ដោយ សួន សុផល មុន្នី
ការវិនិយោគដំណាំកសិឧស្សាហកម្មរបស់ក្រុមហ៊ុនចិនមួយ នៅលើផ្ទៃដីទំហំ ៦.០០០ ហិកតារ បានធ្វើឲ្យប៉ះពាល់ដល់ដីស្រែដីចម្ការរបស់ប្រជាពលរដ្ឋចំនួន ៨ ភូមិ។
ភូមិដែលប៉ះពាល់ខ្លះស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ និងភូមិមួយចំនួនទៀត នៅក្នុងខេត្តឧត្តរមានជ័យ។
កន្លងទៅនេះ ក្រុមអាជ្ញាធរបានសន្យាជួយដោះស្រាយដី ដែលមានប៉ះពាល់ជាមួយក្រុមហ៊ុនមិនឲ្យបាត់បង់ទេ។ ប៉ុន្តែ ការចុះអនុវត្តរបស់ក្រុមហ៊ុនជាក់ស្ដែងបានរំលោភបំពានលើដី ស្រែចម្ការរបស់អ្នកភូមិ ដែលបានកាន់កាប់បង្កបង្កើនផលអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ប្រជាពលរដ្ឋចំនួន ៨ ភូមិ នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ បានអំពាវនាវជាថ្មីម្ដង ទៀត សុំឲ្យរដ្ឋាភិបាលកម្ពុជា ចុះអន្តរាគមន៍ និងទប់ស្កាត់សកម្មភាពក្រុមហ៊ុនជាតិអភិវឌ្ឍន៍ ដែលបានឈូសឆាយរំលោភយកដីស្រែ ដីចម្ការរបស់ពួកគាត់ ដោយពុំមានការផ្ដល់សំណងសមរម្យណាមួយ ជូនអ្នកភូមិទេ រហូតមកទល់ពេលនេះ។
ក្រុមអ្នកភូមិជាច្រើននាក់ បញ្ជាក់ថា ក្រុមហ៊ុនជាតិអភិវឌ្ឍន៍ទទួលបានសិទ្ធិវិនិយោគលើដីសម្បទានសេដ្ឋកិច្ចទំហំ ៦.០០០ ហិកតារ ពីរាជរដ្ឋាភិបាល។ ទំហំដីរបស់ក្រុមហ៊ុននេះ នាំឲ្យប៉ះពាល់ដីស្រែចម្ការក្នុងភូមិចំនួន ៧០%។
កន្លងទៅនេះ ក្រុមអាជ្ញាធរបានបង្កើតគណៈកម្មការចុះបញ្ជីក្បាលដី ដើម្បីបូកសរុបលើដី ដែលបានប៉ះពាល់ឲ្យបានច្បាស់លាស់ ដើម្បីកាត់ចេញពីដីទំហំ ៦.០០០ ហិកតារ។ ប៉ុន្តែភាគីក្រុមហ៊ុន ពុំបានទទួលស្គាល់លិខិតបញ្ជាក់អត្តសញ្ញាណដី ហើយបន្តឈូសឆាយលើដីដំណាំរបស់ភូមិដដែល។
សមាគម អាដហុក បានឲ្យដឹងថា ដីស្រែដីចម្ការ និងដីភូមិឋានរបស់អ្នកស្រុកនៅស្ថិតនៅភូមិចំនួន ៨ ភូមិ។ ក្នុងនោះមានឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងឃុំអំពិល ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ សរុបមានផ្ទៃដីទំហំមានដីប៉ះពាល់ ២.៥៣០ ហិកតារ និងមានប្រជាពលរដ្ឋរងគ្រោះ ៣០៤ គ្រួសារ។ ដីស្រែ និងដីភូមិឋាន អ្នកភូមិបានចូលកាន់កាប់ តាំងពីឆ្នាំ ១៩៩៣ ក្រោយពីសម័យសមាហរណកម្មកំពុងរងផលប៉ះពាល់ដោយសារការវិនិយោគរបស់ក្រុមហ៊ុន។
