សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, July 12, 2012

អាជ្ញាធរ​ព្រះ​វិហារ​គំរាម​សកម្ម​ជន​មិន​ឲ្យ​ចូល​រួម​ក្នុង​វេទិកា​

120712_06a
សមត្ថ​កិច្ច​ទប់​ក្រុម​សកម្ម​ជន​ដែល​រុក​ល្បាត​ការ​ពារ​ព្រៃ​ឡង់​កាល​ពី​ពេល​កន្លង​មក​
ភ្នំពេញៈ ក្រុម​ស្រ្តី​ជា​សកម្មជន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ប្រចាំ​ស្រុក​ជ័យ​សែន បាន​អះ​អាង​ថា អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​គំរាម​ដាក់​ខ្នោះ​ពួក​គាត់ នៅ​មុន​ពេល​ប្រារឰ​វេទិកា​សាធារណៈ​មួយ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈ​ដែល​អាជ្ញាធរ​ខេត្ត​ព្រះវិហារ បដិសេធ​មិន​ទទួល​យក​លិខិត​ជូន​ដំណឹង​ពី​ការ​ធ្វើ​វេទិកា​នេះ។
អ្នក​ស្រី ព្រេង អាត អាយុ​ ៣៥​ឆ្នាំដែល​ជា​សកម្មជន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​ក្នុង​ឃុំ ស្អាង​ស្រុក​ជ័យ​សែន បាន​អះអាង​កាល​ពី​ម្សិល​មិញ​ថា ប៉ូលិស​ស្រុក​ជ័យ​សែន​បាន​គំរាម​ដាក់​ខ្នោះ​ពួក​គាត់​។
អ្នក​ស្រី​បន្ត​ថា៖​«គេ​រក​តែ​មុខ​អ្នក​រៀប​ចំ​ទេ ហើយ​គេ​ត្រៀម​ខ្នោះ​សម្រាប់​អ្នក​រៀប​ចំ​អស់​ហើយ»​។​អ្នក​ស្រី​បន្ថែម​ថា កន្លង​មក​ទាំង​អាជ្ញាធរ និង​ប៉ូលិស​មូល​ដ្ឋាន មិន​ពេញ​ចិត្ត​នឹង​អ្នក​ស្រី ដែល​ធ្វើ​ការ​ជា​សកម្មជន​សិទ្ធិ​មនុស្ស និង​សហគមន៍​ព្រៃឡង់​នោះ​ឡើយ​ដោយ​ពួក​អាជ្ញាធរ និង​ប៉ូលិស​បាន​អង្កេត​តាម​ដាន​សកម្ម​ភាព​របស់​អ្នក​ស្រី ក៏ដូច​ជា សកម្ម​ជន​ផ្សេងៗ​ទៀត។ អ្នក​ស្រី​បាន​ត្អូញ​ត្អែរ​ថា៖​ «រស់​នៅ​ក្នុង​មូល​ដ្ឋាន​យើង​ខ្ញុំ មាន​ការ​បារម្ភ​ពី​សុវត្ថិភាព​យើង​ណាស់​ព្រោះ​តែ​យើង​ជា​សកម្មជន​សិទ្ធិ មនុស្ស​ធ្វើ​ការ​ការពារ​ដីធ្លី​ព្រៃ​ឈើ​យើង​កុំ​ឲ្យ​បាត់​បង់។ រាល់​ថ្ងៃ​នេះ​មាន​ការ​កាប់​ឈើ និង​ដឹក​ឈើ អនា​ធិប​តេយ្យ​ណាស់»​។

