មន្ត្រីសង្គមស៊ីវិលមួយចំនួនបានកត់សម្គាល់ឃើញថា វត្តមានរបស់អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) នៅពេលនេះ ជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកចំពោះប្រជាជាតិអាស៊ាន។
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) [រូបពាក់អាវពណ៌បៃតង] ក្នុងដំណើរទស្សនកិច្ចនៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១០។
លោក ឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការអន្តរជាតិ លោកមានប្រសាសន៍ថា ដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍ ឬមកកម្ពុជា របស់រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លើកទីពីរនេះ ជាការផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់តែរឹងមាំ និងធ្វើឲ្យមានការយល់ចិត្តគ្នាឲ្យកាន់តែច្បាស់ រវាងតំបន់អាស៊ីអាគ្នេយ៍ ជាមួយសហរដ្ឋអាមេរិក។
លោក ឈាង វណ្ណារិទ្ធ៖ «យើងឃើញថា អ្នកស្រី ហ៊ីលឡារី គ្លិនតុន មកទស្សនកិច្ចនៅវៀតណាម ឡាវ ខ្មែរយើងដែរ។ ហើយឡាវនោះ រយៈពេលជាង៤០ឆ្នាំហើយ និយាយឲ្យចំទៅដែលរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកមកទស្សនកិច្ច ហើយវៀតណាមលើកទី៣ កម្ពុជាជាលើកទីពីរ»។
លោកបន្តថា គេមើលឃើញមានកត្តាបីយ៉ាងជាសំខាន់ជុំវិញដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍ របស់រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកនៅពេលនេះ។ ទីមួយ ការពង្រឹងទំនាក់ទំនង ទីពីរ ការពង្រឹងលើវិស័យសេដ្ឋកិច្ច និងបញ្ហានយោបាយ៖«ទោះបីទីផ្សារនៅកម្ពុជាយើង ឬប្រទេសនៅតំបន់អាស៊ាន មួយចំនួនមិនទាន់ធំក៏ដោយ ប៉ុន្តែសក្ដានុពលនៃការប្រើប្រាស់ នឹងមានការកើនឡើង ដោយសាសេដ្ឋកិច្ចរបស់យើងកំពុងមានកំណើន។ ដូច្នេះសហរដ្ឋអាមេរិកសម្លឹងមកផ្នែកសេដ្ឋកិច្ចមានសារសំខាន់ ដើម្បីជំរុញនូវការនាំចេញទំនិញពីសហរដ្ឋអាមេរិក មកតំបន់អាស៊ាន យើងនេះ»។
ដោយឡែកសម្រាប់កម្ពុជា គឺជាលើកទីមួយ ហើយក៏ជាឱកាសដ៏កម្រមួយដែលរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានដឹកនាំក្រុមអ្នកជំនួញកំពូលៗពីសហរដ្ឋអាមេរិក មកទស្សនកិច្ចនៅកម្ពុជានៅពេលនេះ។ គេរំពឹងថា អ្នកជំនួញទាំងនេះ នឹងមានការចាប់អារម្មណ៍ទៅលើពាណិជ្ជកម្ម សក្ដានុពលសេដ្ឋកិច្ចនៅកម្ពុជា។ ការដែលពួកគេបានមកឃើញនូវបរិយាកាសផ្សេងៗ នៅប្រទេសកម្ពុជាដោយផ្ទាល់នេះ វាអាចឆ្លុះបញ្ចាំងឲ្យពួកគេមានការជឿទុកចិត្តក្នុងការធ្វើជំនួញ ឬវិនិយោគនៅក្នុងប្រទេសនេះ។
ចំពោះក្នុងន័យនយោបាយ និងសន្តិសុខ គឺសំដៅធ្វើយ៉ាងណាឲ្យមានតុល្យភាពមួយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (Asia Pacific) ពីព្រោះបច្ចុប្បន្ននេះគេឃើញឥទ្ធិពលចិន កំពុងមានការរីកចម្រើនខ្លាំង។ ដូច្នេះសហរដ្ឋអាមេរិក ត្រូវតែត្រឡប់មកតំបន់អាស៊ាន ដើម្បីបង្កើតឲ្យមានតុល្យភាពយុទ្ធសាស្ត្រមួយ ដើម្បីធានាឲ្យមានសន្តិភាព និងសន្តិសុខយូរអង្វែង នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ស្របពេលគ្នានេះដែរ សហរដ្ឋអាមេរិកក៏បានយកចិត្តទុកដាក់ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងតំបន់អាស៊ាន។ ដោយសារគេចាត់ទុកបញ្ហានេះជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច ហើយវាអាចធានាបាននូវស្ថិរភាពនយោបាយសន្តិភាពនៅក្នុងតំបន់។ ប៉ុន្តែសម្រាប់អ្នកវិភាគលើបញ្ហាសង្គម និងគណបក្សនយោបាយហាក់មើលឃើញផ្ទុយពីនេះទៅវិញ។
