ដោយ រដ្ឋា វីសាល
ដីចំការកៅស៊ូរដ្ឋនៅអមសងខាងផ្លូវជាតិលេខ ៧៨ ចំណុចភូមិ១ ហៅភូមិតាស៊ុយ ក្នុងសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី កំពុងត្រូវប្រជាពលរដ្ឋប្រមាណ ៤០ម្ចាស់ បានបោះបង្គោលរបងហ៊ុមព័ទ្ធយកដីជាកម្មសិទ្ធិបែបអនាធិបតេយ្យ។
ប្រជាពលរដ្ឋរស់នៅភូមិតាស៊ុយ លោក ហុង សារៀម មានប្រសាសន៍បញ្ជាក់ថា ចលនាចូលមកវាស់វែងកាន់កាប់ដីចំការកៅស៊ូរដ្ឋនេះ កើតមានតាំងពីឆ្នាំ២០១០ រហូតមក ក៏ប៉ុន្តែអ្នកដែលចូលមករស់នៅលើដីចំការកៅស៊ូរដ្ឋនេះ ភាគច្រើនជាកម្មករបម្រើការនៅក្រុមហ៊ុនចំការកៅស៊ូនេះ។
នៅអំឡុងខែមិថុនា ឆ្នាំ២០១២ នេះ ចលនាចូលមកចាប់ដីចំការកៅស៊ូបានរីករាលដាលកាន់តែច្រើនពីសំណាក់ប្រជាពលរដ្ឋចំណាកស្រុក និងប្រជាពលរដ្ឋជាអតីតសមាជិកក្រុមសាមគ្គីចំការកៅស៊ូនៅខេត្តរតនគិរី ខ្លះទៀតដឹកជញ្ជូនឈើមកសាងសង់ជាផ្ទះ ឬរោងស្នាក់នៅភ្លាមៗ ដោយមិនមានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានឡើយ។
លោកបន្តថា នៅចំណុចភូមិតាស៊ុយនេះ កាលពីឆ្នាំ២០០៥ មានតែអតីតកម្មករក្រុមសាមគ្គីចំការកៅស៊ូរដ្ឋប្រមាណ ៣០គ្រួសារតែប៉ុណ្ណោះ បានតាំងទីលំនៅបណ្ដោះអាសន្នលើដីនេះ ក៏ប៉ុន្តែបច្ចុប្បន្នមានប្រជាពលរដ្ឋចូលមកវាស់វែងបោះបង្គោលរបងយកដីនោះសរុបប្រមាណជិត ១០០ប្លង់៖ «ក្រុមហ៊ុនមានដេញដែរ តែពួកហ្នឹងវាធ្វើកូដកម្មប្រឆាំងអត់ឲ្យដេញអត់ឲ្យឈូស សុទ្ធតែកម្មករចាស់ធ្លាប់តវ៉ាមុន។ បាទ! ទាមទារសុំនៅលើដីហ្នឹងតែម្ដង ពួកថ្មីគ្រាន់តែមកចុះៗ អត់ហ៊ានចេញមុខទេ»។
ចំការកៅស៊ូរដ្ឋនៅខេត្តរតនគិរី គឺជាអតីតចំការកៅស៊ូបន្សល់ពីសម័យមុនឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម។ នៅអំឡុងឆ្នាំ១៩៨៦ រដ្ឋបានវិនិយោគចំការកៅស៊ូនេះទៅឲ្យក្រុមហ៊ុន តាយ សេង ហើយនៅឆ្នាំ២០១០ ក្រុមហ៊ុន តាយ សេង បានផ្ទេរសិទ្ធិវិនិយោគចំការកៅស៊ូនេះទៅឲ្យក្រុមហ៊ុន ស្វីហ រាប់ប៊ឺរ (Swift Rubber) លើផ្ទៃដីចំការកៅស៊ូជាង ៣.៧០០ហិកតារ។
ប្រធានរដ្ឋបាលក្រុមហ៊ុន ស្វីហ រាប់ប៊ឺរ លោក ឈុន ហេង មានប្រសាសន៍ទទួលស្គាល់ថា ក្រុមហ៊ុនកំពុងជួបបញ្ហាស្មុគស្មាញទាក់ទិនករណីប្រជាពលរដ្ឋចូលទៅកាន់កាប់ដីចំការកៅស៊ូដែលក្រុមហ៊ុនបានវិនិយោគនេះ។
