សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, June 24, 2012

ក្រុមហ៊ុន​ខេភីស​ឈូស​ឆាយ​ដី​ចម្ការ​វិល​ជុំ​និង​តំបន់​តំណម​របស់​អ្នក​ស្រុក​ពេជ្រាដា


ក្រុម​អ្នក​ភូមិ នៅ​ភូមិ​ឡាំមេះ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី មិន​សប្បាយ​ចិត្ត​នឹង​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ ខេភីស (KPIS)។ អ្នក​ភូមិ​អះអាង​ថា ក្រុមហ៊ុន ខេភីស ឈូស​ឆាយ​ដី​ព្រៃ​ចម្ការ​វិល​ជុំ និង​ឈូស​តំបន់​ព្រៃ​តំណម ដោយ​មិន​មាន​ការ​ពិភាក្សា​ជាមួយ​ពួក​គាត់​ជា​ម្ចាស់​ស្រុក ជា​មុន​ឡើយ។
តំណាង​សហគមន៍​ជន​ជាតិ​ដើម​ព្នង​ភូមិ​ឡាំមេះ លោក ក្រោះ សុក នៅ​ថ្ងៃ​ទី​២២ មិថុនា មាន​ប្រសាសន៍​ថា ក្រុមហ៊ុន ខេភីស ឈូស​ដី​ព្រៃ​សហគមន៍​ជន​ជាតិ​ដើម​ព្នង អស់​ជាច្រើន​ហិកតារ តាំង​ពី​តំបន់​សែន​ព្រេន របស់​ជន​ជាតិ​ដើម​ព្នង រហូត​ដល់​ដី​ចម្ការ​វិល​ជុំ​របស់​ពលរដ្ឋ។ លោក​បន្ត​ថា លោក និង​តំណាង​សហគមន៍​ផ្សេង​ទៀត ធ្លាប់​បាន​ទៅ​សួរ​នាំ​សុំ​អាជ្ញាប័ណ្ណ​មើល​ដែរ តែ​ក្រុមហ៊ុន ខេភីស មិន​ឲ្យ​មើល​ទេ។
លោក ក្រោះ សុក បញ្ជាក់​ថា បើ​ក្រុមហ៊ុន​នេះ​នៅ​តែ​បន្ត​ធ្វើ​យ៉ាង​ដូច​នេះ​ទៀត ក្រុម​អ្នក​ភូមិ​នឹង​ធ្វើ​ការ​តវ៉ា៖ «កន្លែង​ហ្នឹង ជា​កន្លែង​ថ្លៃ​ថ្នូរ កន្លែង​សំខាន់​របស់​ជន​ជាតិ​យើង ជា​កន្លែង​តំណម។ ឥឡូវ​ហ្នឹង ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ជុំវិញ​កន្លែង​ហ្នឹង​អស់​ហើយ។ គាត់​ថា​នឹង​ដោះ​ស្រាយ តែ​ដោះ​ដោយ​វិធី​ណា ខ្ញុំ​អត់​ទាន់​ដឹង»
លោក​បន្ត​ថា អ្នក​ភូមិ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត ពិនិត្យ​មើល​សកម្មភាព​ក្រុមហ៊ុន ខេភីស ឲ្យ​បាន​ច្បាស់ ដើម្បី​ធានា​ថា អ្នក​ភូមិ​មិន​ត្រូវ​បាន​រំលោភ​បំពាន​ពី​សំណាក់​ក្រុមហ៊ុន។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​អាជ្ញាធរ​ខេត្ត និង​ក្រុមហ៊ុន ខេភីស បាន​ទេ នៅ​ថ្ងៃ​ទី​២២ មិថុនា ឆ្នាំ​២០១២។
ទោះ​ជា​យ៉ាង​នេះ​ក្តី មេឃុំ​ប៊ូស្រា លោក កើញ រដ្ឋា មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ថា​ក្រុមហ៊ុន ខេភីស មាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល ឬ​យ៉ាង​ណា​នោះ​ឡើយ។ ប៉ុន្តែ ពេល​សុំ​មើល​ច្បាប់​វិនិយោគ តំណាង​ក្រុមហ៊ុន​បង្ហាញ​តែ​ផែនទី​ដី​វិនិយោគ។
