សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 10, 2012

ថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី គាំទ្ររបាយការណ៏របស់លោក ស៊ូរិយា ប្រសាទស៊ូ ប៊ែឌី លើបញ្ហាសិទ្ធិមនុស្ស និងការកែទំរង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ដែលរដ្ឋាភិបាលត្រូវតែទទួលយក


រដ្ឋាភិបាលក្រុងភ្នំពេញរបស់លោក ហ៊ុន សែន កំពុងតែទទួលរងនូវសម្ពាធរបស់អន្តរជាតិក្នុង​មួយរយៈពេលខ្លីនេះយ៉ាងធ្ងន់ធ្ងរ ចំពោះការដឹកនាំប្រទេសក្រោមការ​គ្រប់គ្រងរបស់ខ្លួ​នដែល​ពោ​ពេញទៅដោយការរំលោភសិទ្ធិមនុស្ស ការបំបិទសិទ្ធិប្រជាពលរដ្ឋ និងអ្នកនយោបាយ​ក្នុងការ​បញ្ចេញ​មតិដើម្បីធ្វើការរិះគន់ការដឹកនាំរបស់ខ្លួនក្នុងន័យស្ថាបនា ការបំផ្លាញធនធានធម្មជាតិ ការបិទផ្លូវប្រធានគណបក្សប្រឆាំងវិលមកកម្ពុជា ដើម្បីចូលរួមក្នុងការប្រគួតប្រជែង​ដោយស្មើ​ភាព និង​កា​រ​បោះឆ្នោតដោយពុំមានតម្លាភាព គឺនៅពេលបោះឆ្នោតម្តងៗពោពេញទៅដោយ​ការ​លួចបន្លំ ការ​បំភិតបំភ័យ ការទិញដូរ និងស្ថាប័នគណកម្មធិការជាតិរៀបចំការបោះឆ្នោត​បានធ្វើ​ជាឧបករណ៏​នយោបាយឲ្យ​គណបក្សកាន់អំណាច ដែលធ្វើអ្វីៗដើម្បីឲ្យគណបក្ស​ប្រជាជន​ឈ្នះ​ជានិច្ច ឈ្នះតែ​ឯង និងឈ្នះជារៀងរហូតនោះ ។


ចំពោះករណីខាងលើនេះកាលពីពេលកន្លងទៅថ្មីៗ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោក ស៊ូរិយា ប្រាសាទស៊ូបែឌី ក៏បានចេញនូវរបាយការណ៏ របស់ខ្លួន ដោយបានរិះគន់ចំៗមិនបណ្តាក់មាត់មកលើរដ្ឋាភិបាលក្រុងភ្នំពេញរបស់ លោក ហ៊ុន សែន ហើយលោក ស៊ូរិយា ប្រាសាទស៊ូប៊ែឌី  គ្រោងនឹងលើកឡើងបញ្ហាទាំងអស់នេះនៅ​ក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូយ៉កផងដែរ ។ ទាំងអស់នេះកាន់តែ​បង្ហាញ​ឲ្យឃើញថា អន្តរជាតិបានចាប់អារម្ភយ៉ាងខ្លាំង ចំពោះការដឹកនាំប្រទេសរបស់លោក ហ៊ុន សែន ដែលកំពុងធ្វើដំណើរទៅរកផ្លូវមរណៈនោះ ។

ជុំវិញទៅនិងការចេញរបាយការណ៏របស់ប្រសិតពិសេសអង្គការសហប្រជាជាតិនេះផងដែរ ថ្នាក់ ដឹកនាំគណបក្ស សម រង្ស៊ី បានសម្តែងការគាំទ្រដោយបានលើកឡើងថា នេះមិនមែនជាអ្វីដែល គេចោទប្រកាន់ថាគណបក្សប្រឆាំងចេះតែនិយាយ និងមួយបង្កាច់គេនោះទេ ព្រោះឥឡូវសូម្បីតែ អន្តរជាតិ ក៏គេបានយល់យ៉ាងដូចច្នេះផងដែរ និងកំពុងតែដាក់សម្ពាធយ៉ាងខ្លាំង មកលើរដ្ឋាភិ​បាល​​របស់លោក ហ៊ុន សែន ដែលមិនអាចប្រកែកបាន និងក៏មិនអាចថា មិនកែតម្រូវការគ្រប់​គ្រងរបស់ខ្លួនផងដែរ ហើយចាំបាច់ណាស់ត្រូវតែបើផ្លូវឲ្យលោក សម រង្ស៊ី បានវិលត្រឡប់​មក​កាន់ប្រទេសកម្ពុជាវិញឲ្យបានឆាប់ ដើម្បីលោកធ្វើការដឹកនាំគណបក្ស សង្គ្រោះជាតិ ក្នុងយុទ្ធ​នាការឃោសនាបោះឆ្នោតដោយផ្ទាល់ ព្រោះលោកគឺជាប្រធានគណបក្ស សង្គ្រោះជាតិ ហើយ​គណ​បក្សសង្គ្រោះជាតិក៏បានទទួលស្គាល់ពីក្រសួងមហាផ្ទៃហើយផងដែរ ដែលនិងបើកសម្ភោធ​ទីស្នាក់ការគណ​បក្ស ជាផ្លូវការនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ ចាប់ពីវេលា១និង៣០នាទី​រសៀល​​តទៅ នៅផ្ទះលេខ​៣៨ ផ្លូវ១៩៧២ ភូមិ​ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជ​ធានីភ្នំពេញ ក្រោមអធិបតិយ្យភាពរបស់លោក សម រង្ស៊ី តាមរយៈវីដេអូ ខនហ្វ្ររិន ។

