កំពត ៖ ផ្ទៃដីព្រៃចំនួន១៨ហិកតាជាដីរដ្ឋត្រូវបានជនខិលខូចម្នាក់ឈ្មោះ ស្វាយ សូផាត បានដាក់គ្រឿងចក្រឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិ ឆ្លៀតឱកាសខណៈពេលសម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាលេខ០១ដាក់ឲ្យអាជ្ញាធរនាំគ្នាចុះអនុវត្តវាស់វែងដីជូនប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលចាប់ពី៥ឆ្នាំត្រូវបែងចែកឲ្យបានច្បាស់ដីរដ្ឋនិងដីក្រុមហ៊ុន។
តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថាគ្រឿងចក្រដែលគេយកមកឈូសឆាយដីព្រៃនេះគឺលោក ស្វាយ សូផាត មេបញ្ជាការវរសេនាតូចលេខ៣១២បានដាក់គ្រឿងចក្រឈូសទន្ទ្រាន៤ទៅ៥ថ្ងៃមកហើយ ដោយឲ្យកូនចៅឈ្មោះ ភន ភក្ដី នៅឈរចាំកាងគ្រឿងចក្រឈូសរំលោភដីព្រៃដើម្បីសុំឲ្យជំនាញចេញប្លង់កម្មសិទ្ធិដូចប្រជាពលរដ្ឋដែរ។ ពលរដ្ឋខាងលើបានបញ្ជាក់ទៀតថាគេបានឃើញមន្ត្រីជំនាញចុះហាមឃាត់មិនឲ្យឈូសឆាយដីព្រៃនោះដែរប៉ុន្ដែលោក ស្វាយ សូផាត មិនស្ដាប់ជំនាញឡើយនៅតែបញ្ជាគ្រឿងចក្រឲ្យឈូសដដែល។
មន្ត្រីរដ្ឋបាលព្រៃឈើបានអះអាងថាដីលោក ស្វាយ សូផាត កំពុងធ្វើសកម្មភាពដាក់គ្រឿងចក្រឈូសឆាយនេះស្ថិតនៅក្នុងភូមិតាកែន ឃុំតាកែន ស្រុកឈូក ខេត្តកំពតគឺជាដីរបស់រដ្ឋគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើទោះបីជាជំនាញបានចុះហាមឃាត់យ៉ាងណាក៏ដោយលោក ស្វាយ សូផាត មិនព្រមបញ្ឈប់សកម្មភាពឈូសឆាយឡើយ។ជុំវិញករណីឈូសឆាយទន្ទ្រានយកដីព្រៃរដ្ឋដើម្បីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន នេះគឺជាទង្វើល្មើសច្បាប់ទាំងស្រុងហើយផ្ទៃដីលោក ស្វាយ សូផាត ទន្ទ្រាននេះចំនួន១៨ហិកតាគឺដីព្រៃសុទ្ធរបស់រដ្ឋ។ចំណែកលោក ស៊ឹម ឡាប័ង នាយខណ្ឌរដ្ឋបាលព្រៃឈើកំពតបានបញ្ជាក់ឲ្យដឹងយ៉ាងខ្លីថាលោកបានឲ្យមន្ត្រីជំនាញចុះទៅមើលហើយលោកសុំទោសលោកកំពុងជាប់រវល់បន្តិចសិនរីឯលោក ឃឹម ហម អភិបាលស្រុកឈូកកម្ពុជាថ្មីបានភ្ជាប់ទូរស័ព្ទសុំការបំភ្លឺករណីរំលោភដីរដ្ឋខាងលើលោកគ្រាន់តែឮសូររឿងដីធ្លីក៏បញ្ជាក់ថាជាប់រវល់ក៏បិតទូរស័ព្ទចោលដោយឡែកលោក ស្វាយ សូផាត ដែលជាមេបញ្ជាការវរសេនាតូចលេខ៣១២ដែលរងការចោទប្រកាន់ថាដាក់គ្រឿងចក្រឈូសទន្ទ្រានរំលោភយកដីរដ្ឋកម្ពុជាថ្មីមិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ ហើយកម្ពុជាថ្មីរង់ចាំបំភ្លឺគ្រប់ពេលចំពោះការចោទប្រកាន់នេះ៕
No comments:
Post a Comment
yes