លោក​បន្ត​ថា ក្នុង​នាម​ជា​អាជ្ញាធរ​មូលដ្ឋាន លោក​ចាត់​ទុក​ថា​ក្រុមហ៊ុន​នេះ មិន​ស្រប​ច្បាប់​ឡើយ៖ «មិន​រវីរវល់​ទេ បើ​គាត់​ប៉ះ​ប្រជាពលរដ្ឋ ដោះ​ស្រាយ​ជាមួយ​ពលរដ្ឋ​ទៅ ព្រោះ​អាជ្ញាធរ​មិន​ទទួល​ស្គាល់​ទេ ឯកសារ​គេ​គ្រប់​គ្រាន់ ឬ​មិន​គ្រប់​គ្រាន់ យើង​អត់​ដឹង»
យ៉ាង​ណា​ក៏​ដោយ សង្គម​ស៊ីវិល​ដែល​អង្កេត​ការងារ​ដីធ្លី នៅ​ខេត្ត​មណ្ឌលគិរី ជំរុញ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ជា​បន្ទាន់ ដើម្បី​ការពារ​សិទ្ធិ​កាន់​កាប់​ដីធ្លី​របស់​ជន​ជាតិ​ដើម​ភាគ​តិច។
មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត​មណ្ឌលគិរី លោក គល់ មីឌី មាន​ប្រសាសន៍​ថា ធម្មតា​បើ​ក្រុមហ៊ុន​មួយ​មាន​អាជ្ញាប័ណ្ណ​សម្បទាន​ដីធ្លី ត្រូវ​តែ​មាន​ការ​សិក្សា​ច្បាស់​លាស់​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន។ លោក​បន្ត​ថា ករណី​ក្រុមហ៊ុន ខេភីស នៅ​ប៊ូស្រា ជា​ករណី​គួរ​ឲ្យ​សង្ស័យ​មួយ ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​តែ​ត្រួត​ពិនិត្យ។
លោក គល់ មីឌី៖ «បើ​សិន​ក្រុមហ៊ុន​ហ្នឹង មិន​ទទួល​សម្បទាន​ពី​រដ្ឋ​ទេ ហើយ​គាត់​ទៅ​ឈូស​ឆាយ​ដី​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ជា​ដី​សាធារណៈ​របស់​រដ្ឋ អីចឹង​គ្មាន​បុគ្គល​ណា​មួយ មាន​សិទ្ធិ​ទៅ​ឈូស​ឆាយ​ដី​សាធារណៈ​របស់​រដ្ឋ​ទេ អាជ្ញាធរ​មូលដ្ឋាន​គួរ​តែ​មាន​វិធានការ​ដាក់​ពាក្យ​បណ្ដឹង»
លោក​បន្ត​ថា អាជ្ញាធរ​មិន​ត្រូវ​សម្ងំ ដោយ​បណ្តោយ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ប្រព្រឹត្តិ​ផ្ទុយ​ពី​ច្បាប់​រដ្ឋ​នោះ​ឡើយ។
ទាក់​ទង​នឹង​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ច្បាប់​ភូមិបាល​មាត្រា​២៥៩ ចែង​ថា ការ​ប៉ះ​ពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល ដល់​៥០​លាន​រៀល ឬ​នឹង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ​ដល់​៥​ឆ្នាំ។
ច្បាប់​ភូមិបាល​មាត្រា​២៦៥ ក៏​បាន​ចែង​ដែរ​ថា រាល់​ការ​ប៉ះពាល់​ធ្វើ​ឡើង​ប្រឆាំង​នឹង​សិទ្ធិ​លើ​ដី​របស់​រដ្ឋ សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ដោយ​អាជ្ញាធរ ដែល​ទទួល​ខុស​ត្រូវ​គ្រប់​គ្រង​តំបន់​ដែល​អចលនវត្ថុ​នោះ​តាំង​នៅ ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ១​លាន​៥​សែន​រៀល ដល់​៩​លាន​រៀល ឬ​នឹង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ​ដល់​៥​ឆ្នាំ និង​ត្រូវ​ទទួល​ទោស​រដ្ឋបាល​ថែម​ទៀត៕

No comments:

Post a Comment

yes