ភ្នំពេញៈ កូនខ្មែរកាត់បរទេសដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសប្រទេសបារាំង នាង Berenice Marlohe កំពុងលេចធ្លោនៅលើឆាកសិល្បៈបរទេស ហើយនៅពេលថ្មីៗនេះ ប្រជាជនទូទាំងពិភពលោកកំពុងមានភាពភ្ញាក់ផ្អើលជាមួយការសម្តែង របស់នាងនៅផលិតកម្មភាពយន្តយក្សហូលីវូដ ក្នុងរឿងដ៏ល្បីល្បាញ 007 James Bond ដែលគ្រោងនឹងដាក់បញ្ចាំងនៅទូទាំងពិភពលោកនៅក្នុងឆ្នាំ២០១២នេះ។
តាម បណ្តាញគេហទំព័រ Wikipedia បានឲ្យដឹងថា នាង Berenice Marlohe កើតនៅថ្ងៃទី១៩ មិថុនា ឆ្នាំ១៩៧៩ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ សព្វថ្ងៃនាងគឺជាតារាសម្តែងមានឈ្មោះបោះសំឡេងម្នាក់នៅប្រទេស បារាំង ហើយតារារូបនេះបានក្លាយជាតារាសម្តែងរបស់ហូលីវូដតាមរយៈការថត រឿង 007 James Bond ទី២៣ ដែលមានចំណងជើងថា Skyfall នៅក្នុងឆ្នាំ២០១២នេះ។ នៅក្នុងភាពយន្តបាញ់បោះដែលថតនៅប្រទេសអង់គ្លេសមួយនេះ នាងត្រូវដើរតួដោយមានឈ្មោះថា Severine ហើយរឿងនេះគ្រោងនឹងដាក់បញ្ចាំងនៅក្នុងឆ្នាំ២០១២នេះតែម្តង។
ជាមួយ នឹងរូបរាង និងរង្វង់មុខបែបពួកប៉ែកអឺរ៉ុប ដែលដាច់ឆ្ងាយស្រឡះពីបណ្តាជាតិសាសន៍នៅអាស៊ីនោះ តែគេបានដឹងថា នាង Berenice Marlohe គឺមានឈាមជ័រពាក់កណ្តាលនៅតំបន់អាស៊ី។ ថ្វីដ្បិតកើតនៅទីក្រុងប៉ារីស ប្រទេសបារាំង តែបើតាមប្រព័ន្ធ Wikipedia បានកត់ត្រាយ៉ាងលម្អិតថា Berenice Marlohe គឺជានារីស្រស់ស្អាតចម្រុះជាតិសាសន៍មួយពោលគឺនាងជាកូនកាត់រវាង អាស៊ី និងអឺរ៉ុប។
តាមគេហទំព័រ Wikipedia ដដែលបានឲ្យដឹងថា នាង Marlohe មានម្តាយជាជនជាតិបារាំង និងឪពុកជាជនជាតិកម្ពុជាកាត់ចិន។ ម្តាយរបស់នាងគឺជាគ្រូបង្រៀន និងឪពុកជាវេជ្ជបណ្ឌិត។ តាំងពីវ័យក្មេងមក Marlohe តែងប្រាប់គេឯងថា រូបនាងចង់ក្លាយជាអ្នកលេងព្យ៉ាណូ និងអ្នកសិល្បៈសម្តែងមានឈ្មោះល្បីល្បាញម្នាក់ ដូច្នេះហើយរូបនាងក៏បានចូលសិក្សានៅសាលាសិល្បៈបារាំងល្បីឈ្មោះ មួយគឺ Conservatoire de Paris ដែលនៅទីនោះនាងបានចំណាយពេល១០ឆ្នាំដើម្បីក្រេបជញ្ជក់យករសជាតិ សិល្បៈដែលខ្លួនប្រាថ្នាចង់បាន។
