ក្រចេះ ៖ ចំណោមចំណុចយុទ្ធសាស្ដ្រនៃការដឹកជញ្ជូនឈើគ្រញូង និងឈើប្រណីតចេញទៅប្រទេសវៀតណាមយ៉ាងអនាធិបតេយ្យគឺឆ្លងកាត់តាមច្រកដេ-១នៃស្រុកស្នួលខេត្ដក្រចេះ ក៏ដូចជាសកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់អភិរក្សនៃស្រុកស្នួលក៏ដូចជាការដឹកជញ្ជូនឈើចេញទៅប្រទេស វៀតណាមសុទ្ធតែជាប្រភពសេដ្ឋកិច្ចមិនចេះរីងស្ងួតរបស់លោក សូយ សារិទ្ធ ជានាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ដក្រចេះ តាមរយៈការចាត់តាំងឱ្យលោក កែវ ចំណាន ជានាយសង្កាត់ព្រៃឈើប្រចាំស្រុកស្នួល ចាំប្រមូលប្រាក់ពីសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់។
សេចក្ដីរាយការណ៍ព័ត៌មានបានឱ្យដឹងថា យ៉ាងហោចណាស់ក្នុងមួយថ្ងៃៗក្រុមឈ្មួញបានធ្វើសកម្មភាពកាប់បំផ្លាញឈើប្រណីតនៅក្នុងភូមិសាស្ដ្រស្រុកស្នួល ខេត្ដក្រចេះហើយបន្ដដឹកជញ្ជូនទៅកាន់ប្រទេសវៀតណាម រាប់សិបរថយន្ដទាំងតូចទាំងធំ គឺជារូបភាពអនាធិបតេយ្យបំផុតគ្មានការបង្ក្រាប ពីសមត្ថកិច្ច និងជំនាញពាក់ព័ន្ធទេ គឺចំណុចនេះគេបានរិះគន់ទៅលើភាពអសកម្មរបស់លោក កែវ ចំណាន ជានាយសង្កាត់ព្រៃឈើប្រចាំស្រុកស្នួល ដែលគ្មានសមត្ថភាពបង្ក្រាបបទល្មើសព្រៃឈើ ដោយសារតែមានជំពាក់ជំពិននឹងបញ្ហាផលប្រយោជន៍តែម្ដង។ សមត្ថកិច្ចនិងមន្ដ្រីជំនាញពាក់ព័ន្ធ ដែលខ្វះឆន្ទៈបំពេញតួនាទីរបស់ខ្លួនឱ្យស្របតាមការណែនាំរបស់ថ្នាក់លើ កំពុងសប្បាយកើបផលប្រយោជន៍ផ្ទាល់ខ្លួន ហើយថ្នាក់លើត្រូវចាត់វិធានការដាក់ពិន័យនិងនាំយកមន្ដ្រីអស់នោះទៅផ្ដន្ទាទោសឱ្យបានសមស្រប។
បើគិតពីទំហំនៃការដឹកជញ្ជូនឈើខុសច្បាប់ចេញពីតំបន់ព្រៃសហគមន៍ និងដែនអភិរក្សក្នុងស្រុក ស្នួល ខេត្ដក្រចេះ ដែលកើតមានភាពអនាធិបតេយ្យច្រើនឆ្នាំមកហើយនោះ គេអាចវាយតម្លៃបានថា មន្ដ្រីថ្នាក់ក្រោមមិនបានយកចិត្តទុកដាក់អនុវត្ដន៍តាមបទបញ្ជារបស់ថ្នាក់លើនោះទេ ហើយនៅពេលនេះបទល្មើសព្រៃឈើក្នុងស្រុកស្នួលនៅតែកើតឡើងទ្រង់ទ្រាយធំដដែល។ ប្រជាពលរដ្ឋនិងសហគមន៍ការពារព្រៃឈើរាប់រយនាក់ធ្លាប់បានធ្វើដំណើរចូលទៅក្នុងតំបន់អភិរក្សក្នុងស្រុកស្នួល ដើម្បីទប់ស្កាត់សកម្មភាពបំផ្លាញព្រៃឈើ ដែលក្នុងនោះរកឃើញការកាប់បំផ្លាញព្រៃឈើយ៉ាងរាលដាលបន្ថែមពីលើសកម្មភាពកាប់រុករានដីព្រៃខុសច្បាប់យ៉ាងអនាធិបតេយ្យដែលមន្ដ្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធរក្សាទុកជាផលប្រយោជន៍ឆ្នាំងបាយរបស់ពួកគេរាប់សិបឆ្នាំមកហើយ។
លោក សូយ សារិទ្ធ សម្ងំកើបផលប្រយោជន៍ពីការដឹកជញ្ជូនឈើខុសច្បាប់ចេញទៅប្រទេសវៀតណាម ឆ្លងកាត់ស្រុកស្នួល ខេត្ដក្រចេះ យ៉ាងត្រជាក់មេជើងបំផុត ហើយលោក កែវ ចំណាន ក៏មានតួនាទី យ៉ាងសំខាន់ក្នុងការរាប់ក្បាលឡានដឹកជញ្ជូនឈើយកប្រាក់មក បែងចែកជាមួយថ្នាក់លើរបស់ខ្លួនច្រើនឆ្នាំមកហើយ ទើបបង្កើតឱ្យមានភាពធូររលុងដែលក្រុមឈ្មួញមានឱកាសរកស៊ីដឹកជញ្ជូនឈើខុសច្បាប់កាន់តែអនាធិបតេយ្យខ្លាំងឡើង។ អំពើឧក្រិដ្ឋកម្មព្រៃឈើដ៏រាលដាលក្នុងខេត្តក្រចេះដែលគ្មានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពហើយបញ្ហានេះចេះតែបន្ដកើតឡើងដោយសារតែមន្ដ្រីខិលខូចពុករលួយឃុបឃិតឱ្យមានសកម្មភាពកាប់បំផ្លាញនិងការដឹកជញ្ជូនឈើខុសច្បាប់មិនត្រូវបានដាក់ពិន័យឬនាំទៅផ្ដន្ទាទោសតាមច្បាប់៕
No comments:
Post a Comment
yes