សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 8, 2012

រាជ​រដ្ឋា​ភិបាល​សំរេច​​​នាំ​​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន​ឡាយី​ម៉ិច​ ហូល​ឌីង​គ្រុប​ ទៅតុ​លាកា​រ


រាជ​រដ្ឋា​ភិបាល​សំរេច​​​នាំ​​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន​ឡាយី​ម៉ិច​ ហូល​ឌីង​គ្រុប​ ទៅតុ​លាកា​រ

ភ្នំពេញ៖ តាម​ប្រភពព័ត៌មាន​ពីរ បាន​ឲ្យ​ដឹងថា អ្នករំលោភ​ដី​បឹង​ពោងពាយ គឺ​អ្នកស្រី ឈិន សុគន្ធា​រី ដែលជា​ប្រធាន​ក្រុម​ប្រឹ​ក្សា​ភិ​បាល​​ក្រុមហ៊ុន ឡា​យី​ម៉ិច ហូល​ឌី​ង​គ្រុប មាន​ទីលំនៅ​ផ្ទះ​លេខ២៦ ផ្លូវ​លេខ៦០៦ សង្កាត់​បឹងកក់២ ខណ្ឌទួលគោក ត្រូវបាន​រាជ​រដ្ឋា​ភិបាល​កម្ពុជា អនុញាត​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​ចោ​ទ​ប្រកាន់ ទៅតាម​ផ្លូវច្បាប់​បន្ទាប់​ពី​ស្ត្រី​រូបនោះ ព្យាយាម​ប្រើ​គ្រ​ប់​​ល្បិចកល។
ដើម្បី​រំលោភ​កាន់កាប់​ដី​បឹង​ពោងពាយ ដែល​ឋិត​នៅ​ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ចំនួន​ប្រមាណ​ជា ៣៤ ហិកតា។ មន្ដ្រី​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឲ្យ​ដឹងថា តាមច្បាប់​ភូមិបាល​ស្ទឹង​បឹងបួរ ព្រែក អូរ គឺជា​ដី​សាធារណៈ​របស់​រដ្ឋ ដូច្នេះ គ្មាន​បុគ្គល​ណា​ម្នាក់ មាន​សិទ្ធិ​រំលោភបំពាន​កាន់កាប់​បានឡើយ។
ម្យ៉ាងវិញទៀត​ដី​នៅ​បឹង​ពោងពាយ ដែល​អ្នកស្រី ឈិន សុគន្ធា​រី ដែលជា​ប្រធាន​ក្រុម​ប្រឹ​ក្សា​ភិ​បាល​​ក្រុមហ៊ុន​ឡា​យី​ម៉ិច ហូល​ឌី​ង​គ្រុប អះអាង និង​ចោទថា រាជ​រដ្ឋា​ភិ​បាល​​រំលោភ​យក​ដី របស់​ក្រុមហ៊ុន គឺ​មិនមែនជា​ការពិត​ឡើយ ផ្ទៃ​បឹង​ពោងពាយ ស្ថិតនៅក្នុង​ខណ្ឌ​សែន​សុខ និង​ខណ្ឌឫស្សីកែវ ត្រូវបាន​រាជ​រដ្ឋា ភិ​បាល ចេញ​អនុ​ក្រឹត្យ​​រួចហើយ ចាត់ទុកថា ជា​សម្បត្ដិ​សាធារណៈ​របស់​រដ្ឋ ដូច្នេះ គ្មាន​បុគ្គល​ណា​កាន់កាប់ ឬ ធ្វើ​ប័ណ្ណកម្មសិទ្ធិ ហើយ​បើ​មានការ​លុប​បឹង និង​ឈូសឆាយ​ប៉ះពាល់​ទៅ​ដី​សម្បត្ដិ​សាធារណៈ របស់​រដ្ឋ​អាច​ប្រឈម នឹង​រឿង​ព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១២ អ្នកស្រី ឈិន សុគន្ធា​រី តំណាង​ក្រុម ហ៊ុន​ឡា​យី​ម៉ិច ហូល​ឌី​ង​គ្រុប បានធ្វើ​ធ្វើលិខិត​ទៅ  សាលា​រាជធានី​ភ្នំពេញ​ផង និង​ទៅ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង  ដើម្បី​ស្នើសុំ​ការអភិវឌ្ឍ និង​សុំ​ធ្វើ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ដី ទំហំ​ជាង ៣៤ ហិកតា ក្នុងនោះ អ្នកស្រី​បានលើកឡើង​ថា ដី​បឹង នេះ​ជា​ដី​លំនៅឋាន ដីស្រែប្រាំង និង​ដីចម្ការ​ឈូក។
