លោកទេព នីថា អគ្គលេខាធិការគណកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានប្រកាសផ្សព្វផ្សាយនូវលទ្ធផលបណ្ដោះអាសន្នស្ដីពីសភាពការណ៍ទូទៅនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ នៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២។
លោកទេព នីថា បានបញ្ជាក់ថា ចាប់តាំងពីគណៈកម្មាធិកាជាតិរៀបចំបោះឆ្នោតប្រកាសឲ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតកាលពីថ្ងៃទី១ ខែកញ្ញា ហើយមកដល់ថ្ងៃទី២១ ខែកញ្ញានេះ ការពិនិត្យនិងការចុះឈ្មោះមានភាពរលូនហើយ គ.ជ.ប ក៏បានលុបឈ្មោះមួយចំនួនផងដែរ។
អ្នកចុះឈ្មោះថ្មីនិងកែតម្រូវគឺមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ លោកបន្តថា បើទោះបីជានៅខេត្តព្រះវិហារបន្ទាយមានជ័យ កំពង់ធំ ជួបគ្រោះទឹកជំនន់ក្តីក៍ប៉ុន្តែវាមិនបានរំខានដល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនេះទេ។
សូមបញ្ជាក់ថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០១២ធ្វើឡើងចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ នៅតាមសាលាឃុំ-សង្កាត់ទូទាំងប្រទេស។
បញ្ជីឈ្មោះបោះឆ្នោតនេះសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣៕
No comments:
Post a Comment
yes