សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 13, 2012

ពលរដ្ឋ​ខេត្ត​កំពត​ស្នើ​អាជ្ញាធរ​ទប់ស្កាត់​ទូក​នេសាទ​វៀតណាម


ពលរដ្ឋ​មាន​លំនៅឋាន​តាម​ខេត្ត​ជាប់​មាត់​សមុទ្រ បាន​លើក​ឡើង​ពី​ផល​វិបាក​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​គ្រួសារ ដោយ​សារ​មាន​ជាតិ​សាសន៍​ដទៃ​ចូល​មក​ដណ្ដើម​ទីផ្សារ​ការងារ​ដោយ​ខុស​ច្បាប់ ក្នុង​ប្រទេស​កម្ពុជា យ៉ាង​អនាធិបតេយ្យ។
RFA/Den Ayuthea
៨-កញ្ញា-២០១២៖ ទូក​នេសាទ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​របស់​ជនជាតិ​ថៃ ចូល​ចត​ក្នុង​ដែន​សមុទ្រ​កម្ពុជា ក្នុង​សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ។
ពលរដ្ឋ​រស់នៅ​ឃុំ​ត្រើយកោះ ក្រុង​កំពត ខេត្ត​កំពត ចំនួន​៩០%​ក្នុង​ចំណោម​ពលរដ្ឋ​ជាង​៥០០​គ្រួសារ មាន​របរ​ជា​អ្នក​នេសាទ​សមុទ្រ បាន​អះអាង​ដូចៗ​គ្នា​ថា ការ​ធ្វើ​របរ​នេសាទ​របស់​គាត់ ត្រូវ​គំរាម​កំហែង​ដោយ​ទូក​គូ ឬ​ទូក​ឆក់​របស់​អ្នក​នេសាទ​ជនជាតិ​វៀតណាម ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ដែន​សមុទ្រ​ខ្មែរ។
បុរស​អ្នក​នេសាទ​ឈ្មោះ សេន សារី រស់នៅ​សង្កាត់​ត្រើយកោះ ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា ទូក​នេសាទ​ជនជាតិ​វៀតណាម ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​រាប់​សិប​គ្រឿង បាន​ឆ្លង​ចូល​ដែន​សមុទ្រ​ខ្មែរ ក្នុង​ខេត្ត​កំពត រាល់​រាត្រី។ លោក​ថា របរ​ធ្វើ​នេសាទ​សមុទ្រ​របស់​ពួក​គាត់​មិន​អាច​រក​ត្រី បង្កង ក្ដាម ឬ​បង្គា ដើម្បី​លក់​ចិញ្ចឹម​ជីវិត​ដូច​ពេល​មុន​ទៀត​ទេ ព្រោះ​សព្វថ្ងៃ​នេះ មាន​ទូក​គូ ឬ​មាន​កម្លាំង​ម៉ាស៊ីន​ធំៗ និង​ទូក​ឆក់​ជនជាតិ​វៀតណាម ចូល​មក​ចាប់​ត្រី និង​ផល​សមុទ្រ​ខ្មែរ​យ៉ាង​អនាធិបតេយ្យ និង​គ្មាន​ការ​ទប់ស្កាត់​ពី​សមត្ថកិច្ច​ទេ។

លោក សេន សារី៖ «នៅ​ពី​ខាង​លិច​កោះ​ត្រងោល ឬ​កោះ​ការាំង ទូក​គូ​ជនជាតិ​វៀតណាម វា​អូស​មក​ដល់​មាត់​ព្រែក​កំពត។ ខ្ញុំ​ធ្លាប់​ទូរស័ព្ទ​ប្រាប់​ជលផល​ខេត្ត ឲ្យ​គេ​ជួយ​ទប់ស្កាត់ ដើម្បី​ឲ្យ​ប្រជាជន​ក្នុង​ភូមិ​ងាយ​ស្រួល​ក្នុង​របរ​ធ្វើ​នេសាទ យក​មក​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ។ តែ​ដល់​ពេល​ប្រាប់​ជលផល ជួន​កាល​ជលផល​ថា ពេល​គេ​ចេញ​ល្បាត​អត់​ឃើញ និង​ពេល​ខ្លះ​គេ​ថា ខ្វះ​កម្លាំង​ចុះ​ល្បាត​ជាដើម»