លោក កែម ឡី ជាអ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍសង្គម មានប្រសាសន៍ថា វត្តមានរបស់អ្នកស្រី ហ៊ីលឡារី គ្លិនតុន និងអ្នកជំនួញពីសហរដ្ឋអាមេរិកមកកម្ពុជាលើកនេះ បានផ្ដោតទៅលើតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ជាងការគិតគូរមកលើប្រទេសកម្ពុជា ហើយវត្តមានរបស់អ្នកស្រីលើកនេះ ជាការគាប់ជួនដែលប្រទេសកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន។
លោក កែម ឡី៖ «ខ្ញុំគិតថា នយោបាយកម្ពុជា-អាមេរិក តូចណាស់។ ប៉ុន្តែ បើសម្រាប់វៀតណាម ហ្វីលីពីន ឬមួយ សម្រាប់ជួយជំរុញភូមា ដើម្បីឲ្យវៀតណាម ខ្មែរ ឡាវ ក្រឡេកមើលទៅភូមាទៅវិញ។ ហើយចំណុចមួយទៀត ដែលសំខាន់ ខ្ញុំវិភាគឃើញ សហរដ្ឋអាមេរិកមកនេះ គឺដើម្បីពិភាក្សាស៊ីជម្រៅជាមួយវៀតណាម និងហ្វីលីពីន ដែលមានទំនាស់ក្នុងមហាសមុទ្រចិន បើសិនជាចិនមានឥទ្ធិពលកាន់តែខ្លាំង តើអាមេរិកត្រូវចាប់វៀតណាម ឬហ្វីលីពីន យ៉ាងដូចម្តេច?»។
ដោយឡែកចំពោះកិច្ចការជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះ គេឃើញថា សហរដ្ឋអាមេរិកនៅតែមានតួនាទីសំខាន់ក្នុងរឿងនេះ ប៉ុន្តែគេពិបាកនឹងរំពឹងថានឹងមានការប្រែប្រួលទៅរកភាពប្រសើរឡើងនោះឡើយ។ នេះបើតាមការកត់សម្គាល់តាំងពីអ្នកស្រី ហ៊ីលឡារី គ្លិនតុន មកទស្សនកិច្ចនៅកម្ពុជាលើកទីមួយ កាលពីឆ្នាំ២០១០ រហូតមកដល់ពេលនេះ៖ «ដោយសារកម្ពុជាត្រូវការជំនួយពីចិនច្រើន ធម្មតាកាលណាចាប់ចិនហើយ ពិបាកនឹងចាប់សហរដ្ឋអាមេរិកណាស់»។
បញ្ហានេះដោយសារជំនួយចិនឥតសំណង ចំណែកជំនួយពីសហរដ្ឋអាមេរិកតែងតែមានចំណង។ ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចវិញ គេមើលឃើញថា កម្ពុជាមានលទ្ធភាពតិចតួចណាស់ក្នុងការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ដើម្បីដណ្ដើមការចាប់អារម្មណ៍ពីអ្នកវិនិយោគទុនរបស់សហរដ្ឋអាមេរិកនោះ។
បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ លោក សុខ ទូច មានប្រសាសន៍ថា ការវិនិយោគក្នុងរយៈពេលខ្លី ឬមុខជំនួញតិចតួចពីសហរដ្ឋអាមេរិកនោះ កម្ពុជាអាចមានលទ្ធភាពទៅរួច ប៉ុន្តែបើការវិនិយោគក្នុងរយៈពេលវែង ឬទ្រង់ទ្រាយធំដំ កម្ពុជាត្រូវការពេលវេលាវែងឆ្ងាយទៅមុខទៀត។ បញ្ហានេះ ដោយសារកម្ពុជានៅខ្វះកត្តាបីជាសំខាន់ គឺបញ្ហាស្ថិរភាពនយោបាយ ប្រព័ន្ធច្បាប់ បញ្ហាធនធានមនុស្ស ឬទីផ្សារ។
ចំពោះបញ្ហាច្បាប់ កម្ពុជាពុំទាន់មានច្បាប់មួយរឹងមាំនៅឡើយ ហើយវប្បធម៌គោរពច្បាប់ ឬយកច្បាប់ជាធំនោះ ក៏នៅមានកម្រិតនៅឡើយ។ កម្ពុជាពុំទាន់មានច្បាប់ពាណិជ្ជកម្ម និងតុលាការពាណិជ្ជកម្មនៅឡើយ ហើយនេះជាឆ្អឹងខ្នងនៃការទាក់ទាញអ្នកវិនិយោគបរទេស និងនៅមានបញ្ហាជាច្រើនទៀត ដូចជា តម្លៃអគ្គិសនីដែលនៅមានតម្លៃខ្ពស់ជាងប្រទេសជិតខាងនៅឡើយ។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិក ការិយាល័យនាំពាក្យនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានចេញថ្លែងការណ៍មួយ កាលពីថ្ងៃទី១១ កក្កដា ដើម្បីបញ្ជាក់ពីជំហររបស់ខ្លួន។
សេចក្ដីថ្លែងការណ៍នោះ បានឲ្យដឹងថា ឆ្នាំ២០១២ នេះ ជាខួបលើកទី៣៥ នៃថ្ងៃបង្កើតទំនាក់ទំនងរបស់អាមេរិក និងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍។ ទំនាក់ទំនងរបស់អាមេរិកបើកទូលាយផ្អែកទៅលើពហុជាតិពន្ធ និងយុទ្ធសាស្ត្រ។ ជុំវិញសហប្រតិបត្តិការនេះ បានឆ្លងកាត់គោលនយោបាយសន្តិសុខ សេដ្ឋកិច្ច និងពហុវប្បធម៌សហគមន៍អាស៊ីអាគ្នេយ៍៕
No comments:
Post a Comment
yes