើយ​យើងនឹង​ចរចា ប្រសិន​បើ​ពួក​គេត្រូវ​ការ​ដី​ហ្នឹង ឬ​កន្លែង​ណា​មួយ​ យើង​ដូរ​គ្នា​ក្នុង​ខេត្ត​ជា​មួយ​គ្នា»។
ប៉ុន្តែ​លោក វ៉ា គឹម​ហុង បាន​បញ្ជាក់​ថា ការ​ដោះ​ដូរ​នេះ អាច​ធ្វើ​បាន​ទាល់​តែ​យើង​មាន​កិច្ច​ព្រម​ព្រៀង​ជា​មុន​សិន និង​ការ​ចរចា​សម​ស្រប​រវាង​ប្រទេស​ទាំង​ពីរ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​លោក មិន​បាន​ប្រាប់​អំពី​កាល​បរិច្ឆេទ​ជាក់​លាក់ នៃ​ការ​ដោះ​ដូរ​ភូមិ និង​ដីស្រែនេះ​ទេ​ ហើយ​លោក ក៏​មិន​បាន​បញ្ជាក់​ពី​តំបន់​ដី​ស្រែ​ណា​មួយ​ ដែល​នឹង​ត្រូវ​ប្រគល់​ឲ្យ​ទៅ​​វៀត​ណាម​ដែរ​ ​ដោយ​លោក គ្រាន់​តែ​និយាយ​ថា តំបន់​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​ដូច​គ្នា​តែ​ប៉ុណ្ណោះ​។

សម្រាប់​ការ​ដោះ​ដូរ​នេះ បក្ស​ប្រឆាំង និង​ក្រុម​សង្គម​ស៊ីវិល បាន​អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​ផ្អាក​ការ​សម្រេច​ចិត្ត​នេះ ​ដោយ​អះ​អាង​ថា ប្រសិន​បើ​រដ្ឋា​ភិបាល​កម្ពុជា សម្រេច​ដូរ​តំបន់​ណា​មួយ​ជា​មួយ​វៀត​ណាម ភាគី​ទាំង​ពីរ ត្រូវ​ពឹង​លើ​ផែន​ទី ដែល​គេ​ដាក់​តម្កល់​នៅ អ.ស.ប. មិន​មែន​ផ្អែក​ទៅ​លើ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ ២០០៥ នោះ​ទេ ហើយ​ត្រូវ​តែ​មាន​ការ​ចូល​រួម​ពី​គណ​បក្ស​នយោ​បាយ ក្រុម​សង្គម​ស៊ី​វិលនិង​សហ​គមន៍​អន្តរ​ជាតិ​។
សមាជិក​សភា និង​ជា​អ្នក​នាំ​ពាក្យ​គណ​បក្ស​សម រង្ស៊ី លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា​៖«​គណបក្ស​សម រង្ស៊ី សូម​ជំទាស់​ដាច់​ខាត​ចំពោះ​ការ​សម្រេច​ណា​មួយ​ដែល​កាត់​ដីខ្មែរ​ឲ្យ​ទៅ វៀត​ណាម​។ ព្រោះ​ដី​ទាំង​អស់ ជា​ដី​ខ្មែរ ​ហើយ​ដី​ដែល​ឲ្យ​ទៅ​វៀតណាម ក៏​ជា​ដីខ្មែរ វៀតណាម​ឲ្យ​ដី​ខ្មែរ​វិញ ក៏​ជា​ដី​ខ្មែរ​ទាំង​អស់»​។ លោក​បន្ថែម​ទៀត​ថា សន្ធិ​សញ្ញា​បន្ថែម ដែល​បាន​អនុម័ត​ដោយ​សភា​ជាតិ​នៅ​ឆ្នាំ​២០០៥ និង​សន្ធិសញ្ញា​ទសវត្សរ៍​ឆ្នាំ​១៩៨០ ​គណ​បក្ស​សម​ រង្ស៊ី មិន​ដែល​គាំទទួល​ស្គាល់​ទេ។
លោក រ៉ុង ឈុន សមា​ជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​ហៅ​គម្រោង​នៃ​ការ​ដោះ​ដូរ​ដី​ភូមិ និង​ដី​ស្រែ​នៅ​តាម​ព្រំ​ដែន​នេះថា ជា​ការ​យក​ដី​ខ្មែរ និង​ដី​ខ្មែរ​ ដូរ​ឲ្យ​ទៅ​វៀត​ណាម តែ​តាម​ពិត​ សុទ្ធ​តែ​ជា​ដី​ខ្មែរ​ទាំង​អស់៕ NR

No comments:

Post a Comment

yes