ប្រជាពលរដ្ឋ​បាន​ចោទ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ខេត្ត​កំពត មាន​មន្ត្រី​ជលផល និង​មន្ត្រី​យោធា​ការពារ​ព្រំដែន​សមុទ្រ​ជាដើម ជា​អ្នក​បើក​ដៃ​ឲ្យ​ឈ្មួញ​នេសាទ​វៀតណាម ចូល​មក​នេសាទ​ក្នុង​ដែន​សមុទ្រ​ខ្មែរ ជា​ថ្នូរ​បាន​ប្រាក់​សំណូក ទើប​គ្មាន​​វិធានការ​បង្ក្រាប។
លោក​បន្ត​ថា សកម្មភាព​ទូក​នេសាទ​វៀតណាម ចូល​មក​រំលោភ​ក្នុង​ដែន​សមុទ្រ​ខ្មែរ លោក​ធ្លាប់​បាន​ផ្ដល់​ព័ត៌មាន​ជូន​សមត្ថកិច្ច​ជំនាញ​ជា​ប្រចាំ ប៉ុន្តែ​សមត្ថកិច្ច​ទាំង​នោះ​មិន​បាន​ទប់ស្កាត់​ទេ ដោយ​ថ្លែង​ថា គ្មាន​កម្លាំង​គ្រប់គ្រាន់ ឬ​ក៏​ចុះ​ធ្វើ​សកម្មភាព​បង្ក្រាប​មិន​ជួប​ទូក​នេសាទ​វៀតណាម ជាដើម។
ស្ត្រី​វ័យ​ចំណាស់ ឈ្មោះ កែវ សូម រស់នៅ​ភូមិ​ដូន​តោក សង្កាត់​ត្រើយកោះ ក្រុង​កំពត ដែល​មាន​ស្វាមី និង​កូនៗ​ប្រកប​របរ​នេសាទ​សមុទ្រ​តាំង​ពី​ដូនតា​មក​នោះ លោកស្រី​ក៏​បាន​រៀបរាប់​ពី​ផល​វិបាក​បណ្ដាល​មក​ពី​ទូក​នេសាទ​ជនជាតិ​វៀតណាម ចូល​មក​នេសាទ​ក្នុង​ដែន​សមុទ្រ​ខ្មែរ​នេះ​ដែរ។
លោកស្រី​ឲ្យ​ដឹង​ថា ទូក​នេសាទ​វៀតណាម មិន​ខ្លាច​រអែង​សមត្ថកិច្ច​កម្ពុជា ទេ និង​បន្ត​ចូល​នេសាទ​ ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ក្នុង​សមុទ្រ​ខ្មែរ​រាល់​រាត្រី៖ «កាល​ពី​យប់​ថ្ងៃ​សុក្រ ទូក​វៀតណាម អូស​គូ​ហ្នឹង​អូស​ចូលៗ ហើយ​កាត់​ផ្ដាច់​មង​ខ្ញុំ រួច​អូស​ទូក​ខ្ញុំ​ទៅ​ដល់​ជិត​ប្រទេស​វៀតណាម។ ទាល់​តែ​ខ្ញុំ​ស្រែក​ឲ្យ​គេ​ជួយ ទើប​ទូក​នេសាទ​វៀតណាម ឈប់ និង​បាន​សម្លុត​គំរាម​កំហែង​ពួក​ខ្ញុំ។ ដល់​ពេល​យើង​មក​ប្ដឹង​រដ្ឋ​អំណាច ដូចជា ជលផល ឬ​ខាង​ជើង​ទឹក គេ​ដោះស្រាយ​ឲ្យ​ដែរ តែ​ដោះ​ហើយ​ស្ងាត់ៗ មិន​មាន​ឃើញ​ផល​ប្រយោជន៍ ឬ​បាន​កាន់​ជើង​យើង​បន្តិច គឺ​អត់​សោះ»
