Friday, July 13, 2012

សមាជិកព្រឹទ្ធសភា របស់គណបក្ស សម រង្ស៊ី ស្នើសុំលើកពេលប្រជុំពេញអង្គព្រឹទ្ធសភា លើកទី១ នីតិកាលទី៣ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២


លោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី និងជាសមាជិកព្រឹទ្ធសភា

សមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី ចំនួន៨រូបកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២ បាន​ដាក់លិខិតមួយច្បាប់ជូនទៅលោក ជា ស៊ីម ប្រធានព្រឹទ្ធសភាដោយសុំលើកពេលប្រជុំពេញអង្គ ព្រឹទ្ធសភា ដោយយោងទៅលើលិខិតអញ្ជើញប្រជុំលេខ ០៨០ / ០៧១២ / ពស / នវ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២ និងយោងប្រការ ៦៧ថ្មី នៃបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា ។

នៅក្នុងលិខិតដែលចុះហត្ថលេខាដោយសមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី ចំនួន៨រូប ស្នើសុំលើកពេលប្រជុំពេញអង្គព្រឹទ្ធសភា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២រួមមាន លោក គង់ គាំ , លោកស្រី កែ សុវណ្ណរតន៏ , លោក ថាច់ ស៊ីថា , លោក អេង ឆៃអ៊ាង , លោក ម៉ែន សុថាវរិន្ទ្រ , លោក ហុង សុខហួរ , លោក អ៊ុច សេរីយុទ្ធ និងលោកស្រី ថាក់ ឡានី ។


នៅក្នុងលិខិតដែលសមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី ដាក់ជូនលោក ជា ស៊ីម ប្រធាន ព្រឹទ្ធសភា មានខ្លឹមសារថា « តបតាមកម្មវត្ថុនិងយោងខាងលើយើងខ្ញុំដែលជាសមាជិកព្រឹទ្ធសភា មកពីគណបក្ស​សម រង្ស៊ី  សូមសម្តេចប្រធានព្រឹទ្ធសភា ប្រធានពេញអង្គប្រជុំមេត្តាលើកពេលប្រ ជុំ និងសុំរៀបចំគណៈកម្មការពិសេស ដែលមានសមាសភាពចំរុះគណបក្ស ដើម្បីពិនិត្យសំណើរ ធ្វើវិសោធនកម្មលើបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ដែលយើខ្ញុំបានដាក់ជូន » ។

លោក គង់ គាំ សមាជិកព្រឹទ្ធសភា ដែលជាព្រឹទ្ធបុរស និងជាប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី លោកបានមានប្រសាសន៏បញ្ជាក់បន្ថែមពីលើលិខិតរបស់សមាជិកព្រឹទ្ធសភាគណបក្ស​សម រង្ស៊ី ដែលសុំលើកពេលប្រជុំពេញអង្គព្រឹទ្ធសភា លើកទី១ នីតិកាលទី៣ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០​​១២យ៉ាងដូចនេះថា៖ « អ្វីដែលសមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី បានធ្វើគឺស្រប ទៅនិងជំពូក៨ ប្រការ៦៧នៃបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភាដែលបានចែងថា សមាជិកព្រឹទ្ធសភា យ៉ាងតិចចំនួន៦រូបអាចស្នើសុំលើកពេលសម័យប្រជុំពេញអង្គរបស់ព្រឹទ្ធសភាបាន ដែលឥឡូវ នេះសមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី គឺមានដល់ទៅចំនួន៨រួប ដែលសុំលើកពេល ប្រជុំពេញអង្គនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ គឺស្របទៅនិងបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា» ។
លោក គង់ គាំ បានមានប្រសាសន៏បន្តរទៀតថា « ការស្នើសុំលើកពេលប្រជុំពេញអង្គព្រឹទ្ធសភា នេះគឺសមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី បានភ្ជាប់ជូនជាមួយនូវឯកសារដែលជាខ្លឹម​សារនៃការធ្វើវិសោធនកម្មនៃបទបញ្ជាផ្ទៃក្នុងជាច្រើនចំណុចរបស់ព្រឹទ្ធសភា ដើម្បីឲ្យព្រឹទ្ធសភា យកខ្លឹមសារនិងឯសារស្នើវិសោធនកម្មរបស់ក្រុមសមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី ដើម្បីយកទៅសម្របសម្រួល »។ ដោយលោក គង់ គាំ បានបញ្ជាក់ទៀតថា ដើម្បីសម្របសម្រួល​ទៅបានជាធម្មតាព្រឹទ្ធសភាត្រូវតែចាត់តាំងគណកម្មការពិសេសមួយដើម្បីពិនិត្យសម្របសម្រួល ខ្លឹមសារវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ។

