ភ្នំពេញ៖ តារាកំប្លែងជើងចាស់លោក ជី វ៉ាន់ស៊ុយ បានធ្លាក់ខ្លួនឈឺជាទម្ងន់ ដោយសារជំងឺថ្លើមពេលនេះ ក្រុមគ្រួសាររបស់លោកបាននិយាយយ៉ាងសង្វេគថា លោក ជីវ៉ាន់ស៊ុយ មានសង្ឃឹមរស់ទៅមុខទៀតតិចតួចណាស់ ខណៈដែលមួយថ្ងៃ លោកអាចទទួលទានទឹកបបរបានមួយវែកប៉ុណ្ណោះ។
ភរិយាតារាកំប្លែង លោក ជីវ៉ាន់ស៊ុយ គឺអ្នកស្រី ខុន សាវន នៅឯខេត្តបន្ទាយមានជ័យបានឲ្យគេហទំព័រវិទ្យាសាស្ត្រខ្មែរដឹងថា ស្ថានភាពជំងឺប្ដីរបស់គាត់កំពុងតែដុនដាបទៅៗ ដែលពេលនេះធ្វើឲ្យពួកគាត់អស់សង្ឃឹមខ្លាំងណាស់ ខណៈដែលក្នុងគ្រួសារក៏អស់ប្រាក់ដើម្បីទប់ទល់នឹងតម្រូវការចាំបាច់ ដើម្បីព្យាបាលជំងឺ របស់គាត់ក្រៅតែពីរំពឹងប្រាក់បៀវត្សរ៍តិចតួចរបស់ប្ដីគាត់នោះ មិនមានប្រាក់ឯណាមកសម្រាប់ដោះទ័ល រួមទាំងជំពាក់ប្រាក់អ្នកស្រុកបន្ថែមទៀត។
អ្នកស្រី ខុន សាវន បានបន្តឲ្យដឹងថា លោក ជីវ៉ាន់ស៊ុយ បានត្រឹមតែបើកភ្នែកភ្លឹះៗ និងអាចនិយាយបានពីរបីម៉ាត់ ក្នុងសំនៀងខ្សាវៗស្ទើរតែស្ដាប់មិនបាន រីឯសាច់ដុះក្នុងថ្លើមនោះ នៅតែរឹងដដែលមិនមានថមថយអ្វីឡើយ បើទោះជាកំពុងផឹកថ្នាំខ្មែរអស់រយៈពេលប៉ុន្មានខែមកនេះយ៉ាងណាក៏ដោយ។ ក្នុងស្ថានភាព ដែលទុកឲ្យ ប្ដីរស់តាមព្រេងវាសនាក្នុងកណ្ដាប់ដៃជំងឺដ៏អាក្រក់នេះ អ្នកស្រី ខុន សាវន បានសុំសេចក្ដីប្រោសប្រណី ពីបណ្ដាអស់លោកសប្បុរសជនទាំងឡាយ មេត្តាជួយទំនុកបម្រុងដល់ក្រុមគ្រួសាររបស់អ្នកស្រីផង ដ្បិតអីពេលនេះ កុំថាឡើយត្រូវរកប្រាក់មកព្យាបាលប្ដី សូម្បីតែគ្រួសារទាំងមូល ក៏មិនមានប្រាក់កាសនឹងផ្គត់ផ្គង់ជីវភាពដែរ ព្រោះកន្លងទៅគ្រួសារគាត់ត្រូវចំណាយប្រាក់អស់ទៅហើយសម្រាប់ព្យាបាលជំងឺរបស់លោក ជីវ៉ាន់ស៊ុយ។
តបតាមសេចក្ដីសូមការប្រោសប្រណី របស់អ្នកស្រី ខុន សាវន គេហទំព័រវិទ្យាសាស្ត្រខ្មែរ ក៏សូមអំពាវនាវបន្តដល់សប្បុរសជនទាំងឡាយ មេត្តាចូលរួមចំណែកក្នុងការរំលែកទុក្ខរបស់ក្រុមគ្រួសារលោក ជីវ៉ាន់ស៊ុយ តាមការគួរផងចុះ។ ប្រសិនបើសប្បុរសជន ដែលមានបំណងចង់ចូលរួមជួយ ឧបត្ថម្ភដល់តារាកំប្លែងជើងចាស់ លោក ជីវ៉ាន់ស៊ុយ លោកអ្នកនាងអាចទូរស័ព្ទ ទៅអ្នកស្រី ខុន សាវន ដែលជាភរិយារបស់លោកផ្ទាល់តាមរយៈទូរស័ព្ទលេខ ០១២ ៨៣០ ១៤៦ ៕
No comments:
Post a Comment
yes