ស្ត្រី​រូប​នេះ​មាន​ចម្ងល់​ថា ហេតុអ្វី​បាន​ជា​សមត្ថកិច្ច​ខ្មែរ​មិន​ហ៊ាន​បង្ក្រាប​ទូក​នេសាទ​វៀតណាម ដែល​រំលោភ​ចូល​ក្នុង​ដែន​សមុទ្រ​របស់​ខ្លួន ឬ​មួយ​ក៏​សមត្ថកិច្ច​ទាំង​នោះ ត្រូវ​ដង​ត្រូវ​ផ្លែ​ជាមួយ​ឈ្មួញ​នេសាទ​វៀតណាម ទើប​បទល្មើស​នេសាទ​បន្ត​កើត​មាន។
ផ្ដើម​ពី​ភាព​អនាធិបតេយ្យ​នេះ ស្ត្រី​អ្នក​នេសាទ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល ឆាប់​វាស់​កំណត់​ព្រំដែន​សមុទ្រ​ជាមួយ​ប្រទេស​វៀតណាម ឲ្យ​បាន​ឆាប់ ដើម្បី​ទប់ស្កាត់​ការ​រំលោភ​ដែន​សមុទ្រ​ពី​ប្រទេស​ជិត​ខាង ចូល​ក្នុង​សមុទ្រ​កម្ពុជា នា​ថ្ងៃ​អនាគត។
រដ្ឋាភិបាល​មាន​ផែនការ​បោះ​កំណត់​ព្រំដែន​គោក​ជាមួយ​ប្រទេស​វៀតណាម ឲ្យ​ចប់​ជា​ស្ថាពរ​ត្រឹម​ឆ្នាំ​២០១២។ បន្ទាប់​ពី​នោះ នឹង​ពិនិត្យ​លើ​ការ​កំណត់​ព្រំដែន​ទឹក​ជាមួយ​ប្រទេស​វៀតណាម ឬ​ព្រំដែន​គោក​ជាមួយ​ប្រទេស​ថៃ ជា​បន្ត​ទៀត។
ទោះ​ជា​បែប​នេះ​ក្ដី ប្រជាពលរដ្ឋ​ខ្លះ​ទៀត​បញ្ចេញ​ទស្សនៈ​ថា ការ​ដែល​រដ្ឋាភិបាល​មិន​ទាន់​កំណត់​ព្រំដែន​សមុទ្រ​ជាមួយ​ប្រទេស​ជិត​ខាង ឲ្យ​បាន​ច្បាស់​លាស់ អាច​ជា​ដើម​ហេតុ​នាំ​ឲ្យ​មាន​សកម្មភាព​រំលោភ​ដែន​សមុទ្រ ចូល​មក​ក្នុង​សមុទ្រ​កម្ពុជា។
ទោះ​ជា​បែប​នេះ​ក្ដី ប្រជា​នេសាទ​មួយ​ចំនួន​បាន​ថ្លែង​ថា ការ​ចូល​រំលោភ​ដែន​សមុទ្រ​កម្ពុជា ពី​សំណាក់​ប្រទេស​ជិត​ខាង មាន​វៀតណាម ឬ​ថៃ ជាដើម អាច​បណ្ដាល​មក​ពី​ភាព​កម្សោយ និង​អំពើ​ពុក​រលួយ​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ខេត្ត​ជាប់​មាត់​សមុទ្រ​ទៅ​វិញ​ទេ។
អ្នក​នេសាទ​ម្នាក់​ទៀត លោក ហាត ការីម មាន​លំនៅឋាន​ក្នុង​ខេត្ត​កំពត បាន​រៀបរាប់​ពី​សកម្មភាព​ នៃ​បទល្មើស​នេសាទ​របស់​ជនជាតិ​វៀតណាម ចូល​មក​រំលោភ​ដែន​សមុទ្រ​កម្ពុជា បង្ក​ការ​លំបាក និង​គំរាម​កំហែង​ដល់​ប្រជា​នេសាទ​ខ្មែរ ដែល​ប្រើ​ឧបករណ៍​ស្រប​ច្បាប់ និង​មាន​កម្លាំង​ទូក​តូចៗ។
លោក ហាត ការីម៖ «ទូក​គូ​បើ​នៅ​ទន្លេ​គេ​ហៅ​អូស​អួន។ ទូក​ពីរ​វា​អូស​មង​មួយ តែ​មុខ​មង​ប្រហែល​ជា​២០០​ម៉ែត្រ ជម្រៅ​មង​ប្រហែល​ទឹក​១០​ម៉ែត្រ អណ្ដែត​កំសួល​ខាង​លើ​ផ្ទៃ​ទឹក គឺ​អូស​យក​ទាំង​ត្រី​តូច​ត្រី​ធំ បង្គា​តូច បង្គា​ធំ ក្ដាម ខ្ចង​តូច​ធំ គឺ​អូស​យក​ទាំង​អស់។ បញ្ហា​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក ព្រោះ​ថា​ការ​ធ្វើ​នេសាទ​ទូក​យើង​តូចៗ វា​អូស​យក​ទាំង​ទូក ឬ​មង ហើយ​ខ្លះ​ទៀត​កំពុង​តែ​លើក​មង​អូស​ដាច់​មង​ទៅ​តាម​ទូក​គូ​វា​អស់​ហើយ»