អ្នក​ស្រី ឈឹម សុខា អាយុ ៤០​ឆ្នាំ ដែល​ជា​សកម្មជន​សិទ្ធិ​មនុស្ស​ម្នាក់​ទៀត​ក៏​បាន​អះ​អាង​ផង​ដែរ​ថា ពិត​ជា​មាន​ការ​គំរាម​ដាក់​ខ្នោះ​ពី​សំណាក់​ប៉ូលិស​មូល​ដ្ឋាន​នោះ​មែន​។ ការ​គំរាម​បែប​នេះ គឺ​មិន​ចង់​ឲ្យ​អ្នក​ស្រី និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ចូល​រួម​វេទិកា​របស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​។
អ្នក​ស្រី​ថ្លែង​ថា​៖«ខ្ញុំមិន​ខ្លាច​ទេ ធ្វើ​ការ​ដើម្បី​ការពារ​ប្រយោជន៍​រួម​ដូច​នេះ​។ បើ​គេ​ចាប់​ខ្ញុំ​ដាក់​គុក​ក៏​ចាប់​ទៅ​ចុះ​។ ខ្ញុំ​ស្ម័គ្រ​ចិត្ត​ធ្វើ​ដោយ​ខ្លួន​ឯង​គ្មាន​បាន​ប្រាក់​ខែ​អី​ទេ»។
លោក សាត់ យ៉ន​ អធិការ​នគរ​បាល​ស្រុក​ជ័យ​សែន បាន​បដិសេធ​ថា មិន​មាន​ការ​គំរាម​កំហែង​ណា​មួយ​ពី​អាជ្ញាធរ និង​នគរ​បាល​មូល​ដ្ឋាន ដល់​សកម្ម​ជន​សិទ្ធិ​មនុស្ស​ទាំង​នោះ​ទេ។​ លោក​បាន​លើក​ឡើង​ថា ​ប្រជា​ពលរដ្ឋ​ចេះ​តែ​យល់​ច្រឡំ​ថា​ គេ​គំរាម​កំហែង​នៅ​ពេល​ដែល​អាជ្ញាធរ​ ឬ​ប៉ូលិស​ទៅ​សួរ​នាំ​។ លោក​ថ្លែង​ថា​៖«មិន​មាន​ការ​គំរាម​ដាក់​ខ្នោះ​ច្រវាក់​អី​នោះ​ទេ។​ គ្រាន់​តែ​កន្លង​មក យើង​ទៅ​សួរនាំ​ នៅ​ពេល​មាន​អ្នក​ប្លែក​មុខ​ចូល​ស្រុក​។ យើង​ត្រូវ​ការ​ធ្វើ​បែប​នេះ ព្រោះ​ដើម្បី​ការ​ពារ​សន្តិសុខ​ឬ​សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ​ក្រែង​លោ វា​មាន​ជន​បោក​ប្រាស់​»។
លោក ​សាត់ យ៉ន​បាន​បន្ថែម​ថា​អាជ្ញាធរ​មូល​ដ្ឋាន​ មិន​ដែល​រំខាន​ដល់​វេទិកា​សាធា​រណៈ​ណា​មួយ​នោះ​ទេ ឲ្យ​តែ​វេទិកា​នោះ​មាន​ការ​អនុញ្ញាត​ត្រឹម​ត្រូវ​។ លោក​បន្ត​​ថា​លោក​គ្រោង​នឹង​បញ្ជូន​កម្លាំង​ប៉ូលិស​ ៤ ឬ ៥ នាក់​ឲ្យ​ទៅការ​ពារ​សន្តិ​សុខ​នៅ​ពេល​ប្រារឰ​វេទិ​កា​សាធារណៈ​នៅ​ថ្ងៃ​ នេះ​។
សា​លា​ខេត្ត​ព្រះវិហារ​ កាល​ពី​ថ្ងៃ​ទី​ ៣ ខែ​កក្កដា បាន​ប្រាប់​ទៅ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​តាម​រយៈ​លិខិត​មួយ​ច្បាប់ ថា​៖«​ដោយ​គ្រាន់​តែ​ធ្វើ​លិខិត​ជូន​ដំណឹង​ជូន​អភិបាល​ខេត្ត អាជ្ញា​ធរ​ខេត្ត​ពុំ​អាច​ទទួល​យក​បាន​ទេ​ គឺ​ត្រូវ​ធ្វើ​សំណើ​វិញ​ ទើប​យើង​ខ្ញុំ​អាច​យក​សំណើ​នោះ​មក​ពិនិត្យ​ពិចារ​ណា​បាន​»​។