លោកបន្តថា អ្នកចូលមកកាន់កាប់ដីនោះបានធ្វើការប្រឆាំងក្រុមហ៊ុនមិនឲ្យដាំកៅស៊ូ ហេតុនេះក្រុមហ៊ុនបានធ្វើរបាយការណ៍ទៅអាជ្ញាធរខេត្ត និងអគ្គនាយកដ្ឋានចំការកៅស៊ូឲ្យជួយចាត់វិធានការក្នុងបញ្ហានេះហើយ៖ «កន្លែងណាក៏ប៉ះពាល់ៗដីគេ ពីមុនអត់មានសោះ ឥឡូវគេថា ដីគេពីដើមមកដែរ។ ហ្នឹងយើងឈូសម្ដងហើយ យើងកាប់ដើមឥឡូវគេមកទន្ទ្រាន»។
អភិបាលក្រុងបានលុង លោក លី វិន មានប្រសាសន៍បញ្ជាក់ថា អ្នកចូលទៅកាន់កាប់ដីចំការកៅស៊ូរដ្ឋ គឺជាអំពើរំលោភច្បាប់ ក៏ប៉ុន្តែកន្លងទៅនេះ ក្រុមអាជ្ញាធរបានចុះហាមឃាត់ និងតម្រូវឲ្យរុះរើរបងរោង ឬផ្ទះនោះចេញវិញ ក៏ប៉ុន្តែចលនាចូលចាប់ដីថ្មីៗនេះ លោកនឹងចុះត្រួតពិនិត្យករណីនេះ៖ «បើរបស់ចាស់ខ្ញុំអត់ទាន់ឲ្យប៉ះពាល់ទេ សំខាន់អាថ្មី។ ឥឡូវខ្ញុំកំពុងធ្វើអាហ្នឹង កំពុងស្រង់ថ្មីឡើងវិញទាំងអស់។ ខ្ញុំថា អាដីណាវាលៗ ឲ្យឈូសបណ្តើរៗទៅកុំឲ្យគាត់ចេះតែបង្ក»។
អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ កត់សំគាល់ថា ចលនាចូលទៅកាន់កាប់ដីរដ្ឋនោះ ទំនងមកពីប្រជាពលរដ្ឋយល់ច្រឡំទៅនឹងគោលការណ៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចាត់តាំងក្រុមនិស្សិតចុះវាស់វែងដីជូនប្រជាពលរដ្ឋជាកម្មសិទ្ធិ កាលពីពេលថ្មីៗនេះ។
លោកបន្តថា បញ្ហាមិនដាក់ទោសអ្នកប្រព្រឹត្តខុសក្នុងការចូលកាន់កាប់ដីធ្លី ទ្រព្យសម្បត្តិជាតិ គឺជាមូលហេតុសំខាន់នាំឲ្យកើតមានចលនាអនាធិបតេយ្យចូលកាន់កាប់ដីចំការកៅស៊ូរដ្ឋនេះ៖«ប្រជាពលរដ្ឋមួយចំនួនដែលលោកខ្វះខាតដី ឃើញថា ដីរដ្ឋគេយកបាន អ៊ីចឹងគាត់ក៏នាំគ្នាទៅប្រព្រឹត្តអំពើហ្នឹងទៅ។ តែអំពើហ្នឹងវាផ្ទុយពីច្បាប់ភូមិបាល ច្បាប់ព្រៃឈើ»។
អគ្គនាយកនៃអគ្គនាយកដ្ឋានចំការកៅស៊ូក្រសួងកសិកម្ម លោក លី ផល្លា មានប្រសាសន៍បញ្ជាក់ថា ដីចំការកៅស៊ូនៅខេត្តរតនគិរី បានចុះបញ្ជីសារពើភណ្ឌ និងមានប័ណ្ណកម្មសិទ្ធិជាសម្បត្តិរដ្ឋត្រឹមត្រូវ។ លោកបន្តថា អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនមានភារកិច្ចការពារ និងទទួលខុសត្រូវដីធ្លីទ្រព្យសម្បត្តិរបស់រដ្ឋនេះ៕
No comments:
Post a Comment
yes