ប៉ុន្តែបើទោះបីជាតស៊ូនៅ ក្នុងវិស័យសិល្បៈ និងចំណាយពេលដ៏ច្រើនយ៉ាងណា ក៏ជំហានដំបូង រូបនាងមិនអាចគេចផុតពីបញ្ហានៃការផ្តើមអាជីពឡើយ ខណៈដែលមានមនុស្សជាច្រើនបាននិយាយថា នាងជាសិល្បការិនីអន់ថយម្នាក់។ មុននឹងបោះជំហានចូលប្រឡូកនៅក្នុងចង្កោមតារាហូលីវូដ នាង Marlohe បានត្រឹមតែដើរតួតូចតាចកំប៉ិកកំប៉ុក និងមានគ្រឹះតិចតួចនៅក្នុងសិល្បៈតែប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី តែគេបានដឹងថា នាងជាមនុស្សដែលមានការតស៊ូខ្ពស់ និងជាអ្នកជឿជាក់លើភ័ព្វព្រេងវាសនា។
តារាដែលមានឈាមជ័រឪពុក ជាជនកម្ពុជារូបនេះបាននិយាយតាមហ្វេសប៊ុករបស់នាងដោយមានសកម្ម ភាពសិល្បៈនៅលើឆាកអន្តរជាតិជាច្រើនថា៖«អ្វីដែលបានកើតឡើងនៅ បារាំងចំពោះខ្ញុំ គឺភ្នាក់ងារភាពយន្តជាច្រើនតែងនិយាយថា ខ្ញុំមិនដូចតារាសម្តែងបារាំង ដូច្នេះប្រហែលជាការងារថតមិនសូវល្អទេ ហើយសូម្បីតែគេឃើញពេលខ្ញុំថត មានគេណែនាំខ្ញុំប្រាប់គេគ្រប់គ្នា ក៏មនុស្សទាំងអស់នៅមិនទទួលស្គាល់ខ្ញុំដែរ ខ្ញុំគ្មានពាក្យនិយាយទាល់តែសោះ»។
តារាសម្តែងក្នុងរឿង ហូលីវូដ 007 ទី២៣កូនកាត់កម្ពុជារូបនេះបាននិយាយរឿងគួរឲ្យអស់សំណើចមួយមុន នឹងនាងបានសម្តែងភាពយន្ត Skyfall ថា កាលពី៦ខែមុន មុននឹងនាងបានសម្តែងរឿង James Bond នាងបានសុបិនឃើញថា នាងបានសម្តែងជាមួយនឹងតារាសម្តែងល្បីលោក Javier Bardem។ នាងបានបន្តថា បន្ទាប់ពីក្តីសុបិនដ៏រីករាយនោះ អ្វីៗក៏បានប្រសើរដូចការយល់សុបិននោះមែន។ ចុងក្រោយនាងក៏បានក្លាយជាតួឯកក្នុងរឿង Skyfall របស់ផលិតកម្មហូលីវូដ ដែលគេគ្រប់គ្នាស្គាល់ថា ជារឿង ជែមស៍ស្ប៊ន នោះ។
ជាមួយនឹងការរំលេចវត្តមានរបស់តារាកូនកាត់កម្ពុជានាង Berenice Marlohe នៅលើឆាកហូលីវូដក្នុងរឿង Skyfall ភ្លាម កុំថាឡើយជនបរទេស សូម្បីតែជនជាតិកម្ពុជាក៏មានការភ្ញាក់ផ្អើលមិនតិចដែរ។ ពួកគេបានសម្តែងមោទនភាព និងភាពរីករាយនៅពេលឃើញតារាស្រីរូបនេះមានឱកាសយ៉ាងធំសម្បើម ទោះបីនាងមិនមែនជាកូនខ្មែរសុទ្ធសាធក៏ដោយ។
តាមរយៈរឿង Skyfall គេសង្ឃឹមថានឹងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីទស្សនិកជន ហើយប្រជាជនប្រទេសបារាំងនឹងភ្ញាក់ផ្អើលជាមួយនឹងការសម្តែងដ៏ល្អ របស់តារាដែលមានម្តាយបារាំង ឪពុកកម្ពុជាកាត់ចិននាង Berenice Marlohe ។
ទោះជាយ៉ាងណាតារាស្រីដែលកំពុងមុជយ៉ាងជ្រៅនៅហូលីវូដរូបនេះមិនបាននិយាយលម្អិតឡើយ៕
No comments:
Post a Comment
yes