រតនគិរី ៖ បច្ចុប្បន្ននេះលោក សិដ្ឋ និងលោក សុង កំពុងប្រើប្រាស់ឈ្មោះក្រុមហ៊ុនម៉ាងយ៉ាងខេដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលក្នុងការវិនិយោគដំណាំកៅស៊ូ ធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់យ៉ាងអនាធិបតេយ្យបំផុតនៅក្នុងខេត្តរតនគិរី ដោយជ្រកក្រោមស្លាកក្រុមហ៊ុនសម្បទានហើយរាល់សកម្មភាពដែលក្រុមហ៊ុននេះបានប្រព្រឹត្ដគឺផ្ទុយទៅនឹងបទបញ្ជាលេខ ០១ របស់រាជរដ្ឋាភិបាល គេមិនដែលឃើញមន្ដ្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបភាពអនាធិបតេយ្យរបស់ក្រុមហ៊ុនម៉ាងយ៉ាងខេនេះម្ដងណាឡើយ។
សេចក្តីរាយការណ៍ព័ត៌មានពីខេត្តរតនគិរីបានឲ្យដឹងថា ក្រុមហ៊ុនម៉ាងយ៉ាងខេ បច្ចុប្បន្ននេះមានឈ្មោះ សិដ្ឋ និងឈ្មោះ សុង ជាអ្នករត់ការប្រមូលទិញឈើពីប្រជាពលរដ្ឋ និងកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យហើយដឹកជញ្ជូន យកទៅចែកចាយតាមបណ្តាខេត្តរហូតដល់រាជធានីភ្នំពេញ រាប់សិបឆ្នាំមកហើយ គឺសកម្មភាពនេះផ្ទុយពីបទបញ្ជារបស់រាជរដ្ឋាភិបាល។ ជាគោលការណ៍ ក្រុមហ៊ុនទាំងអស់ដែលបានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ត្រូវអនុវត្ដឲ្យបានត្រឹមត្រូវតាមកិច្ចសន្យាជាពិសេសបទបញ្ជាលេខ០១ បើមិនដូច្នេះទេរដ្ឋាភិបាលនឹងដកហូតដីសម្បទានទាំងនោះមកវិញ ប៉ុន្តែក្រុមហ៊ុនម៉ាងយ៉ាងខេ មិនបានអនុវត្តន៍តាមទេ។
ប្រជាពលរដ្ឋដែលររស់នៅសងខាងផ្លូវចាប់ពី ទីរួមស្រុកវ៉ឺនសៃ ទីរួម ស្រុកអូរជុំ រហូតដល់ក្រុងបានលុងថា ក្រុមហ៊ុនម៉ាងយ៉ាងខេ ល្បីល្បាញខាងដឹកជញ្ជូនឈើប្រណីតនិងឈើអារ ប្រភេទលេខ២ យកទៅលក់ចែកចាយទូទាំងប្រទេសមិនថារដូវប្រាំង រដូវវស្សានោះទេ។ ជាក់ស្តែងករណីចុះបង្ក្រាបមួយកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២ នៅចំណុចផ្លូវបំបែកចេញពីផ្លូវវ៉ឺនសៃខាងជើង ជាប់ព្រំប្រទល់ដីក្រុមហ៊ុនម៉ានយ៉ាងខេ ស្ថិតនៅភូមិ-ឃុំភ្នំកុក ស្រុកវ៉ឺនសៃ ដោយកម្លាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើសង្កាត់វ៉ឺនសៃ និងផ្នែកស្រុកអូរជុំនោះសមត្ថកិច្ចប្រមូលបានឈើដែលមានមុខកាត់ធំៗរាប់សិប កំណាត់របស់ឈ្មោះ សុង។
សមត្ថកិច្ចបានព្យាយាមលក់បាំងអត្ដសញ្ញាណម្ចាស់ឈើ ប៉ុន្ដែឈ្មួញមួយចំនួនបានបង្ហើបឲ្យដឹងថា ឈើដែលគរទុកនៅតាមដងផ្លូវនោះ គឺជាឈើរបស់ឈ្មោះ សុង ពីព្រោះពេលសមត្ថកិច្ចនិងជំនាញរដ្ឋបាលព្រៃឈើបញ្ជាឱ្យកម្មករលើកឈើដាក់លើគោយន្ដកែច្នៃយកទៅរក្សាទុកគេបានឃើញ ឈ្មោះ សុង ហ៊ានចេញមុខបញ្ជាកម្មករមិនឱ្យលើកឈើដែលមានមុខកាត់ធំៗ នៅចំពោះមុខសមត្ថកិច្ច ធ្វើឲ្យប្រតិបត្តិការនេះមានរូបភាពជាក្បាលដំរី កន្ទុយកណ្តុរ គឺឈើដែលមានមុខកាត់ធំៗទុកឲ្យឈ្មួញ ដោយសមត្ថកិច្ចប្រមូលបានតែឈើដែលមាន មុខកាត់តូចៗ ដឹកយកទៅរក្សាទុកនៅ ស្នាក់ការរដ្ឋបាលព្រៃឈើខណ្ឌទាំងយប់ ហើយ ឈ្មោះ សុង ជាអ្នកប្រមូលឈើដែលមានមុខកាត់ធំៗយកទៅលាក់ទុកនៅក្នុង ក្រុមហ៊ុន ម៉ាន យ៉ាងខេ អស់រលីង។
ជាធម្មតាក្រុមហ៊ុនម៉ាងយ៉ាងខេបានដឹកជញ្ជូនឈើចេញពីចំណុចស្រុកវ៉ឺនសៃ និងស្រុកអូរជុំ ដោយមានការឃុបឃិតគ្នាជាមួយជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធហើយក្រុមហ៊ុនម៉ាងយ៉ាងខេបានប្រើប្រាស់អាជ្ញាប័ណ្ណក្រុមហ៊ុនសម្បទាន សម្រាប់បម្រើឲ្យសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ។ មានការរម្លឹកផងដែរថា យ៉ាងហោចណាស់ក្រុមហ៊ុនម៉ាងយ៉ាងខេបានដឹកជញ្ជូនឈើប្រមាណ៤ទៅ៥រថយន្ដយីឌុប រៀងរាល់ថ្ងៃដោយផ្ទុកលើសពីចំនួនដែលបានកំណត់នៅក្នុងអាជ្ញាប័ណ្ណប៉ុន្ដែគ្មានមន្ដ្រីជំនាញ ឬសមត្ថកិច្ចណាមួយត្រួតពិនិត្យទេ ព្រោះឈ្មោះ សុង បានរត់ការបង់លុយឲ្យសមត្ថកិច្ចអស់ហើយ៕
No comments:
Post a Comment
yes