ហើយ​អ្នកស្រី​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​កាន់កាប់​គ្រប់គ្រង​បន្ដ​តាំងពី​ឆ្នាំ១៩៩៩រហូតមកទល់​ពេលបច្ចុប្បន្ន និង​បាន​ចាក់ដី។ ពាក់ព័ន្ធ នឹង​លិខិត​នេះ សម្ដេចនាយក​រដ្ឋមន្ដ្រី ក៏បាន​ចំណារ​លើ​លិខិត​នេះ​ផងដែរ ចុះ​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ ដោយ​ឱ្យ​ឯកឧត្ដម​រដ្ឋមន្ដ្រី លឹម គានហោ ពិនិត្យ​ជាមួយ​ឯកឧត្ដម កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដល់​មតិ។
ចំណែក លោក កើត ឆែ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ក៏​បានឱ្យ​អ្នកកាសែត​ថា ដី​ជាង ៣៤ ហិកតា ដែល​ក្រុមហ៊ុន ឡា​យី​ម៉ិច ហូល​ឌី​ង​គ្រុប ស្នើសុំ​ធ្វើ​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​នោះ គឺជា​ដី​បឹង ដូច្នេះ​មិនអាច​គ្រប់គ្រង​បានទេ ហើយ រឿងនេះ ខាង​សាលា​រាជធានី​ភ្នំពេញ ក៏បាន​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ​រួចទៅហើយ។
យោងតាម​លិខិត ដែល​អ្នកយកព័ត៌មាន​ទទួលបាន​ឲ្យ​ដឹងថា ទីស្តីកា​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១២ បានចេញ​លិខិត​ចំនួន​ពីរ ផ្ញើជូន​លោក​អភិបាល​រាជធានី​ភ្នំពេញ ដោយ​លិខិត​ទី១.បញ្ជាក់ថា ចំពោះ​សំណើ​របស់​លោកស្រី ឈិន សុគន្ធា​រី សុំ​ធ្វើការ​អភិវឌ្ឃន៍ និង​សុំ​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធ​កាន់កាប់​ដី​ទំហំ​ចំនួន ៣៤២.២៣៦.៨៩ ហិត​តា ស្ថិតនៅ​ភូមិ​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។
រាជរដ្ឋាភិបាល​កម្ពុជា បានសំរេច​តាម​មតិ របស់​សាលា​រាជធានី​ភ្នំពេញ​ថា ដោយ​ដី​នោះ ស្ថិតនៅក្នុង​ផ្ទៃ​បឹង​ពោងពាយ​ខាងជើង ដែលជា​ទ្រព្យសម្បតិ​សាធារណៈ​របស់​រដ្ឋ​នោះ មិន​អាច​​ធ្វើ​​ប័ណ្ណ​​កម្ម​​សិ​ទ្ធ​ជូន​បាន និង​មិនត្រូវ​ដោះស្រាយ​គោលនយោបាយ​ជូន​ទេ ថែមទាំង​ត្រូវអនុវត្ត​ផែនការ​ផ្លូវច្បាប់ ចំពោះ​ការរំលោភ​នេះ ដើម្បី​ជាការ​ព្រមាណ​ដល់​អ្នកដទៃ​ទៀត ដែលមាន​បំណង​រំលោភ​លើដី​រដ្ឋ។
ដោយឡែក​លិខិត របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​មួយទៀត បាន​បញ្ជាក់ថា ដើម្បី​ជាការ​ព្រមាណ​កុំ​ឲ្យ​មានការ​រំលោភ​ទន្ទ្រាន​យក​ដី​បឹង​ពោងពាយ​ខាងជើង  ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដែល​រដ្ឋាភិបាល​កំណាត់​តាម​លិខិត​លេខ ៦២៨ សជណ ចុះ​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០០៥ និង​អនុ​ក្រិ​ត្យ​ចុះ​ថ្ងៃទី១០ ខែ​កក្ត​ដា ឆ្នាំ២០១២ នោះ រាជរដ្ឋាភិបាល​អនុញាត​ឲ្យ​នាំខ្លួន​លោកស្រី ឈិន សុគន្ធា​រី ប​ញ្ជួ​ន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​ទៅតាម​ច្បាប់​ជា​ធរមាន។
ពាក់ព័ន្ធ នឹង​បញ្ហា​នេះ អ្នកយកព័ត៌មាន​មិនអាច​សុំ​កា​បំភ្លឺ ពី​អ្នកស្រី ឈិន សុគន្ធា​រី  ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ឡា​យី​ម៉ិច ហូល​ឌី​ង​គ្រុប មាន​ទីលំនៅ​ផ្ទះ​លេខ២៦ ផ្លូវ​លេខ៦០៦ សង្កាត់​បឹងកក់២ ខណ្ឌទួលគោក​បានទេ៕

No comments:

Post a Comment

yes