មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បើកយុទ្ធនាការសំអាតឈ្មោះស្ទួនឲ្យបានជាស្ថាពរពីបញ្ជីបោះឆ្នោតឆ្នាំ២០១២។
ការអះអាងដូច្នេះ កើតឡើងបន្ទាប់ពី គ.ជ.ប រកឃើញថា បញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០១១ មានឃុំ-សង្កាត់ខ្លះមានឈ្មោះស្ទួនរាប់ម៉ឺននាក់ ដែលស្មៀនឃុំ-សង្កាត់ មិនបានលុបចេញពីបញ្ជីបោះឆ្នោត។
លោក អ៊ឹម សួស្តី ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកបានជំរុញឲ្យមន្ត្រីក្រុមប្រឹក្សា ឬស្មៀនឃុំ-សង្កាត់ទាំង១.៦៣៣ឃុំ-សង្កាត់ ទូទាំងប្រទេស ត្រូវលុបឈ្មោះស្ទួនអ្នកបោះឆ្នោតឲ្យអស់ពីបញ្ជីបោះឆ្នោតឆ្នាំ២០១២។
លោកថ្លែងដូច្នេះចំពោះមុខតំណាងមន្ត្រីស្ថាប័នរដ្ឋាភិបាល គណបក្សនយោបាយ និងសង្គមស៊ីវិល ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១២ នាទីស្ដីការ គ.ជ.ប៖ «បំផុសឲ្យគេយល់ពីតួនាទីភារកិច្ចរបស់គេ ឲ្យគេមកចុះឈ្មោះបោះឆ្នោត។ ការងារទី២ បំផុសឲ្យប្រជាពលរដ្ឋ មន្ត្រីក្រោមឱវាទតាមក្រសួងនីមួយៗឲ្យទៅមើលឈ្មោះរបស់ខ្លួន តើមានខុស ឬអត់ សុំឲ្យគេមកកែ។ ហើយការងារទី៣ ដែលសំខាន់ ដោយសារតែបញ្ជីប៉ោង យើងនឹងអញ្ជើញប្រជាពលរដ្ឋ ឬមន្ត្រីរាជការក្រោមឱវាទឲ្យទៅលុបឈ្មោះរបស់ខ្លួន ដែលចុះលើសពី១ ដោយតម្រូវឲ្យគាត់ទុកតែឈ្មោះ១បានហើយ»។
លោក អ៊ឹម សួស្តី បន្ថែមថា ដើម្បីលុបបំបាត់ឈ្មោះស្ទួនពីបញ្ជីឈ្មោះបោះឆ្នោតទទួលជោគជ័យ ទាមទារឲ្យមានកិច្ចសហការពីប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងស្ថាប័នរាជរដ្ឋាភិបាល។
ទាក់ទិនបញ្ហានេះ មន្ត្រីសង្គមស៊ីវិលបានរកឃើញថា ពលរដ្ឋផ្លាស់ប្ដូរទីលំនៅ ឬគ្មានអត្តសញ្ញាណប័ណ្ណ មានផលពិបាកចុះឈ្មោះបោះឆ្នោត និងស្នើលុបឈ្មោះពីបញ្ជីបោះឆ្នោត ព្រោះពួកគេគ្មានអត្តសញ្ញាណ ឬឯកសារច្បាស់លាស់។
លោក គល់ បញ្ញា ជានាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វែល (Comfrel) លោកឲ្យដឹងថា ដើម្បីបង្កឲ្យពលរដ្ឋចូលរួមចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ មានចំនួនច្រើន ទាមទារឲ្យអាជ្ញាធរមូលដ្ឋាន ស្មៀនឃុំ-សង្កាត់ ជួយសម្រួលឯកសារ និងលើកទឹកចិត្ត៖ «យុវជនខ្លះដែលជាកម្មករជាដើមហ្នឹង ពេលស្នាក់នៅបណ្ដោះអាសន្ននាទីប្រជុំជន នៅកន្លែងគាត់ធ្វើការ ដែលគាត់ចាកចេញពីស្រុក ពួកគេពិបាកស្នើសុំលិខិតបញ្ជាក់ទីលំនៅបណ្ដោះអាសន្ន ដើម្បីបានចុះឈ្មោះបោះឆ្នោត។ នេះជាការរកឃើញមានឧបសគ្គមួយចំនួន។ ប៉ុន្តែករណីសំខាន់ គឺមានអ្នកចុះឈ្មោះហើយពីមុនៗមក គេមកពិនិត្យមើលឈ្មោះ ឬផ្ទៀងផ្ទាត់ឈ្មោះ ពេលខ្លះរកឈ្មោះអត់ឃើញនៅក្នុងបញ្ជីឈ្មោះចុងក្រោយ ដែលគេបិទផ្សាយ ឬបញ្ជីឈ្មោះដំបូងដែលគេបិទផ្សាយបញ្ជីបោះឆ្នោត»។
ត្រង់ចំណុចនេះ លោក អ៊ឹម សួស្តី បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវទៅបង្ហាញខ្លួន នៅការិយាល័យចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់របស់ខ្លួន ដោយត្រូវយកនូវឯកសារដើម្បីបំពេញលក្ខខណ្ឌ៤យ៉ាង គឺអត្តសញ្ញាណ សញ្ជាតិ អាយុ និងទីលំនៅក្នុងឃុំ-សង្កាត់។ ប៉ុន្តែលោកថា សម្រាប់អ្នកពុំមានឯកសារបំពេញលក្ខខណ្ឌចុះឈ្មោះបោះឆ្នោត ត្រូវទៅជួបស្មៀនឃុំ-សង្កាត់ សួរព័ត៌មានរកឯកសារបំពេញលក្ខខណ្ឌចុះឈ្មោះបោះឆ្នោត។