លោកស្រី ជួរ ហេង អាយុជាង ៦០ឆ្នាំ បានថ្លែងថា ដំណាំឪឡឹកនៅក្នុងចម្ការរបស់គាត់ ត្រូវក្រុមហ៊ុន ដាក់គ្រឿងចក្រទៅឈូសបំផ្លាញចោល ដើម្បីយកដីគាត់ដាំដំឡូងមី។ លោកស្រីបញ្ជាក់ថា គាត់មានលិខិតបញ្ជាក់ការកាន់កាប់ដីពីអាជ្ញាធរស្រុកថ្មពួកដែរ តែគេមិនទទួលស្គាល់នោះឡើយ។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចសុំសេចក្ដីបញ្ជាក់ពីអាជ្ញាធរខេត្តបន្ទាយមានជ័យ និងភាគីក្រុមហ៊ុន ជាតិអភិវឌ្ឍន៍នេះបានទេ។
ប៉ុន្តែលោក អ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យធ្លាប់មានប្រសាសន៍ថា អាជ្ញាធរ និងក្រុមហ៊ុនបានឯកភាពគ្នា ក្នុងការចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលមានផលប៉ះពាល់ ពិតប្រាកដ ដើម្បីធ្វើអត្តសញ្ញាណកម្មដីឲ្យបានច្បាស់លាស់។
លោក អ៊ុង អឿន៖ «ក្នុងដី ៦.០០០ ហិកតារហ្នឹង ឲ្យគាត់អ្នកណាមានប៉ុន្មាន។ ប៉ុន្តែ យើងកាត់កន្លែងផ្សេងឲ្យដីនៅតំបន់នោះ។ ក្នុងដីហ្នឹងក្រុមហ៊ុនគេនៅតែប្រគល់ឲ្យគាត់ ប៉ុន្តែដូរកន្លែងសុខចិត្តឲ្យគាត់ទៅឈូសឆាយធ្វើស្រែចម្ការនៅខាងក្រោយទៀត។ យើងនៅតែឲ្យអ្នកនៅក្នុងនោះពិតប្រាកដមែន ក្នុង ៦.០០០ ហិកតារ គ្រាន់តែឈូសឆាយត្រង់ណា ឲ្យគាត់មួយខ្សែ ប្រមូលផ្ដុំគ្នាមួយក្រុមតែម្ដង។ គេឈូសត្រង់ណាមួយឲ្យទៅជាបូរីរបស់គាត់ ធ្វើផ្លូវធ្វើអណ្ដូងទឹកឲ្យគាត់»។
របាយការណ៍សមាគម អាដហុក បានបញ្ជាក់ថា ក្រុមហ៊ុននេះពុំបានសិក្សាវាយតម្លៃលើផលប៉ះពាល់របស់អ្នកភូមិទេ។ ក្រុមហ៊ុនមានតែឈ្មោះ។ ក្រោយពីទទួលបានសិទ្ធិពីរដ្ឋាភិបាលកម្ពុជា ក៏បានជួលបន្តទៅឲ្យអ្នកវិនិយោគជនជាតិចិន ដោយជ្រកក្រោមយីហោក្រុមហ៊ុនជាតិអភិវឌ្ឍន៍។
សមាគមបានបន្តថា ការផ្ដល់ដីវិនិយោគទៅឲ្យក្រុមហ៊ុនជាតិ អភិវឌ្ឍន៍នេះ ពុំបានធ្វើឡើងតាមគោលការណ៍ច្បាប់នៃការផ្ដល់សម្បទានសេដ្ឋកិច្ចទេ។ ប្រជាពលរដ្ឋបានអះអាងថា បានតាំងទីលំនៅឋានបង្កបង្កើនផលលើដីស្រែដីចម្ការនៅតំបន់នោះ យូរយារណាស់មកហើយ៕
No comments:
Post a Comment
yes