ពលរដ្ឋជាច្រើនគ្រួសារកំពុងព្រួយបារម្ភចំពោះការបាត់បង់លំនៅ បន្ទាប់ពីអាជ្ញាធរក្រុងប៉ោយប៉ែត បានប្រកាសប្រាប់ឲ្យពួកគាត់រុះរើផ្ទះសំបែង និងសំណង់ផ្សេងៗចេញពីដីអមផ្លូវរថភ្លើងឲ្យអស់ក្នុងរយៈពេល ៣ថ្ងៃ ខណៈដែលគ្រួសារទាំងនោះនៅពុំទាន់ទទួលបានរបបគោលនយោបាយរបស់រដ្ឋាភិបាលគ្រប់ៗគ្នាផងនោះ។
លោក ហាយ ហាន អាយុ ៤៥ឆ្នាំ រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានថ្លែងនៅថ្ងៃទី២០ ខែសីហា ថា សាលាក្រុងប៉ោយប៉ែត បានចេញសេចក្ដីជូនដំណឹងចុងក្រោយមួយ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២ ដោយបានកំណត់ឲ្យប្រជាពលរដ្ឋនៅភូមិចំនួន ៥ភូមិ គឺភូមិផ្សារកណ្ដាល ភូមិគីឡូម៉ែត្រលេខ៤ ភូមិអូរជ្រៅ ភូមិក្បាលកោះ និងភូមិប៉ោយ ត្រូវរុះរើសំណង់ផ្ទះសំបែង សំយាប និងសំណង់ផ្សេងៗដែលប៉ះពាល់លើផ្លូវរថភ្លើងចេញឲ្យអស់ក្នុងរយៈពេលបីថ្ងៃ។
លោក ហាយ ហាន៖ «តាមគោលនយោបាយរបស់គេហ្នឹង វគ្គទី១ បានដី បានលុយ ខ្លះបានពីរពាន់ បីពាន់ ខ្លះបានមួយពាន់ ខ្លះបាន ៥០០ ៧០០ (ដុល្លារ) តាមផ្ទះតូចផ្ទះធំ។ ដីបានក្បាល ៧ បណ្ដោយ ១៥ម៉ែត្រ ដីនៅសល់ច្រើនណាស់គេអត់ឲ្យ ហើយយើងតវ៉ា គេទារឲ្យបង់លុយ ៥០០ដុល្លារ ទើបគេឲ្យដីមួយឡូត៍ ហើយអត់បានលុយសំណងទេ។ អ្នកនៅសេសសល់ឲ្យតែបានដី លុយតិចតូចក៏បាន មិនបានក៏មិនអីដែរ ឲ្យតែបានដីរស់នៅ នេះអត់មានបានសោះ អន្តរក្រសួងគេអស់ដីហើយ រដ្ឋក្រណាស់អត់មានដីទេ ដីនៅច្រើន»។
សេចក្ដីជូនដំណឹងរបស់សាលាក្រុងប៉ោយប៉ែត បានបញ្ជាក់ថា មានប្រជាពលរដ្ឋមួយចំនួនធំបានរុះរើផ្ទះសំបែងដោយខ្លួនឯង ដើម្បីសាងសង់ផ្លូវដែកអាស៊ាន សិង្ហបុរី គុនមិញ ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួនទៀតនៅពុំទាន់បានរុះរើចេញតាមការកំណត់របស់ក្រុមបច្ចេកទេសផ្លូវដែក និងសេចក្ដីជូនដំណឹងរបស់សាលាក្រុងឡើយ។ សាលាក្រុងជូនដំណឹងចុងក្រោយ សុំឲ្យប្រជាពលរដ្ឋរុះរើសំណង់គ្រប់ប្រភេទ ក្នុងរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២០ ខែសីហា នេះតទៅ។
ចំពោះប្រជាពលរដ្ឋមិនទាន់ចុះកិច្ចសន្យា ទទួលយករបបគោលនយោបាយរបស់រដ្ឋាភិបាល សុំប្រញាប់ទៅទាក់ទងក្រុមការងារ តាមរយៈមេភូមិ ដើម្បីចុះកិច្ចសន្យាទទួលយកសំណងគោលនយោបាយយ៉ាងយូរ រយៈពេលបីថ្ងៃ។ ផុតរយៈពេលនៃការកំណត់ខាងលើ សាលាក្រុងនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយពុំទទួលខុសត្រូវចំពោះការបាត់បង់សម្ភារៈ ផ្ទះសំបែងនោះឡើយ៕
No comments:
Post a Comment
yes