ប្រជាពលរដ្ឋនៅឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលមានជម្លោះដីធ្លី
ធ្វើការតវ៉ាបិទផ្លូវជាតិ កាលពីខែមករាដើមឆ្នាំនេះ។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងចុះទៅប្រគល់ប្លង់កម្មសិទ្ធិដីធ្លី ជូនដល់ពលរដ្ឋ នៅគ្រប់ខេត្តទាំងអស់ដោយផ្ទាល់ដៃ ដោយចាប់ផ្តើមពីស្រុកស្នួលខេត្តក្រចេះ បន្ទាប់ពីក្រុមនិស្សិតស្ម័គ្រចិត្ត បានបញ្ចប់ការវាស់វែងដីធ្លីរបស់ពួកគេ។
គណបក្សប្រឆាំង បានកត់សម្គាល់ថា ក្រុមនិស្សិតរបស់លោកនាយករដ្ឋមន្ត្រី គ្រាន់តែចុះទៅវាស់វែងដីរបស់ពលរដ្ឋ ចែកជូនពលរដ្ឋវិញតែប៉ុណ្ណោះចំណែកតំបន់ដែលកើតមានជម្លោះដីធ្លី រ៉ាំរ៉ៃពិតប្រាកដ មិនបានចុះទៅវាស់វែងទេ ខណៈដែលអង្គការសង្គមស៊ីវិល មើលឃើញថា សកម្មភាពរបស់រដ្ឋាភិបាល គ្រាន់តែជាការទាក់ទាញរកសំឡេងឆ្នោត នៅមុនការបោះឆ្នោតចូលមកដល់ ជាជាងការមានចេតនាពិតប្រាកដ ក្នុងការដោះស្រាយ ឈានទៅបញ្ចប់បញ្ហាជម្លោះដីធ្លី ដែលកំពុងតែញាំញីប្រទេសកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនទទួលរងគ្រោះនោះ។
ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិត សាកលវិទ្យាល័យបៀលប្រាយ ចំនួន ៥៥៥៩ នាក់ លោកនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា បេសកកម្មវាស់វែងដីធ្លីរបស់យុវជនស្ម័គ្រចិត្ត រហូតមកដល់ពេលនេះ វាស់វែងបានជាង ១០ ម៉ឺនគ្រួសារ ហើយក្រុមមន្ត្រី ធ្វើការផ្ទៀងផ្ទាត់តាមក្រោយបាន ៨៤០០០ គ្រួសារ។ នៅពេលវាស់វែងចប់ មន្រ្តីជំនាញ នឹងបិទសេចក្តីប្រកាស ពីបញ្ជីឈ្មោះកម្មសិទ្ធិកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ។ លោកបន្តថា ៖«សូមឲ្យពលរដ្ឋទាំងអស់ នាំគ្នាទៅពិនិត្យមើល សេចក្តីប្រកាស និងព្រំដីរបស់ខ្លួន យើងទុកក្នុងរយៈពេល ១ ខែ ប្រសិនបើមានអ្វីតវ៉ា ត្រូវតវ៉ានៅអំឡុង ពេលនេះ គឺគេនឹងដោះស្រាយជូន»។
លោកហ៊ុន សែន បានឲ្យដឹងទៀតថា ក្រោយពីបិទសេចក្តីប្រកាសហើយនោះ ទើបអាជ្ញាធរ ប្រគល់ប្លង់កម្មសិទ្ធិដីធ្លី ជូនពលរដ្ឋ។ លោក បន្ថែមទៀតថា៖ «ខ្ញុំនឹងធ្វើដំណើរចុះទៅចែកឲ្យតំបន់ណា ដែលធ្វើហើយមុនគេ ដោយមួយខេត្ត ខ្ញុំទៅមួយកន្លែង ដើម្បីប្រគល់ជូនផ្ទាល់ដៃ ឲ្យពលរដ្ឋ។ ខ្ញុំនឹងទៅស្រុកស្នួលមុន ពីព្រោះជាតំបន់ខ្ញុំធ្លាប់រត់ ហើយកន្លែង ២ ធ្នូជាកន្លែងទ័ពយើងបង្កើតរណសិរ្ស»។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានស្វាគមន៍ ចំពោះការខឹតខំប្រឹងប្រែង របស់រដ្ឋាភិបាល ក្នុងការចុះទៅវាស់វែង ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនដល់ប្រជាពលរដ្ឋ។ ប៉ុន្តែលោកបានកត់សម្គាល់ថា ក្រុមនិស្សិតរបស់លោកនាយករដ្ឋមន្ត្រី គ្រាន់តែចុះទៅវាស់វែងដីរបស់ប្រជាពលរដ្ឋ ចែកជូនប្រជាពលរដ្ឋវិញតែប៉ុណ្ណោះ ចំណែកតំបន់ដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃពិតប្រាកដ ដូចជានៅភ្នំពេញ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ស្ពឺ និងនៅខេត្តកោះកុងជាដើម។ល។ មិនទាន់ឃើញចុះទៅវាស់ទេ ធ្វើឲ្យជម្លោះនៅតែបន្តកើតមាន។ លោកយឹម សុវណ្ណ បានមានប្រសាសន៍ថា៖ «មានរយៈពេល ២០ ឆ្នាំហើយ រដ្ឋាភិបាល មិនទាន់បានចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឲ្យបាន គ្រប់ៗគ្នាទេ។ ប្រសិនបើគណបក្សសម រង្ស៊ី ជាប់ឆ្នោត យើងនឹងចំណាយពេលយ៉ាងយូរ ត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ក្នុងការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា ដោយប្រើស្ថាប័ន ក្រសួង មន្ទីរ របស់រដ្ឋដែលមានស្រាប់»។ លោកយឹម សុវណ្ណ អរគុណ ការផ្តល់ការងារឲ្យក្រុមនិស្សិតធ្វើ តាមរយៈការចុះវាស់វែងដីធ្លី បើទោះបីជាក្នុងរយៈពេលខ្លីក្តី ប៉ុន្តែលោកថា នៅមាននិស្សិត និងប្រជាពលរដ្ឋខ្មែររាប់លាននាក់ទៀត មិនមានការងារធ្វើទេ ដែលរដ្ឋាភិបាល គួរតែយកចិត្តទុកដាក់។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានគាំទ្រ ចំពោះសកម្មភាពរបស់រដ្ឋាភិបាលលើការចុះវាស់វែងដីធ្លីនេះផងដែរ ។ ប៉ុន្តែ លោកបានសម្តែងការព្រួយបារម្មណ៍ ចំពោះយន្តការនៃការអនុវត្ត វាស់វែងដីធ្លី របស់ក្រុមនិស្សិត ដែលមិនបានឆ្លើយតប ចំគោលដៅ។ លោកបានថ្លែងថា៖«ការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ដើម្បីឲ្យមានទំនុកចិត្ត ក្នុងការរស់នៅ និងធ្វើកសិកម្ម គឺជារឿងល្អត្រឹមត្រូវ។ ប៉ុន្តែខ្ញុំបារម្ភខ្លាចយន្តការនេះ មិនត្រូវបានគេយកទៅអនុវត្ត ឲ្យមានប្រសិទ្ធភាព ក្នុងការលប់បំបាត់ជម្លោះដីធ្លីនៅកម្ពុជា»។ លោកអ៊ូ វីរៈ បានបន្តថា កន្លងមក បញ្ហាជម្លោះដីធ្លី គឺជាប្រធានបទដ៏ក្ដៅគគុកមួយ ដែលគ្រប់គណបក្សនយោបាយ ពិសេស បក្សប្រឆាំង លើកមកអធិប្បាយ ដើម្បីទាក់ទាញសំឡេងគាំទ្រ ពីប្រជាពលរដ្ឋ ដូច្នេះវាប្រាកដណាស់ថា ប្រជាពលរដ្ឋ នឹងផ្ដល់ទំនុកចិត្ត គាំទ្ររដ្ឋាភិបាលបន្ថែមទៀត ប្រសិនបើយន្តការរៀបចំផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ត្រូវបានគេអនុវត្តត្រឹមត្រូវ ដោយគ្មានអំពើពុករលួយនោះ។
លោកអំ សំអាត ទីប្រឹក្សាបច្ចេកទេស ជាន់ខ្ពស់ នៃអង្គការសិទ្ធិមនុស្ស លីកាដូ បានលើកឡើងស្រដៀងគ្នានេះដែរថា រដ្ឋាភិបាលអាចនឹងទទួលបានសំឡេងគាំទ្រ ពីប្រជាពលរដ្ឋកាន់តែច្រើន នៅក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៣ ខាងមុខ ប្រសិនបើជម្លោះដីធ្លីត្រូវបានដោះស្រាយចប់ជាស្ថាពរ តាមរយៈការវាស់វែងបែងចែកដីធ្លី និងការផ្ដល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ត្រូវបានធ្វើឡើងដោយមានតម្លាភាព និងគ្មានអំពើពុករលួយ។ លោកបានថ្លែងថា៖«ការបញ្ជូនក្រុមនិស្សិត ទៅវាស់វែងដីធ្លី ហើយការគ្រោងរបស់លោកនាយករដ្ឋមន្ត្រី ក្នុងការទៅផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋដោយផ្ទាល់ ដៃនោះគឺជាយុទ្ធសាស្ត្រ ក្នុងការស្វែងរកសំឡេងឆ្នោតគាំទ្រ សម្រាប់ការបោះឆ្នោតជាតិឆ្នាំ ២០១៣»៕
No comments:
Post a Comment
yes