អ្នក​នេសាទ​រូប​នេះ​ស្ទើរ​អស់​ជំនឿ​លើ​សមត្ថកិច្ច​ពាក់ព័ន្ធ​ខេត្ត​កំពត ក្នុង​ការ​បង្ក្រាប​ទូក​នេសាទ​វៀតណាម ឆ្លង​ដែន​ចូល​ក្នុង​សមុទ្រ​ខ្មែរ ព្រោះ​ថា​កន្លង​មក ពួក​គាត់​ធ្លាប់​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​ខេត្ត​ឲ្យ​មាន​វិធានការ​ទប់ស្កាត់ ប៉ុន្តែ​ជា​ការ​អត់​ប្រយោជន៍។
ក្រៅ​ពី​ចោទ​សមត្ថកិច្ច​ខេត្ត​កំពត​ថា ជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​ទូក​នេសាទ​ឆ្លង​ដែន​វៀតណាម អ្នក​នេសាទ​ខ្មែរ​ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​កំណត់​ព្រំដែន​សមុទ្រ​ជាមួយ​ប្រទេស​ជិត​ខាង ឲ្យ​បាន​ឆាប់ ដើម្បី​កំណត់​អធិបតេយ្យ​ដែន​សមុទ្រ​កម្ពុជា ឲ្យ​បាន​ច្បាស់​លាស់។
ទោះ​យ៉ាង​ណា មន្ត្រី​ជលផល​ខេត្ត​កំពត មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​ចោទ​ប្រកាន់​ដែល​ថា មាន​ទូក​នេសាទ​វៀតណាម ចូល​មក​នេសាទ​ក្នុង​ឆ្លង​ដែន​សមុទ្រ​កម្ពុជា នេះ​ទេ។ ប៉ុន្តែ មន្ត្រី​ខេត្ត​កំពត មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​ឲ្យ​ដឹង​ថា សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​ឆ្លង​ដែន​របស់​មន្ត្រី​ជលផល​ខេត្ត​កន្លង​មក បាន​បណ្ដាល​ឲ្យ​មន្ត្រី​ជលផល​ស្លាប់​បាត់​បង់​ជីវិត​មិន​តិច​ជាង​២នាក់​ទេ។ មន្ត្រី​រូប​នេះ​ទទួល​ស្គាល់​ថា ពិត​ជា​មាន​បទល្មើស​ទូក​នេសាទ​ជនជាតិ​វៀតណាម ប្រើ​ឧបករណ៍​ល្មើស​ច្បាប់​ចូល​នេសាទ ក្នុង​ដែន​សមុទ្រ​កម្ពុជា រាល់​រាត្រី​ដូច​ប្រជា​នេសាទ​ខ្មែរ​អះអាង​ពិត​មែន។
ក្រៅ​ពី​ខេត្ត​កំពត នៅ​ខេត្ត​ព្រះសីហនុ ក៏​មាន​ទូក​នេសាទ​បរទេស​ចូល​មក​ចាប់​ត្រី ក្នុង​ដែន​សមុទ្រ​ខ្មែរ​ដែរ។
លោក ហោ ហេង រស់នៅ​សង្កាត់​កោះ​រ៉ុង ខេត្ត​ព្រះសីហនុ មាន​របរ​ជា​អ្នក​នេសាទ​ជិត​៣០ឆ្នាំ​លើ​ផ្ទៃ​សមុទ្រ ក៏​បាន​អះអាង​ថា សព្វថ្ងៃ​នេះ​ឃើញ​មាន​ទូក​នេសាទ​ជនជាតិ​ថៃ ប្រើ​ឧបករណ៍​ខុស​ច្បាប់ បាន​ចូល​មក​នេសាទ​ក្នុង​ដែន​សមុទ្រ​ខ្មែរ​នៅ​ខេត្ត​ព្រះសីហនុ។
