ព្រះសីហនុៈ មេឃុំបិតត្រាំង មកពីគណបក្សប្រជាជនកម្ពុជា ទើបជាប់ឆ្នោតថ្មី នៅក្នុងស្រុកព្រៃនប់ បានបើករថយន្តជ្រុលចង្កូតទៅបុកប្រពន្ធ ដែលកំពុងអង្គុយលក់ចាប់ហួយ ក្នុងតូបមុខផ្ទះ បាក់ជើង ធ្លាយពោះបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកាលពីល្ងាចថ្ងៃពុធ។
លោក ឃាង ប៊ុណ្ណា អធិការរងស្រុក ព្រៃនប់ បានថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃម្សិលមិញថា លោក អ៊ឹង សារុំ ថានៈជាមេឃុំ បិតត្រាំង ដែលទើបជាប់ឆ្នោតចូលកាន់តំណែងជាមេឃុំថ្មី ហើយទើបនឹងទិញរថយន្តម៉ាក ហាយឡេនឌ័រ ស៊េរីថ្មីមួយគ្រឿង បានចំនួន ៤ ថ្ងៃប៉ុណ្ណោះ បានបើករថយន្តនោះ ទៅបុកប្រពន្ធរបស់គាត់ ដែលអង្គុយក្នុងតូបមុខផ្ទះ ខណៈគាត់ជាប្តី បើករថយន្តចូលចតក្នុងផ្ទះ ប៉ុន្តែបានច្រឡំជាន់ហ្គែរ បណ្តាលឲ្យរថយន្តស្ទុះទៅបុកប្រពន្ធរបស់គាត់ស្លាប់តែម្តង។ លោកបញ្ជាក់ថា នេះជាគ្រោះថ្នាក់ដោយអចេតនា និងដោយការធ្វេសប្រហែស។ លោកមេឃុំរូបនេះ ធ្លាប់បើករថយន្តដែរ ប៉ុន្តែគាត់មិនដែលបានចូលរៀនសាលាបើកបររថយន្តឲ្យបានត្រឹម ត្រូវនោះទេ គឺគាត់ឲ្យកូនប្រុសរបស់គាត់ បង្រៀនបើកតែប៉ុណ្ណោះ។ លោក ឃាង ប៊ុណ្ណា បានអំពាវនាវថា៖ «ដូច្នេះខ្ញុំសុំឲ្យបងប្អូនទាំងអស់ ចូរប្រុងប្រយ័ត្នចំពោះការបើកបររថយន្ត ព្រោះវាគ្រោះថ្នាក់ខ្លាំងណាស់មិនត្រូវធ្វេសប្រហែសឡើយ»។
ស្ត្រីរងគ្រោះ ជាប្រពន្ធលោកមេឃុំបិតត្រាំង ដែលបានស្លាប់នោះ មានឈ្មោះ សៅ ឈុន អាយុ ៥០ ឆ្នាំ។
លោកមេឃុំ អ៊ឹង សារុំ មិនអាចសុំការពន្យល់បានទេ កាលពីថ្ងៃម្សិលមិញ។
កាល ពីខែមុន បុរសម្នាក់ មានទីលំនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏បានបើករថយន្តបុកកូនតូចរបស់ខ្លួនស្លាប់ផងដែរ នៅពេលថយរថយន្តចេញពីក្នុងផ្ទះដោយមិនបានប្រុងប្រយ័ត្ន។
តាមច្បាប់ចរាចរណ៍ផ្លូវគោក បានណែនាំឲ្យអ្នកបើកបរ ត្រូវតែប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលក្នុងសកម្មភាពបើកបរ៕
No comments:
Post a Comment
yes