កំពង់ឆ្នាំងៈត្រីរាប់សិបក្បាលបានងាប់អណ្តែតទឹកជាបន្តបន្ទាប់នៅក្នុងតំបន់ឡូតិ៍នេសាទអភិរក្សមួយកន្លែងស្ថិតនៅក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។មន្ត្រីជលផលបានសង្ស័យថាការងាប់នេះដោយសារពុលសារធាតុគីមីដែលជនខិលខូចលាយជាមួយនឹងចំណីបាចអោយត្រីស៊ីហើយពេលត្រីងាប់ស្រង់យកទៅធ្វើអាជីវកម្ម។
លោកចាន់យុត្ថាអគ្គលេខាធិការអាជ្ញាធរទន្លេសាបនិងជានាយកខុទ្ទកាល័យក្រសួងធនធានទឹកនិងឧតុនិយមបានមានប្រសាសន៍ថាត្រីរាប់សិបក្បាលបានងាប់ហើយក្រុមការងាររបស់លោកកំពុងតែចុះទៅកន្លែងកើតហេតុដើម្បីធ្វើការសិក្សាស្រាវជ្រាវរកមូលហេតុពិតប្រាកដដែលបណ្តាលអោយត្រីធម្មជាតិទាំងនោះងាប់។
ប៉ុន្តែជាជំហ៊ានបឋមលោកសង្ស័យថាត្រីទាំងនោះពុលសារធាតុគីមីដែលជនខិលខូចលាយជាមួយនឹងចំណីត្រីហើយបាចអោយត្រីស៊ី។មួយវិញទៀតត្រីអាចងាប់ដោយសារពុលទឹកស្អុយដែលមានរុក្ខជាតិងាប់ដូចជាស្លឹកឈើឬស្មៅរលួយនៅក្នុងបឹងដែលជាដៃទន្លេសាបនៅក្នុងរដូវទឹកឡើងនេះ។
លោកចាន់យុត្ថាបានប្រសាសន៍បញ្ជាក់ថា«យើងបានទទួលព័តិមានថាមានជនឪកាសនិយមបាចចំណីដែលមានលាយជាតិគីមីអោយត្រីស៊ី។តែយើងក៍សង្ស័យដែរថាត្រីវាពុលទឹកស្អុយដែលស្លឹកឈើស្មៅនិងរុក្ខជាតិនានារលួយដែលធ្វើអោយក្នុងទឹកខ្វះអុកស៊ីហ្សែន»។លោកចាន់យុត្ថាមិនទាន់អាចកំណត់បរិមាណត្រីដែលងាប់នោះបានទេ។មន្ត្រីរបស់លោកកំពុងតែធ្វើការបូកសរុប។
No comments:
Post a Comment
yes