លោក​ថា ទូក​នេសាទ​ថៃ ចូល​នេសាទ​ក្នុង​ដែន​សមុទ្រ​ខ្មែរ បាន​ប្រើ​ឧបករណ៍​ចាប់​ត្រី ដែល​ច្បាប់​កម្ពុជា ហាម​ឃាត់ ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​បង្ក្រាប ឬ​ហាម​ឃាត់​ទេ។
លោក ហោ ហេង៖ «ទូក​ពីរ​កំពុង​ចត​ក្នុង​សមុទ្រ​ហ្នឹង ជា​របស់​ថៃ។ ទូក​ហ្នឹង​វា​បើក​ភ្លើង រួច​ហើយ​យក​អួន​ព័ទ្ធ​ចាប់ ឬ​វាង​យក​តែ​ម្ដង។ តែ​បើ​វា​បើក​ភ្លើង ត្រី​មក​លេង​ភ្លើង​នៅ​ពេល​ម៉ោង​៦ល្ងាច វា​រត់​ពី​កោះ​ ទៅ​ក្រៅ​បើក​ភ្លើង​ហើយ។ នៅ​ខ្មែរ​យើង អត់​មាន​អ្នក​ការពារ​ព្រំដែន​ទឹក​ថា ចម្ងាយ​ពី​កោះ​ប៉ុន្មាន​គីឡូម៉ែត្រ​ឲ្យ​វាង ឬ​នេសាទ​នោះ​ទេ។ តែ​បើ​នៅ​ប្រទេស​គេៗ​កំណត់ បើ​៥ម៉ាយ​ពី​កោះ គឺ​៥ម៉ាយ​ពី​កោះ។ បើ​មក​ដែន​សមុទ្រ​ខ្មែរ​រាល់​ថ្ងៃ​នេះ អត់​មាន​អ្នក​ការពារ​ព្រំដែន​ទឹក​មើល​ការ​ខុស​ត្រូវ​សមុទ្រ​ទេ។ ទោះ​ទូក​នេសាទ​ជនជាតិ​ដទៃ​មក​នេសាទ​ក្បែរ​កោះ ក៏​មិន​ហ៊ាន​ធ្វើ​អី​គេ​ដែរ»
លោក​ថ្លែង​ថា ទោះ​កម្ពុជា​មាន​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ ដាក់​ពង្រាយ​តាម​ប្រជុំ​កោះ​មួយ​ចំនួន ដើម្បី​ការពារ​បូរណភាព​ដែន​សមុទ្រ​ក្ដី ក៏​ប៉ុន្តែ​បទល្មើស​ទូក​នេសាទ​ពី​ប្រទេស​ជិត​ខាង​មាន​ថៃ និង​វៀតណាម ជាដើម បាន​បន្ត​រំលោភ​ចូល​មក​ដែន​សមុទ្រ​កម្ពុជា យ៉ាង​អនាធិបតេយ្យ។
អ្នក​នេសាទ​រូប​នេះ​មាន​ចម្ងល់​ថា តើ​ទូក​នេសាទ​វៀតណាម ឬ​ថៃ​ចូល​រំលោភ​មក​ក្នុង​ដែន​សមុទ្រ​កម្ពុជា ដោយ​សារ​តែ​កម្ពុជា​មិន​ទាន់​បាន​បោះ​កំណត់​ព្រំដែន​ទឹក​ត្រឹមត្រូវ ឬ​មួយ​ក៏​មាន​ការ​ឃុបឃិត​រវាង​សមត្ថកិច្ច​ជាមួយ​ឈ្មួញ​បរទេស ទើប​បទល្មើស​រំលោភ​ដែន​សមុទ្រ​អាច​ធ្វើ​សកម្មភាព​បាន។
ទោះ​យ៉ាង​ណា លោក សុខ នី ជា​ប្រជា​នេសាទ​នៅ​ខេត្ត​កំពត បាន​ថ្លែង​ថា ប្រជា​នេសាទ​ពួក​គាត់​មិន​ចង់​ឃើញ​បទល្មើស​នៃ​ទូក​នេសាទ​ប្រទេស​ជិត​ខាង ចូល​រំលោភ​ក្នុង​ដែន​សមុទ្រ​កម្ពុជា ទៀត​ទេ។ លោក​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល ជួយ​បោះ​កំណត់​ព្រំដែន​សមុទ្រ​ជាមួយ​ប្រទេស​ជិត​ខាង​ឲ្យ​បាន​ឆាប់ ដើម្បី​ទប់ស្កាត់​បទល្មើស​រំលោភ​ដែន​សមុទ្រ​ពី​ប្រទេស​ជិត​ខាង។