លោក គង់ គាំ ប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី បានមានប្រសាសន៏រំលឹកថា កាលពីសម័យ​ប្រជុំ​ពេញអង្គព្រឹទ្ធសភាលើកទី១ នីតិកាលទី៣ នាពេលកន្លងមកគឺមានការចាត់​តាំងគណកម្មការ​ពិសេសនេះម្តងរួចកន្លងមកហើយ តែការចាត់តាំងនាពេលនោះ គឺមិនអាចយកជាការបាននោះ​ទេ ការមិនយកជាការបាននេះត្រូវបានលោក គង់ គាំ ពន្យល់ថាគឺដោយសារពុំមានវត្តមានរបស់​សមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី ក្នុងអង្គប្រជុំហើយមិនមានសាមីខ្លួនរូបណាយល់​ព្រមនោះទេ ថែមទាំងការរើសសមាជិលព្រឹទ្ធសភាក្នុងបញ្ជីបេក្ខជន ដែលគណបក្ស សម រង្ស៊ី បានដាក់ចំនួន៥រូប និង៦រូប សម្រាប់គណៈកម្មការទី៧ និងគណៈកម្មការទី៨ ក៏ប៉ុន្តែបែជាព្រឹទ្ធ​សភា រៀបចំឲ្យតែ១រូបនៅក្នុងបេក្ខជនឲ្យទៅក្នុងគណៈកម្មការទី៧និងទី៨ ។ ដែលលោក គង់ គាំ បានហៅការចាត់តាំងនេះថា គឺជាការចាត់តាំងដោយឯកឯងរបស់គណបក្សប្រជាជនដោយ ពុំបានធ្វើការពិគ្រោះ ឬសួរយោបល់ឡើងវិញចំពោះគណបក្ស ហើយនិងសាមីខ្លួនសមាជិកព្រឹទ្ធ សភារបស់គណបក្ស សម រង្ស៊ីទេ ដូចនេះការរៀបចំសមាជិកម្នាក់របស់គណបក្ស​សម រង្ស៊ី នៅ​ក្នុងគណៈកម្មការទី៧ និងសមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី ម្នាក់ចូលទៅក្នុងគណៈ​កម្មការទី៨ របស់ព្រឹទ្ធសភា ហើយនិងការរៀបចំសមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី ចំនួន២រូប ចូលទៅក្នុងគណៈកម្មការពិសេសនាពេលកន្លងទៅនេះ គឺមិនអាចយកជាការ​បាន​នោះ​ទេ ។ ការមិនអាចយកជាការបានក៏ត្រូវបានលោក គង់ គាំ ពន្យល់បញ្ជាក់បន្ថែមទៀតថា
ដោ​យសារតែ ពុំមានការចូលរួមរបស់គណបក្ស សម រង្ស៊ី ហើយនិងពុំមានវត្កមានរបស់សាមីខ្លួន ដែលក្រោម​ការចាត់តាំងរបស់គណបក្សប្រជាជន ដែលគេចង់យកស្ថាប័ន​ព្រឹទ្ធសភាធ្វើជា​របស់​បក្សគេនោះ ។

សូមជំរាបជូនផងដែរថា ក្នុងសុំណើររបស់សមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី ដាក់សុំ​លើកពេលប្រជុំពេញអង្គព្រឹទ្ធសភា គឺបានដាក់នូវឯកសារវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធ សភាផង ហើយស្នើឲ្យព្រឹទ្ធសភាអនុម័តគណៈកម្មការពិសេស ដែលមានវត្តមានរបស់សមាជិក គណបក្ស សម រង្ស៊ី ចូលរួមជាមួយផង ដើម្បីនឹងធ្វើការពិនិត្យមើលវិសោធនកម្មបទបញ្ជាផ្ទៃក្នុង របស់ព្រឹទ្ធសភាទាំងអស់គ្នា មុននិងដាក់ឲ្យព្រឹទ្ធសភាពេញអង្គ ប្រជុំនិងធ្វើការអនុម័តនៅ​ពេល​ខាងមុខនេះ ។

