នៅចំពោះមុខព្យុះផ្គរនយោបាយអំពីភាពផុយស្រួយនៃសម្ព័ន្ធភាពគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ក៏ដូចជាការដែលមិនអាចបោះជំហានទៅមុខរួចរបស់គណបក្សសង្រ្គោះជាតិដែលទើបបង្កើតថ្មី កាលពីព្រឹកមិញដោយទើបវិលត្រឡប់ពីសហរដ្ឋអាមេរិក លោក កឹម សុខា បានបញ្ជាក់ថា ចំណងមិត្តភាពរវាងគណបក្សប្រឆាំងទាំងពីរ នៅតែស្អិតរមួតមិនប្រែប្រួលឡើយ ។
អនុប្រធានគណបក្សសង្គ្រោះជាតិរូបនេះបានថ្លែងប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានឯអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថា នៅពេលនេះអ្វីដែលគណបក្សទាំងពីរបានសម្រេចរួមគ្នាកាលពីខែកក្កដា នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន ពុំទាន់មានការប្រែប្រួលនៅឡើយទេ ។ ហើយអ្វីដែលយើងកំពុងគិតនោះ គឺការធ្វើយ៉ាងណាដើម្បីឲ្យបរិយាកាសបោះឆ្នោតមួយនៅកម្ពុជាប្រព្រឹត្តទៅដោយសេរីនិង យុត្តិធម៌ ស្របតាមគោលការលទ្ធិប្រជាធិបតេយ្យ ។
លោក កឹម សុខា បានលើកឡើងដូច្នេះថា ” ទាំងអស់គ្នា នាំគ្នាផ្តោត ធ្វើយ៉ាងម៉េចឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។ ហើយការបោះឆ្នោតត្រឹមត្រូវ ដោយសារី និងយុត្តិធម៌ អាចធ្វើទៅបាន គឺ យើងចង់ឲ្យមានគ្រប់គណបក្សនយោបាយ អាចមានលទ្ធភាព មកចូលរួមសកម្មភាពនយោបាយដោយសេរី រួមទាំងឯកឧត្តម សមរង្ស៊ីផង”។
ពាក់ព័ន្ធនឹងគណបក្សសង្រ្គោះជាតិលោក កឹម សុខា បានលើកឡើងថា ” ចំពោះនរណាធ្វើប្រធាន ឬអ្នកណា មិនធ្វើប្រធាននោះ គឺជាការសម្រេចចិត្តរបស់គណបក្សទាំងពីរ ដែលបានសម្រេចនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថា ឯកឧត្តមសមរង្ស៊ី ជាប្រធាន ហើយខ្ញុំ ជាអនុប្រធាន។ យើងអត់ទាន់មានការផ្លាស់ប្តូរ និង មិនទាន់មានការកែប្រែទេ ” ។
គួរបញ្ជាក់ថា នាព្រឹកថ្ងៃអង្គារស្អែកនេះគណបក្សសង្គ្រោះជាតិនិងបើសម្ពោធទីស្នាក់ការធំរបស់ខ្លួនហើយដែលមានទីតាំង ស្ថិតនៅផ្ទះលេខ៣៨ ផ្លូវ១៩៧២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រុងភ្នំពេញ ។ ក្នុងឱកាសនោះលោក សម រង្ស៊ី ក៏នឹងថ្លែងសន្ទរកថា តាមរយៈប្រព័ន្ធវីដេអូ ខន់ហ្វ័រិន ពីក្រៅប្រទេសមកផងដែរ ៕
No comments:
Post a Comment
yes