លោក សុខ នី៖ «បើ​សិន​រាជ​រដ្ឋាភិបាល​គាត់​បាន​បោះ​បង្គោល​ព្រំដែន​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​យល់​ថា កន្លែង​ណា​ព្រំដែន​វៀតណាម និង​កន្លែង​ណា​ព្រំដែន​ខ្មែរ ប្រជាពលរដ្ឋ​ខ្មែរ​អរ​ណាស់។ ព្រោះ​ថា យើង​ដឹង​ទីតាំង យើង​អាច​ចូល​នេសាទ​បាន យើង​ចូល ឬ​កន្លែង​ណា​យើង​មិន​អាច​ចូល​បាន គឺ​យើង​មិន​ចូល​ទេ។ តែ​ដល់​ពេល​យើង​ឡើង​ទៅ​ដល់​ចៅហ្វាយ​ខេត្ត គាត់​បែរ​ជា​និយាយ​ថា ដែន​នេសាទ​នៅ​ខេត្ត​កំពត នេះ​គឺ​តូច​ណាស់ គឺ​ងាយ​ទៅ​ឃើញ ហើយ​មិន​អាច​កំណត់​ព្រំដែន​បាន​ទេ។ យើង​ចេញ​ចូល​ទៅ​គេ គេ​ចូល​មក​យើង»
យ៉ាង​ណា​ក៏ដោយ លោក ហ៊ីង សុធារ៉ា នាយ​សេនាធិការ​ជើង​ទឹក ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ទូក​នេសាទ​ចូល​មក​នេសាទ​ក្នុង​ដែន​សមុទ្រ​ខ្មែរ​ពិត​មែន ប៉ុន្តែ​ទូក​ទាំង​នោះ​មាន​ច្បាប់​អនុញ្ញាត​ពី​ស្ថាប័ន​ពាក់ព័ន្ធ៖ «ទូក​ថៃ ចូល​មក​ដែន​សមុទ្រ​កម្ពុជា គេ​សុទ្ធ​តែ​មាន​អាជ្ញាប័ណ្ណ​ពី​គណៈកម្មការ​របស់​ខេត្ត គឺ​គេ​មាន​ជា​ក្រដាស​ស្នាម​ឲ្យ​គេ​ចូល​បាន​គេ​ចូល។ ព្រោះ​ទូក​ពួក​នេះ មិន​មែន​ចូល​អត់​ច្បាប់​ទេ បើ​ចូល​អត់​ច្បាប់​ធ្ងន់។ ដូច្នេះ មាន​ការ​ឯកភាព​ពី​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​កោះកុង។ មាន​ចូល​មែន​ទូក​នេសាទ​ថៃ ក្នុង​ដែន​សមុទ្រ​កម្ពុជា ប៉ុន្តែ​វា​ចូល​នៅ​ក្រៅ គឺ​មិន​ចូល​ក្នុង​ខ្សែ​ទឹក​ខាង​ក្នុង​ទេ ព្រោះ​ទូក​នេសាទ​ថៃ មាន​ទំហំ​ធំៗ»
យ៉ាង​នេះ​ក្ដី ប្រជា​នេសាទ​ខ្មែរ​បាន​ប្រតិកម្ម​ថា សមត្ថកិច្ច​មិន​គួរ​អនុញ្ញាត​ឲ្យ​ទូក​នេសាទ​ប្រទេស​ជិត​ខាង មាន​ថៃ និង​វៀតណាម ជាដើម ប្រើ​ឧបករណ៍​ល្មើស​ច្បាប់ ដែល​ច្បាប់​កម្ពុជា​ហាម​ឃាត់​នោះ​ទេ។ លោក​ថា សកម្មភាព​ប្រើ​ឧបករណ៍​ល្មើស​ច្បាប់​ពី​ប្រទេស​ជិត​ខាង​ក្នុង​ដែន​សមុទ្រ​កម្ពុជា នឹង​អាច​នាំ​ឲ្យ​បាត់​បង់​ធនធាន​សមុទ្រ​នា​ថ្ងៃ​អនាគត បើ​បទល្មើស​បន្ត​កើត​មាន និង​គ្មាន​ការ​ទប់ស្កាត់​នោះ៕

No comments:

Post a Comment

yes