សូមជំរាបថា ខ្លឹមសារសុំធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានីតិកាលទី៣ ដែលគណបក្ស សម រង្ស៊ី ដាក់ជូនទៅព្រឹទ្ធសភាមានខ្លឹមសារជាអាថ៌៖ ជំពួកទី១- ១/ ប្រការ ១ថ្មី  ( ប្រការ១ចាស់​កែប្រែ ) - បន្ទាត់ទីបី: អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ត្រូវទទួលបន្ទុកជាជំនូយព្រឹទ្ធសមាជិកក្នុង​ការសម្របសម្រួល ជាមួយក្រសួងព្រះបរមរាជវាំង ដើម្បីរៀបចំការប្រជុំដំបូងរបស់ព្រឹទ្ធសភា ។
/ ប្រការ ២ថ្មី ( មួយ )  ( ប្រការ ២ថ្មី កែប្រែ ) ក្រោយព្រះមហាក្សត្រ ឬព្រះរាជតំណាងទ្រង់បាន  ឬបានបើកនីតិកាលព្រឹទ្ធសភារួចហើយ ព្រឹទ្ធសភាត្រូវចាប់ដំណើរការក្រោមអធិបតីភាពនៃព្រឹទ្ធ សមាជិក ឬប្រធានបណ្តុះអាសន្ន ១រូប ជាសមាជិកព្រឹទ្ធសភាជាប់ឆ្នោតមានអាយុច្រើនជាងគេ ដែលមានវត្តមាន ព្រមទាំងសមាជិកព្រឹទ្ធសភាជាប់ឆ្នោតចំនូន០៥រូប មានអាយុតិចជាងគេ ដែលមានវត្តមានជាលេខាធិការដើម្បីជួយការងារប្រធាន ។
/ ប្រការ ៣ថ្មី ( មួយ ) ( ប្រការ ៤ថ្មី កែប្រែ ) ក្រោមការដឹកនាំរបស់ប្រធានបណ្តោះអាសន្នខាង លើ ព្រឹទ្ធសភាត្រូវចាប់ផ្តើមការងារដូចតទៅៈ
/ ( ខ្លឹមសារប្រការ ៥ថ្មី ) ប្រធានបណ្តោះអាសន្នត្រូវសម្របសម្រួលជាមុន ជាមួយគណបក្ស​នយោបាយ និងស្ថាប័នមានអសនៈក្នុងព្រឹទ្ធសភា ដើម្បីរៀបចំបេក្ខជនប្រធាន អនុប្រធានព្រឹទ្ធ​សភា និងបេក្ខជនសមាជិកគណៈកម្មការជំនាញនានា ។
/ ប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយ ៗ ។
/ បោះឆ្នោតជ្រើសរើស​ប្រធាន និងអនុប្រធាន ទាំងពីររបស់ព្រឹទ្ធសភា ។
/ បោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការនានារបស់ព្រឹទ្ធសភា ។
ក្រោមអធិបតេយ្យភាពរបស់ប្រធានបណ្តុះអាសន្ន ព្រឹទ្ធសភាមិនអាចជជែកពីភាក្សាគ្នាបានឡើយ ។
/ ( ប្រការ ៦ជា ) ប្រការ៥ថ្មី ( មួយ ) ( ប្រការ១៨ថ្មីកែប្រែ ) ការបោះឆ្នោតជ្រើសរើសប្រធាន និង អនុប្រធានទាំងពីរបស់ព្រឹទ្ធសភា ត្រូវធ្វើដាច់ដោយឡែកពីគ្នាតាមវិធីបោះឆ្នោតសម្ងាត់ ដោយមតិ ភាគច្រើនដាច់ខាត នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ជាពិសេសគាំទ្រលទ្ធផលសម្រប​សម្រួល​​ជាមុនរវាងគណបក្សនយោបាយ និងស្ថាប័នមានអាសនៈក្នុងព្រឹទ្ធសភា ។

សូមជំរាបជូនថា នៅមានខ្លឹមសារសុំធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានីតិកាលទី៣ ដែល​គណបក្ស សម រង្ស៊ី ដាក់ជូនទៅព្រឹទ្ធសភាមួយចំនួនទៀតដែលមានចំនួន៤ទំព័រ ៕




No comments:

Post a Comment

yes