លោក​ឈឹម សាវុធ​មន្ត្រី​សម្រប​សម្រួល​គម្រោង​បណ្តុះ​បណ្តាល​និង​វេទិកា​សាធារណៈ នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ថ្លែង​ថា ការ​បដិសេធ​របស់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​នេះ គឺ​យោង​តាម​ស.ជ.ណ​មួយ របស់​ក្រសួង​មហា​ផ្ទៃ​ចុះ​ថ្ងៃ​ទី​០៦ ខែ​កក្កដា​ឆ្នាំ​១៩៩៤ ដោយ ស.ជ.ណ នេះ​បាន​តម្រូវ​ឲ្យ​សមាគម​ណា​ដែល​គ្មាន​ស្នាក់​ការ នៅ​ក្នុង​ខេត្ត​ដែល​ចង់​ធ្វើ​វេទិកា​ផ្សេងៗ ត្រូវ​ធ្វើ​សំណើ​ទៅ​អាជ្ញាធរ​ខេត្ត។ ប៉ុន្តែ​សមាគម​ណា ដែល​មាន​ស្នាក់​ការ​នៅ​ក្នុង​ខេត្ត​នោះ គឺ​គ្រាន់​តែ​ធ្វើ​លិខិត​ជូន​ដំណឹង​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​លោក​ឈឹម​ សាវុធ អះអាង​ថា ស.ជ.ណ នោះ ​ត្រូវ​បាន​និរាក​រណ៍​ចោល​ទៅ​ហើយ បន្ទាប់ពី​ច្បាប់​ស្តី​ពីការ​ធ្វើ​បាតុកម្ម បាន​ចូល​ជាធរ​មាន​កាល​ពី​ឆ្នាំ​ ២០០៩។ លោក​បាន​បញ្ជាក់​ថា​៖«ទោះ​បី​ជា​អាជ្ញាធរ​មូល​ដ្ឋាន ​និង​ខេត្ត មិន​ឲ្យ​ធ្វើ​យ៉ាង​ណាក្តី​ ក៏យើង​នៅ​តែ​ធ្វើ​ដែរ​ ព្រោះ​ប្រជា​ពលរដ្ឋ​ស្រេក​ឃ្លាន​ចំណេះ​ដឹង​ផ្នែក​ច្បាប់​នេះ​ខ្លាំង​ណាស់​ ហើយ​កន្លង​មក ​អាជ្ញាធរ​បាន​គាប​សង្កត់​ពួក​គាត់​ ដោយ​យល់​ថា​ពលរដ្ឋ​មិន​ចេះ​ច្បាប់​»។ បើ​តាម​លោក សាវុធ​ប្រជា​ពល​រដ្ឋ​ពី​ ២០០ ទៅ ៣០០​នាក់​នឹង​ចូល​រួម​វេទិកា​នេះ​ ដែល​រួម​ទាំង​ប្រជា​ពលរដ្ឋ​ ជា​បណ្តាញ​សហគម​ព្រៃឡង់​ មក​ពី​ខេត្ត​ផ្សេងៗ​ផង​ដែរ​។ ពួក​គាត់​បាន​ធ្វើ​ដំណើរ​កាត់​ព្រៃ​ស្ទើរ​ពេញ​មួយ​ថ្ងៃ​ ដើម្បី​តែ​ចូល​រួម​វេទិកា​ដ៏​​មាន​សារ​ប្រយោ​ជន៍​នេះ​។
លោក​ខូយ ​ឃុន​ហ័រ​ នាយក​រដ្ឋ​បាល សា​លា​ខេត្ត​ព្រះវិ​ហារ មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិប្បាយ​បាន​ទេកាល​ពី​ម្សិល​មិញ៕

No comments:

Post a Comment

yes