ដោយឡែក អ្នកមានឈ្មោះស្ទួន ឬឈ្មោះលើសពីមួយក្នុងបញ្ជីបោះឆ្នោត លោក អ៊ឹម សួស្តី បានណែនាំត្រូវទៅជួបស្មៀនឃុំ-សង្កាត់ ដើម្បីបំពេញបែបបទសុំលុបឈ្មោះលើសចេញ និងរក្សាទុកឈ្មោះតែមួយគត់ នៅការិយាល័យបោះឆ្នោតតែមួយ ក្នុងឃុំ-សង្កាត់ ដែលពលរដ្ឋត្រូវទៅបោះឆ្នោត។
លោក អ៊ឹម សួស្តី៖ «សុំឲ្យទៅឃុំណាដែលមានឈ្មោះរបស់ខ្លួន សុំឯកសារដើម្បីលុប ដែលគេហៅថា ឯកសារ១០១៧។ សុំលុបនោះ សុំឲ្យសរសេរឈ្មោះអត្តសញ្ញាណបុគ្គលនោះឲ្យបានច្បាស់ និងសុំលុបនៅកន្លែងណា។ ឧទាហរណ៍ថា អ៊ឹម សួស្តី អ៊ីចឹង ពីមុនចុះនៅសង្កាត់បឹងកេងកងទី១ ឥឡូវសុំលុបនៅខេត្តបាត់ដំបង ធ្លាប់ចុះនៅការិយាល័យណា ឃុំណា ផ្ញើមក គ.ជ.ប ហើយយើងខ្ញុំនឹងលុបតាមរយៈកុំព្យូទ័រ»។
ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ នៅតាមឃុំ-សង្កាត់ ចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២។
ការពិនិត្យ និងចុះឈ្មោះបោះឆ្នោត២០១២ ជាការកសាងបញ្ជីបោះឆ្នោតមួយសម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
ដើម្បីបោះឆ្នោតបាន មន្ត្រី គ.ជ.ប បានឲ្យដឹងថា ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ ដែលមានឈ្មោះ និងទិន្នន័យត្រូវគ្នានឹងឈ្មោះ និងទិន្នន័យក្នុងបញ្ជីបោះឆ្នោត។ សម្រាប់អ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត ពិសេសយុវជន យុវនារីទើបគ្រប់អាយុ១៨ឆ្នាំ គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កើតមុន ឬត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ១៩៩៥ និងអ្នកផ្លាស់ទីលំនៅចូលក្នុងឃុំ-សង្កាត់ថ្មី ត្រូវទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីមានសិទ្ធិបោះឆ្នោត។
ទាក់ទិនបញ្ហានេះដែរ មន្ត្រី គ.ជ.ប ក៏បានបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋបានចុះឈ្មោះបោះឆ្នោតរួច ត្រូវទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ដែលបិទផ្សាយនៅតាមសាលាឃុំ-សង្កាត់របស់ខ្លួន ដើម្បីឲ្យប្រាកដថា បងប្អូនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានទិន្នន័យត្រឹមត្រូវ។ ប៉ុន្តែលោកថា ក្នុងករណីឃើញទិន្នន័យក្នុងបញ្ជីបោះឆ្នោតដំបូងខុសគ្នានឹងឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ សូមទាក់ទងស្មៀនឃុំ-សង្កាត់ ដើម្បីសុំកែតម្រូវ។
មន្ត្រី គ.ជ.ប បានឲ្យដឹងទៀតថា ក្នុងករណីឃើញឈ្មោះត្រូវគូសឆូតលុបនៅលើបញ្ជីបោះឆ្នោតដំបូង ដែលមិនបានស្នើសុំលុបទេ ត្រូវប្ដឹងតវ៉ាទៅក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីរក្សាទុកឈ្មោះលោកអ្នកក្នុងបញ្ជីបោះឆ្នោតវិញ។ ហើយក្នុងករណីពលរដ្ឋទើបចុះឈ្មោះបោះឆ្នោតថ្មី មានបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះបោះឆ្នោត ប៉ុន្តែបែរជាគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងទេ ត្រូវប្ដឹងតវ៉ាទៅក្រុមប្រឹក្សាសង្កាត់ជាបន្ទាន់៕
No comments:
Post a Comment
yes