ខេត្ដក្រចេះ ៖ ទីតាំងកាស៊ីណូ ហេង ហេង នៅជាប់ច្រកអន្ដរជាតិត្រញំងស្រែ-វ៉ាលឺ ឋិតក្នុងឃុំ២ធ្នូ ស្រុកស្នូល ខេត្ដក្រចេះ ដែលមានអាជ្ញាប័ណ្ណនោះ បានលួចបង្កប់នូវល្បែងស៊ីសងជាច្រើនប្រភេទទៀត និងបើកសង្វៀនប្រជល់មាន់ ភាគច្រើនមានពលរដ្ឋខ្មែរ រួមទាំងសមត្ថកិច្ច និងមន្ដ្រីរាជការចូលលេង ជាមួយនឹងជនជាតិវៀតណាមយ៉ាងច្រើនកុះករ បន្ទាប់ពីនគរបាលអន្ដោប្រវេសន៍ច្រកត្រញំងស្រែ-វ៉ាលឺ តែងតែអនុញ្ញាតឱ្យជនជាតិវៀតណាមចូល រួចហើយរាប់មនុស្សយកប្រាក់នោះ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា អ្នកដែលគ្រប់គ្រងទៅលើសង្វៀនប្រជល់មាន់ គឺឈ្មោះ កែវ សុគៀន ជានាយរង ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដក្រចេះ ជ្រកក្រោមអាជ្ញាប័ណ្ណកាស៊ីណូ ហេង ហេង ។ ការបើក សង្វៀនប្រជល់មាន់ ប្រភពខ្លះអះអាងថា កែវ សុគៀន បានជួលដីនៅក្នុងកាស៊ីណូក្នុង១ខែមិនតិចជាង២.០០០ដុល្លារ ហើយបញ្ហាចំណាយទៅលើសមត្ថកិច្ច អាជ្ញាធរ គឺជារឿងផ្សេងទៀតដែល កែវ សុគៀន អ្នកទទួលខុសត្រូវ ។
ជាទូទៅ ការបើកសង្វៀនប្រជល់មាន់នេះក្នុង១សប្ដាហ៍ គឺលេងតែ២ថ្ងៃ(ច័ន្ទនិងថ្ងៃព្រហស្បតិ៍)ដែលមានមនុស្សយ៉ាង ច្រើនកុះករ ហាក់ដូចជាពុំបានខ្វល់ខ្វាយទៅលើការបង្ក្រាបចាប់ណាមួយពីសមត្ថកិច្ច ហើយសង្វៀនប្រជល់មាន់នេះ កន្លងទៅលោក ជួង ស៊ាងហាក់ ស្នងការនគរបាលខេត្ដធ្លាប់បានចុះមកកាន់ទីតាំងនេះផ្ទាល់ ប៉ុន្ដែតាំងពីពេលនោះមក ហាក់ដូចជាមិនទាន់មានចំណាត់ការបង្ក្រាប បើទោះជាការបើកសង្វៀនប្រជល់មាន់នេះគឺជារឿងខុសច្បាប់ ដែលរូប ភាពនៃការបើកគ្រាន់តែជ្រកក្រោមកាស៊ីណូហេង ហេង នោះ ។
នគរវត្ដ មិនអាចទាក់ទងបានទេពីមេសង្វៀនប្រជល់មាន់ បនល្បែងយូគី និងល្បែងគ្រប់ប្រភេទទៀត ដែលជានាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដ កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ ដោយគ្មានលេខទូរស័ព្ទ ប៉ុន្ដែគេជឿថា លោកស្នងការនឹងមានវិធានការក្នុងរឿងនេះ ស្របពេលដែលអ្នកបើកវង់ល្បែងត្រូវជាកូនចៅរបស់លោកស្នងការទៀតនោះ ៕
No comments:
Post a Comment
yes