ជុំវិញទៅនិងករណីនៃការចេញរបាយការណ៏របស់ប្រេសិតពិសេសអង្គការសហប្រជាជាតិ លោក​ស្រី មូរ សុខហួរ តំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី និងជាប្រធានអគ្គ​លេខា​ធិការរដ្ឋាន ចល​នាប្រជាធិបតេយ្យសង្គ្រោះជាតិ បានមានប្រសាសន៏ឲ្យដឹងថា របាយការណ៏របស់លោក ស៊ូរិយា ប្រសាទស៊ូប៊ែឌី គឺបានផ្តោតទៅលើចំណុច២សំខាន់ៗ ដែលទី១គឺ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុ ជា និងចំណុចសំខាន់ទី២ គឺការកែទំរង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ។ រីឯលោក អេង ឆៃអ៊ាង ដែល​​ជាសមាជិកព្រទឹ្ធសភារបស់គណបក្ស សម រង្ស៊ី លោកបានលើកឡើងថា លោក ស៊ូរិយា ប្រសាទ​ស៊ូ​ប៊ែ មិនមែនជាមនុស្សធម្មតារបស់អង្គការសហប្រជាជាតិនោះទេ គឺនៅបន្ទាប់​ពីលោក​បានចេញរបាយការណ៏របស់ខ្លួនរួចមក​ បានធ្វើឲ្យរដ្ឋាភិបាលក្រុងភ្នំពេញមានប្រតិកម្មយ៉ាងខ្លាំង ថាលោក ស៊ូរិយា ប្រាសាទស៊ូប៊ែឌី ជាអ្នកនាំពាក្យឲ្យគណបក្សប្រឆាំងទៅវិញ ។ លោកបន្តថា តាម​ពិត​ទៅតំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ១៩៩៤មក គឺរដ្ឋាភិ​បាល​មិនបានពេញចិត្តចំពោះវត្តមានរបស់ពួកគាត់នៅក្នុងប្រទេសកម្ពុជានោះទេ ព្រោះដោយ​សារ​តែពួកគេនិយាយចំចំណុចរសើបរបស់រដ្ឋាភិបាល ។ លោក អេង ឆៃអ៊ាង បន្តថាលោកកោត​តែតំណាងរបស់រដ្ឋាភិបាលនិយាយថា ប្រសិតពិសេសរបស់អង្គការសហប្រជាជាតិ​ជាអ្នកនាំ​ពាក្យ​ឲ្យគណបក្សប្រឆាំងទៅវិញ លោកមិនយល់សោះចំពោះការលើកឡើងរបៀបនេះ​របស់​ពួក​គេ លោកថាប្រសិតពិសេសរបស់អង្គការសហប្រជាជាតិ គឺគេមកធ្វើការតំណាងឲ្យអង្គការសហ​ប្រជាជាតិ គេមិនមែន​ជាអ្នកនាំពាក្យឲ្យគណបក្សប្រឆាំងនោះទេ ។ ហើយរដ្ឋាភិបាល​មិន​គួរមាន​ប្រតិកម្មបែបនេះនោះទេ គឺគួរតែទទួលយកអនុសាសន៏របស់ប្រេសិតពិសេស​អង្គការសហ​ប្រជា​ជាតិ ដើម្បីធ្វើយ៉ាងណា យើងកែលំអរ ធ្វើឲ្យប្រទេសជាតិរបស់យើងមានកិត្យានុភាព ។ ព្រោះ​ឥឡូវនេះ ប្រទេសកម្ពុជា​របស់យើងគឺចង់ឲ្យខ្លួនបានក្លាយទៅជាសមាជិកមិន​អចិន្ត្រៃយ៏នៃក្រុម​ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិថ្មីនេះផងដែរ ។

សមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី លោក អេង ឆៃអ៊ាង បានមានប្រសាសន៏បន្តថា បើ
កម្ពុជា ចង់ឲ្យខ្លួនក្លាយទៅជាសមាជិកមិនអចិន្រ្តៃយ៏នៃអង្គការសហប្រជាជាតិនោះ គឺវាជាការ​ងាយទេ ចំណុចដែលសំខាន់គឺយើង មិនត្រូវជំទាស់ទៅនិងការលើកឡើងរបស់អង្គការសហប្រ​ជាជាតិ ឬក៏តំណាងរបស់គេនោះឡើយ ព្រោះគេមិនមែនតែនឹកឃើញហើយចេញនូវរបាយ​ការណ៏របស់ខ្លួននោះទេ គឺគេបានចុះតាមដាននិងអង្កេតយ៉ាងត្រឹមត្រូវ ហើយយើងគួរតែទទួល យកនូវអនុសាសន៏ល្អៗរបស់គេ ។ នោះប្រាកដជាមានការគាំទ្រឲ្យកម្ពុជាបានក្លាយទៅ​ជាសមា​ជិក មិនអចិន្រ្តៃយ៏ជាក់ជាមិនខាននោះឡើយ ព្រោះអង្គការសហប្រជាជាតិមិនមែន​ជាអង្គការ​មួយ ដែលមានប្រទេសត្រឹមតែ២ទៅ៣ចូលរួមនោះទេ គឺមានប្រទេសរាប់រយប្រទេសដែល​បាន​ចូលរួម ។

ដូចនេះហើយមុននិងគេអនុញ្ញាត្តឲ្យយើងចូលជាសមាជិកមិនអចិន្ត្រៃយ៏ ក៏គេត្រូវមើលផងដែរថា តើប្រទេសមួយនេះគោរពតាមការចង្អុលបង្ហាញរបស់អង្គការសហប្រជាជាតិដែលឬមួយក៏យ៉ាង ណា  ? ហើយតើប្រទេសមួយនេះគោរពសិទ្ធិរបស់ប្រជាពលរដ្ឋ និងដឹកនាំប្រទេសតាមបែបប្រជា ធិបតេយ្យ ដែលឬមួយក៏យ៉ាងណា ? ។ លោក អេង ឆៃអ៊ាង បន្តថាអ្វីដែលលោក ស៊ូរិយា ប្រា​សាទ​ស៊ូប៊ែឌី បានលើកឡើងគឺមិនខុសនោះទេ ទាក់ទងទៅនិងការរំលោភសិទ្ធមនុស្ស ការរំ​លោភ​លើសិទ្ធិលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ការបណ្តេញចេញដោយបង្ខំ ប្រព័ន្ធយុត្តធម៌មិនឯក រាជជាដើម ពិសេសគឺការបោះឆ្នោតពោពេញទៅដោយការពុំមានតម្លាភាព សេរី ត្រឹមត្រូវ និង យុត្តិ​ធម៌នោះឡើយ ។

អ្វីដែលលោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ បានលោកឡើងខាងលើនេះ លោក គីម​សួរ ភិរិទ្ធិ តំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី មណ្ឌលកំពង់ចាម លោកសូមគាំទ្រ លោកថា​គ្រប់បេសកជន ឬតំណាងពិសេសរបស់អង្គការសហប្រជាជាតិ ដែលមកប្រចាំនៅក្នុងប្រទេស កម្ពុជា ជានិច្ចជាកាលគឺមិនត្រូវបានរដ្ឋាភិបាលទទួលស្គាល់ថាពួកគាត់បានបំពេញកាតព្វកិច្ចឲ្យ បានត្រឹមត្រូវក្នុងនាមតំណាងឲ្យអង្គការសហប្រជាជាតិនោះទេ គឺថាពួកគេមើល​មករដ្ឋាភិបាល​ក្នុងផ្លូវ​អវិជ្ជមាន ។ លោក គីមសួរ ភីរិទ្ធ បន្តថាតាមពិតអ្វីដែលគេមកឃ្លាំមើលគឺគេឃ្លាំ មើលពី​ដំ​ណើរការអវិជ្ជមានរបស់រដ្ឋាភិបាល ដើម្បីឲ្យរដ្ឋាភិបាលកែឲ្យខ្លួនអាចដឹកនាំប្រទេសទៅ តាម​គន្លង​​នៃលិទ្ធិប្រជាធិបតេយ្យដែលយើងបានសន្យាជាមួយនិងសហគមន៏អន្តរជាតិ ។ ដូច្នេះអ្វី ដែលលោក ស៊ូរិយា ប្រសាទស៊ូប៊ែឌី បានលើកឡើងមកនេះ គឺជាទស្សនៈមួយដែលឆ្លុះបញ្ចាំង​អំ​ពីកង្វះខាតរបស់រដ្ឋាភិបាលបច្ចុប្បន្ន មិនមែនជាទស្សនៈដាក់កុំហុសទៅរដ្ឋាភិបាលនោះទេ ។

តំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី លោក គីមសួរ ភិទ្ធិ បានលើកឡើងទៀតថា រដ្ឋាភិបាល
បច្ចុប្បន្នត្រូវតែយល់ថា អ្វីដែលគេបានលើកឡើង ជាការបង្ហាញផ្លូវដើម្បីឲ្យខ្លួនដឹកនាំប្រទេស មួយ​ទៅតាមកន្លងប្រជាធិបតេយ្យ ដើម្បីឲ្យជាពលរដ្ឋកាន់តែមានភាពជឿជាក់ និងសហគមន៏ អន្តរជាតិផងដែរ ខ្លួនត្រូវតែងាកមកមើលអ្វីដែលជាការខុសឆ្គងរបស់ខ្លួនដែលគេបាន​បញ្ជាក់​នៅ​ក្នុងរបាយការណ៏របស់ប្រេសិតពិសេសអង្គការសហប្រជាជាតិ ។ លោក គីមសួរ ភីរិទ្ធិ បន្តថា​លោក​​យ​ល់ថា ប្រតិកម្មរបស់រដ្ឋាភិបាលគឺមិនផ្លែកគ្នានោះទេ ឲ្យតែអ្នកណាដែលមើលឃើញ​ពី​ភាព​អវិជ្ជមានរបស់ខ្លួនក្នុងការដឹកនាំ គឺរដ្ឋាភិបាល​តែងតែចោទអ្នកនោះបំរើឲ្យនិន្នាការ​គណបក្ស​ប្រឆាំង ឬគួរតែទៅធ្វើជាទីប្រឹក្សារបស់គណបក្សប្រឆាំង រួមទាំងសង្គមស៊ីវិលក៏ត្រូវបាន​រដ្ឋាភិ​បាល​​ធ្វើការចោទប្រកាន់យ៉ាងដូច្នោះផងដែរ ។

ជាការពិតអ្នកតាមដានបានលើកឡើងថា រដ្ឋាភិបាលដែលដឹកនាំប្រទេសជិតរយៈពេល៣០ឆ្នាំ​មកនេះ គឺមិនដែលទទួលយកនូវការរិះគន់របស់អន្តរជាតិ គណបក្សប្រឆាំង និងអង្គការសង្គមស៊ី វិល ក្នុងន័យស្ថាបនាដើម្បីធ្វើការដឹកនាំប្រទេសឲ្យទៅរកភាពរីកចំរើន និងជឿនលឿន ព្រមទាំង ការគោរពនូវលិទ្ធិប្រជាធិបតេយ្យនោះឡើយ គឺតែងតែធ្វើអ្វីទៅតាមការនិកឃើញរបស់ខ្លួន និង​ការសម្រេចអ្វីតែអត្តនោម័តខ្លួនឯងតែប៉ុណ្ណោះ ព្រោះគេតែងតែគិតថាមិនមានអ្នកណាអាចប្រៀប ផ្ទឹមនិងខ្លួនបាននោះឡើយ ។ ដូច្នេះប្រសិនបើរដ្ឋាភិបាលបច្ចុប្បន្នមិនព្រមកែប្រែ នូវអ្វីដែលជា​កង្វះខាតរបស់ខ្លួននោះ ប្រទេសកម្ពុជា និងប្រជាពលរដ្ឋ និងរងគ្រោះកាន់តែធ្ងន់ធ្ងរខ្លាំងឡើងៗ ជាក់ជាមិនខាននោះឡើយ ដូចអ្វីដែលគេបានមើលឃើញថា រដ្ឋាភិបាលសព្វថ្ងៃកំពុងតែដឹកនាំ ប្រទេសទៅដល់មាត់ជ្រោះមរណៈនោះ ។

ដូចអ្វីដែលបានលើកឡើងមកខាងលើនេះហើយ បានជាកាលពីពេលកន្លងទៅថ្មីៗគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិសមុស្ស បានធ្វើការសម្រេចរួមបញ្ចូលគ្នាជាកម្លាំងតែមួយ ដោយ​បានបង្កើតជាជំហ៊ានដំបូងនូវ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បន្ទាប់មកគឺបានបង្កើត គណ បក្ស សង្គ្រោះជាតិ ក្នុងការចូលរួមប្រគួតប្រជែងជាមួយនិងគណប​ក្សប្រជាជននៅឆ្នាំ២០១៣ខាង មុខ ដើម្បីស្រោចស្រងប្រទេជាតិ និងប្រជាពលរដ្ឋពីកណ្តាប់ដៃនៃការគ្រប់គ្រងរបស់គណបក្ស​កាន់អំណាចសព្វថ្ងៃនេះ ៕   

No comments:

Post a Comment

yes