សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 23, 2012

លោក បាន គីម៉ូន នឹង​មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ខែ​វិច្ឆិកា


ប្រទេស​កម្ពុជា ត្រៀម​ស្វាគមន៍​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីម៉ូន (Ban Ki-moon) មក​ទស្សនកិច្ច​ជា​លើក​ទី​២ នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១២ ខាង​មុខ​នេះ។
RFA/Sok Serey
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ក្នុង​អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម ឬ​គុក​ទួលស្លែង នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១០។
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីម៉ូន គ្រោង​មក​ទស្សនកិច្ច និង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ប្រទេស​កម្ពុជា ដែល​គ្រោង​ធ្វើ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១២ ខាង​មុខ​នេះ នៅ​គ្រា​ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) និង​នាយក​រដ្ឋមន្ត្រី​ចិន លោក វិន ជាបាវ (Wen Jiabao) ក៏​នឹង​មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នោះ​ដែរ។
ដំណើរ​ទស្សនកិច្ច​របស់​លោក បាន គីម៉ូន ខាង​មុខ​នេះ ត្រូវ​បាន​បញ្ជាក់​ដោយ​អគ្គលេខាធិការ​រង​អង្គការ​សហប្រជាជាតិ អ្នកស្រី ណូអីឡែន ហៃហ្សឺ (Noeleen Heyzer) ដែល​បាន​មក​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង និង​ជា​ឧបនាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១២ ផ្ដោត​លើ​ការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា និង​ការ​ត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ាន នៅ​ឆ្នាំ​២០១៥។

គេ​រំពឹង​ថា មេ​ដឹកនាំ​មក​ពី​ប្រទេស​សំខាន់ៗ​ចំនួន​២៨​ប្រទេស មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នោះ រាប់​ទាំង​មេ​ដឹកនាំ​នៃ​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​១០ និង​ប្រទេស​ដៃគូ​របស់​អាស៊ាន ចំនួន​១៨​ទៀត។
រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា លោក អ៊ុជ បូរិទ្ធិ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា នៅ​ក្រសួង​ការ​បរទេស​ថា កម្ពុជា​កំពុង​តែ​ត្រៀម​ស្វាគមន៍​ទស្សនកិច្ច​សំខាន់​នោះ៖ «លោក​ជំទាវ​សង្ឃឹម​ថា នឹង​បាន​មក​ទស្សនកិច្ច​ជា​ថ្មី​ម្តង​ទៀត​នៅ​កម្ពុជា ជាមួយ​ឯកឧត្តម​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដែល​នឹង​គ្រោង​មក​បំពេញ​ទស្សនកិច្ច​កម្ពុជា ក្នុង​ឱកាស​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ហើយ​និង​កិច្ច​ប្រជុំ​កំពូល​​អាស៊ី​បូព៌ា (East Asian Summit) នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១២ នេះ។ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង ក៏​បាន​សុំ​ស្នើ​អញ្ជើញ​ឯកឧត្តម​អគ្គលេខាធិការ​មក​ចូល​រួម​ហៅ​ថា Asian Global Dialogue ដែល​មាន​ការ​ចូល​រួម​ប្រជុំ​ពី​សំណាក់​ថ្នាក់​ដឹកនាំ​ពិភពលោក និង​ស្ថាប័ន​ហិរញ្ញ​កិច្ច​របស់​ពិភពលោក​ចូល​រួម​ផង​ដែរ»
ទាក់​ទង​នឹង​ដំណើរ​ទស្សនកិច្ច​ខាង​មុខ​នេះ របស់​លោក បាន គីម៉ូន អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម លោក នេត្រ ភ័ក្ត្រា បាន​មាន​ប្រសាសន៍​ថា ទស្សនកិច្ច​របស់​លោក បាន គីម៉ូន និង​ផ្តល់​មក​នូវ​សញ្ញា​វិជ្ជមាន​សម្រាប់​សាលា​ក្តី​ខ្មែរ​ក្រហម​ផង និង​ប្រទេស​កម្ពុជា ផង៖ «ដោយ​សារ​ថា ភាគី​អង្គការ​សហប្រជាជាតិ គឺ​ជា​ភាគី​មួយ​នៅ​ក្នុង​ដំណើរ​ការ​តុលាការ​ខ្មែរ​ក្រហម​នេះ ជាមួយ​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជា អ៊ីចឹង ទាំង​ភាគី​ជាតិ និង​អន្តរជាតិ នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​នេះ កំពុង​តែ​ជួប​ប្រទះ​នូវ​បញ្ហា​ថវិកា។ ដូច្នេះ ការ​ដំណើរ​ទស្សនកិច្ច​របស់​លោក បាន គីម៉ូន ក៏​ដូច​ជា​ប្រទេស​ម្ចាស់​ជំនួយ​នានា នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ការ​លើក​ទឹក​ចិត្ត ហើយ​យើង​សង្ឃឹម​ថា ប្រទេស​ម្ចាស់​ជំនួយ​លោក​នឹង​បន្ត​ផ្តល់​នូវ​ជំនួយ​បន្ថែម​ទៀត មក​កាន់​តុលាការ​ខ្មែរ​ក្រហម​នេះ ដើម្បី​អាច​ឲ្យ​តុលាការ​នេះ​អាច​ដំណើរ​ការ​របស់​ខ្លួន​ដោយ​ចប់​ចុង​ចប់​ដើម»
លោក​បន្ត​ថា កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ សាលា​ក្តី​ខ្មែរ​ក្រហម​បាន​ចំណាយ​ថវិកា​សរុប​ចំនួន​ជាង​១៤១​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ភាគី​អន្តរជាតិ​បាន​ចំណាយ​ថវិកា​ចំនួន​១០៧​លាន​ដុល្លារ​អាមេរិក និង​ភាគី​កម្ពុជា បាន​ចំណាយ​ថវិកា​ចំនួន​៣៤​លាន​ដុល្លារ​អាមេរិក។ បច្ចុប្បន្ន សាលា​ក្តី​ខ្មែរ​ក្រហម ខាង​ភាគី​អង្គការ​សហប្រជាជាតិ កំពុង​តែ​ខ្វះ​ខាត​ថវិកា។
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីម៉ូន ធ្លាប់​បាន​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ម្តង​ហើយ កាល​ពី​ខែ​តុលា ឆ្នាំ​២០១០ កន្លង​ទៅ​នេះ នៅ​ពេល​នោះ​ហើយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ថា កម្ពុជា​មិន​ចង់​ឲ្យ​សាលា​ក្តី​ខ្មែរ​ក្រហម​បន្ត​ឲ្យ​មាន​ការ​កាត់​ទោស​មេ​ដឹកនាំ​ខ្មែរ​ក្រហម នៅ​ក្នុង​សំណុំ​រឿង​០០៣ ដោយ​សារ​តែ​លោក​មាន​ការ​ព្រួយ​បារម្ភ​ថា នឹង​បង្ក​ឲ្យ​មាន​អស្ថិរភាព​ជាតិ៕

No comments:

Post a Comment

yes