ប្រជាពលរដ្ឋប្រមាណ ៥០០ គ្រួសារ រស់នៅសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ កំពុងព្រួយបារម្ភបាត់បង់ដីលំនៅឋាន និងដីចម្ការ ដោយសារក្រុមហ៊ុនវិនិយោគ រ៉ូយ៉ាល់ គ្រុប (Royal Group) ធ្វើការអភិវឌ្ឍន៍។
ប្រជាពលរដ្ឋ បានស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយបញ្ជូនក្រុមនិស្សិតចុះវាស់ដីផ្ដល់ប្លង់ប័ណ្ណកម្មសិទ្ធិជូនពួកគាត់ឲ្យបានត្រឹមត្រូវ ព្រោះថា មានចំណែកដីប្រជាពលរដ្ឋមួយចំនួន ត្រូវបានក្រុមហ៊ុនរំលោភយក។
ប្រជាពលរដ្ឋ ៥ ភូមិ សរុបមានប្រមាណ ៥០០ គ្រួសារ រស់នៅសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានស្នើសុំឲ្យប្រមុខដឹកនាំរដ្ឋាភិបាល បញ្ជូនក្រុមនិស្សិតចុះវាស់វែងដី ដើម្បីផ្ដល់ប្លង់ឬប័ណ្ណកម្មសិទ្ធិ ជូនពួកគាត់ឲ្យបានឆាប់ ព្រោះបច្ចុប្បន្នកំពុងរងការគំរាមកំហែងពីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប រំលោភយក។
តំណាងសហគមន៍ភូមិតូច សង្កាត់កោះរ៉ុង លោក វ៉ាន់ សុខុន បានឲ្យដឹងថា ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់កោះរ៉ុង កំពុងព្រួយបារម្ភបាត់ដីលំនៅឋាន ដែលពួកគាត់អះអាងថា ធ្លាប់រស់នៅជិត២០ ឆ្នាំ ដោយសារក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។
លោកអះអាងថា ក្នុងចំណោមពលរដ្ឋប្រមាណ ៥០០ គ្រួសារ ពលរដ្ឋភាគច្រើន បានមកតាំងទីលំនៅលើកោះរ៉ុង ពីឆ្នាំ ១៩៩៣ ឬឆ្នាំ ១៩៩៥ មកម្លេះ ដែលកាលណោះពួកគាត់ទ្រាំរស់នៅលំបាកវេទនា។ ប៉ុន្តែបច្ចុប្បន្ននេះ ដល់ពេលមូលដ្ឋានកោះរ៉ុង មានភ្ញៀវទេសចរណ៍ចេញចូលច្រើន បែរជាមានតំណាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មកបំភ័យគំរាមពលរដ្ឋឲ្យរុះរើផ្ទះ ចេញភូមិធ្លាប់រស់នៅជាប់ឆ្នេរសមុទ្រ ទៅកាន់ទីតាំងថ្មីទៅវិញ។
លោកឲ្យដឹងថា បច្ចុប្បន្ននេះ មានគ្រួសារពលរដ្ឋប្រមាណជិត ១០ គ្រួសារ បានរងផលប៉ះពាល់ពីការរំលោភដីធ្លី ពីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។
ស្ត្រីវ័យចំណាស់ឈ្មោះ សន ធា ក៏បានអះអាងថា គ្រួសារគាត់បានមករស់នៅលើកោះរ៉ុង អំឡុងឆ្នាំ ១៩៩៣ និងមានកូនពីរនាក់ បានស្លាប់លើកោះ ដោយជំងឺគ្រុនចាញ់។ កសិកររូបនេះ បានស្នើសុំឲ្យប្រមុខដឹកនាំ ជួយធ្វើអន្តរាគមន៍ដល់ពួកគាត់ឲ្យមានកម្មសិទ្ធិដីធ្លីស្របច្បាប់។ ពលរដ្ឋផ្សេងទៀត ក៏បានព្រួយបារម្ភ ខ្លាចបាត់បង់ដីធ្លីលំនៅឋាននេះដែរ និងបានសំណូមពរដល់លោក ហ៊ុន សែន ជួយរកយុត្តិធម៌ជូនពលរដ្ឋជាង ៥០០ គ្រួសារ រស់នៅសង្កាត់កោះរ៉ុង ដែលកំពុងប្រឈមបាត់បង់ដីលំនៅឋាន ដោយសារក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។
