ក្មេងៗធ្វើការតវ៉ាមុខក្រសួងយុត្តិធម៌ ស្នើសុំដោះលែងម្តាយពួកគេ
ភ្នំពេញៈចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជីនិងអង្គការយូនីសែហ្វ ជជែកគ្នានៅថ្ងៃសុក្រនេះ លើប្រធានបទស្តីពីការពារសិទ្ធិកុមារនៅក្នុងប្រព័ន្ធយុត្តិធម៌ ដើម្បីរកវិធីសាស្ត្រធ្វើការបញ្ចៀសកុមារចេញពីកន្លែងឃុំឃាំងពន្ធនាគារ និងដាក់ឲ្យស្ថិតតាមការតាមដានរបស់សហគមន៍។
ប្រធានបទនេះលើឡើងក្នុងថ្ងៃទី៣ នៃសិក្ខាសាលាស្តីពីការលើកម្ពស់កិច្ចសហការរបស់តុលាការ អយ្យការនិងពន្ធនាគារ និងកិច្ចការពារសិទ្ធិកុមារក្នុងនីតិវិធីនៅតុលាការ រៀបចំឡើងនៅថ្ងៃទី៥ដល់ទី៧ កញ្ញានៅរាជធានីភ្នំពេញ។
លោក យូ ប៊ុនឡេង ប្រធានតុលាការសាលាឧទ្ទរណ៍ថ្លែងថា ការដកហូតសិទ្ធិសេរីភាពរបស់កុមារជាជម្រើសចុងក្រោយ ដែលតុលាការត្រូវគិត ព្រោះថាការដាក់ពន្ធនាគារ មិនមានផលល្អ តែអាចមានបញ្ហាដូចជាការប្រព្រឹត្តបទល្មើសបន្ថែមទៅវិញទេ ពេលដែលកុមារចេញពីពន្ធនាគារ។
លោកថ្លែងថា៖ «ប៉ុន្តែបរិស្ថានជុំវិញយើងជាក់ស្តែងតែងយល់ថា កុមារម្នាក់នេះធ្វើខុសគួរតែត្រូវគេចាប់ដាក់គុក ទើបរាងចាល។ យើងមិនទាន់មានឧបករណ៍ច្បាប់ក្នុងការបង្វែរចេញពីនីតិវិធីព្រហ្មទណ្ឌតាមផ្លូវច្បាប់។ តែយើងមានច្បាប់ជាធរមាន ដែលគួរពិចារណា ថាតើយើងការពារកុមារបានកម្រិតណា»។
លោក ភោគ សុភាព មន្ត្រីផ្នែកការពារកុមាររបស់អង្គការយូនីសែហ្វ ថ្លែងក្នុងបទបង្ហាញទៅកាន់ក្រុមមន្ត្រីតុលាការទាំងអស់ថា មានច្បាប់អន្តរជាតិដែលមានអនុសញ្ញាស្តីពីសិទ្ធិកុមារ និងគោលការណ៍អន្តរជាតិនានា បានធានាដល់ការការពារសិទ្ធិកុមារ។
លោកលើកឡើងថា ៖ «ជាការចាំបាច់ត្រូវមានជម្រើសផ្សេងដែលមានភាពបត់បែនក្នុងការដាក់ពួកគេ ឲ្យនៅក្រៅឃុំក្រោមការឃ្លាំមើល ដើម្បីចៀសវាងឃុំខ្លួន។ ការឃុំខ្លួនធ្វើឲ្យកុមារឃ្លាតឆ្ងាយពីគ្រួសារនិងសហគមន៍ បង្អាក់ការសិក្សានិងនាំឲ្យគេប្រឈមជាមួយអំពើរំលោភបំពាន»។
សិក្ខាសាលានាថ្ងៃនេះ នឹងរកវិធីសាស្ត្រកាត់បន្ថយការឃុំខ្លួនកុមារដែលជាអនីតិជនក្រោមអាយុ១៨ឆ្នាំនៅក្នុងពន្ធនាគារ ដែលមានសព្វថ្ងៃនេះប្រមាណជាង៧០០នាក់ ហើយក៏ជាការកាត់បន្ថយការចង្អៀតណែនក្នុងប្រព័ន្ធពន្ធនាគារកម្ពុជាដែលមានអ្នកជាប់ឃុំរហូតដល់ទៅ១៥ ០០០នាក់ផងដែរ៕
No comments:
Post a Comment
yes