លោកថាសព្វថ្ងៃនេះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប សព្វថ្ងៃនេះ បានប្រើគ្រឿងចក្រឈូសឆាយផ្លូវ បាននាំឲ្យប៉ះពាល់ដល់ដីចម្ការប្រជាពលរដ្ឋធ្លាប់រស់អាស្រ័យផល ដូចជា ស្វាយ ដូង និងខ្នុរជាដើម។ ប្រជាពលរដ្ឋចំនួន ៥ ភូមិ រស់នៅសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលកំពុងព្រួយបារម្ភបាត់បង់ដីលំនៅឋាន និងដីចម្ការ មានភូមិព្រែកស្វាយ ភូមិកោះតូច ភូមិសុខសាន្ត និងភូមិកោះរ៉ុងសន្លឹម។
លោក អ៊ួង និត ចៅសង្កាត់កោះរ៉ុង បានបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញកង្វល់ពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួនទេ ដោយបញ្ជាក់ថា គ្មានពេលទំនេរ និងជាប់រវល់ប្រជុំ។ ទោះជាយ៉ាងណាក្ដី ប្រធានភូមិកោះតូចស្ដីទី ឈ្មោះ ហាប់ សៀកលី បញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធហាក់មិនរវល់អើពើជុំវិញកង្វល់បាត់បង់ដីធ្លីរបស់ប្រជាពលរដ្ឋនោះទេ។
លោកបន្តថា ប្រមុខដឹកនាំរាជរដ្ឋាភិបាល គួរបញ្ជូនក្រុមនិស្សិតចុះវាស់វែងកំណត់ព្រំដី រវាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងដីកម្មសិទ្ធិពលរដ្ឋ ឲ្យបានច្បាស់ ដើម្បីទប់ស្កាត់ជម្លោះនៅថ្ងៃអនាគត។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើម្បីបំភ្លឺជុំវិញកង្វល់ពលរដ្ឋសង្កាត់កោះរ៉ុង និងគម្រោងវិនិយោគ របស់ក្រុមហ៊ុន នៅលើកោះរ៉ុងបានទេ នៅថ្ងៃចន្ទ ទី១៧ ខែកញ្ញា។
ទាក់ទិនបញ្ហានេះ លោក ឈឹម សារិន អភិបាលក្រុងព្រះសីហនុ បានឲ្យដឹងថា កោះរ៉ុង ត្រូវបានរាជរដ្ឋាភិបាល ផ្ដល់សិទ្ធទៅឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើម្បីធ្វើការអភិវឌ្ឍន៍។ ប៉ុន្តែលោកថា គោលការណ៍ផ្ដល់សិទ្ធិវិនិយោគរបស់រដ្ឋាភិបាល មិនបានឲ្យប៉ះពាល់ដីលំនៅឋាន ឬភូមិពលរដ្ឋទេ។ លោកឲ្យដឹងថា រាជរដ្ឋាភិបាល បានវិនិយោគកោះរ៉ុង ទៅឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប រយៈពេលវែងចំនួន ៩៩ ឆ្នាំ ដើម្បីអភិវឌ្ឍន៍តំបន់នេះ។
យ៉ាងនេះក្តី លោក ស្បោង សារ៉ាត់ អភិបាលខេត្តព្រះសីហនុ មិនបានដឹងថា ការផ្ដល់សិទ្ធិវិនិយោគកោះរ៉ុង ទៅឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នាំឲ្យប៉ះពាល់ដល់លំនៅឋាន ឬក៏ការរស់នៅរបស់ពលរដ្ឋក្នុងតំបន់នោះទេ។ ប៉ុន្តែលោកថា នឹងពិនិត្យចំពោះករណីនេះឲ្យបានច្បាស់។
No comments:
Post a Comment
yes