ក្នុងពេលកាត់ទោសលោក ម៉ម សុណង់ដូ ប្រធានវិទ្យុសម្បុកឃ្មុំ និងអ្នកពាក់ព័ន្ធផ្សេងទៀតនោះ អាជ្ញាធរបានបិទផ្លូវព្រះមុនីរ៉េត ក្នុងហេតុផលដើម្បីការពារសុវត្ថិភាពក្នុងដំណើរការកាត់ក្ដី។ ប៉ុន្តែផ្ទុយទៅវិញក្រុមអាជីវករ និងក្រុមហ៊ុនមួយចំនួនរអ៊ូរទាំ ដោយសារតែមុខរបររបស់ពួកគាត់ត្រូវផ្អាកបណ្ដោះអាសន្ន ដូច្នេះពួកគាត់ប្រឈមនឹងការខាតបង់។
ប៉ូលិសឈរជារនាំងបិទផ្លូវព្រះមុនីរ៉េត ខាងមុខវត្តព្រះពុទ្ធ ក្បែរតុលាការរាជធានីភ្នំពេញ ក្នុងពេលសវនាការកាត់ក្ដីលោក ម៉ម សូណង់ដូ កាលពីថ្ងៃទី១២ កញ្ញា ឆ្នាំ២០១២។
ទីតាំងហាងទំនើប និងធនាគារដែលធ្លាប់តែមានអតិថិជនចេញចូលឥតដាច់ និងមានរថយន្តកកស្ទះនៅខាងមុខហាងនោះ ប៉ុន្តែរយៈពេល ២ថ្ងៃនេះ បែរជាស្ងប់ស្ងាត់ មានតែបុគ្គលិកឈរចាំទទួលអតិថិជនប៉ុណ្ណោះ។ ចំណែកតាមដងផ្លូវវិញ មានតែសមត្ថកិច្ចរាប់រយនាក់ឈរនៅក្បែររបាំង បិទផ្លូវមិនឲ្យធ្វើដំណើរឆ្លងកាត់ឡើយ។
បុគ្គលិកធនាគារឥណ្ឌូឆាយណា ហៅកាត់ថា អូអេសខេ (OSK) នៅក្នុងផ្សារទំនើបស៊ីធី ម៉ល (City Mall) លោក ហួត ដែលកំពុងឈរនៅលើចិញ្ចើមផ្លូវព្រះមុនីរ៉េត មើលសកម្មភាពទប់ស្កាត់របស់សមត្ថកិច្ចយ៉ាងសញ្ជប់សញ្ជឹងបានថ្លែងថា នេះមិនមែនជាលើកទី១ទេ ដែលមានក្រុមអ្នកគាំទ្រតែងលើកគ្នាមកតវ៉ាសុំឲ្យតុលាការដោះលែងតំណាងរបស់ពួកគេ។ លោកថា ចំណាត់ការបិទផ្លូវរបស់ប៉ូលិសនោះ អាចនឹងធ្វើមានភាពល្អក់កកដល់អតិថិជនរបស់ធនាគារខ្លះដែរ។
ចំណែកបុគ្គលិកលក់ដូរក្នុងកន្លែងកម្សាន្តរបស់កុមារនៅលើផ្សារទំនើប ស៊ីធី ម៉ល ម្នាក់ទៀត កញ្ញា រស់ សុភាព បានថ្លែងគាំទ្រដល់ទឹកចិត្តអ្នកគាំទ្រលោក ម៉ម សូណង់ដូ ហ៊ានមកដល់តុលាការដូច្នេះ។ សុភាព បន្តថា ប៉ុន្តែចង់មិនចង់ចំណាត់ការបិទផ្លូវរបស់ប៉ូលិសមិនឲ្យអ្នកតវ៉ាចូលទៅជិតតុលាការនោះ នឹងធ្វើឲ្យខាតបង់ចំណូលរបស់ពួកគេទៅវិញ។
នៅរយៈពេលពីថ្ងៃ គឺចាប់តាំងពីថ្ងៃទី១១ ដល់ថ្ងៃទី១២ កញ្ញា តុលាការរាជធានីភ្នំពេញ បានមមាញឹកកាត់ក្ដីលើសំណុំរឿងប្ដឹងចោទរបស់រដ្ឋាភិបាលទៅលើ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ FM 105 Mhz និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ក្នុងបទចូលរួមក្នុងចលនាបះបោរ ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធប្រឆាំងអាជ្ញាធរខុសច្បាប់ បទប្រឆាំងនឹងអ្នករាជការសាធារណៈ បទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ និងបទដឹកជញ្ជូនដោយគ្មានអាវុធអនុញ្ញាត។ យ៉ាងណាក៏ដោយ ក្នុងដំណើរការកាត់សេចក្ដីនេះ នាំឲ្យអ្នកគាំទ្រលោក ម៉ម សូណង់ដូ និងអ្នកភូមិរាប់រយនាក់មកពីបណ្ដាខេត្តនានា ចេញមកសម្ដែងការគាំទ្រ តវ៉ាយ៉ាងទទូចឲ្យដោះលែង លោក ម៉ម សូណង់ដូ។
បើទោះបីជាមានការមិនពេញចិត្តពីម្ចាស់ហាងក្បែរនោះយ៉ាងណាក្ដី ប៉ូលិសមានហេតុផលច្បាស់លាស់ពីចំណាត់ការទប់ស្កាត់បិទផ្លូវនេះ។
ស្នងការរាជធានីភ្នំពេញ លោក ទូច ណារ៉ុថ មានប្រសាសន៍នៅថ្ងៃទី១២ កញ្ញា ថា មូលហេតុចម្បងនោះ គឺប៉ូលិសមាននាទីដាក់កម្លាំងការពារសន្តិសុខសណ្ដាប់ធ្នាប់ និងជៀសវាងនូវការរំខានដល់សវនាការដែលកំពុងដំណើរការកាត់សេចក្ដី។ លោកយល់ថា ពលរដ្ឋ និងអ្នករកទទួលទានក្បែរនោះ ពុំថ្នាំងថ្នាក់នោះទេ។ លោកបញ្ជាក់ថា ការធ្វើដូច្នេះគឺដើម្បីការពារសវនាការ។
បើទោះបីជាមានការអះអាងយ៉ាងនេះក្ដី អ្នកធ្វើការឃ្លាំមើលទិដ្ឋភាពសង្គមរិះគន់ថា ចំណាត់ការបិទផ្លូវរបស់ប៉ូលិសគឺជាចំណាត់ការមិនទាន់សមស្របនោះទេ។
លោក សន ជ័យ អ្នកសម្របសម្រួលកម្ពុជាបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានមតិថា នេះជារបៀបនៃការតវ៉ារបស់ប្រជាពលរដ្ឋដែលមានគោលដៅបង្ហើយហៅរកយុត្តិធម៌ប៉ុណ្ណោះ។ លោកថា វាជារឿងមួយដាច់ដោយឡែកពីរឿងបច្ចេកទេសដើម្បីទប់ស្កាត់ការកកស្ទះចរាចរណ៍ និងគោលដៅទាមទាររបស់ពលរដ្ឋ។
ពុំមែនមានតែករណីកាត់ទោស លោក ម៉ម សូណង់ដូ នោះទេ ដែលមានអ្នកភូមិនិងអ្នកគាំទ្ររាប់រយនាក់បាននាំគ្នាមកជួបជុំ និងស្រែកឲ្យដោះលែងនោះ។ កន្លងមកនៅពេលដែលមានការកាត់ទោសអ្នកបឹងកក់នោះ ប៉ូលិសក៏បានបិទផ្លូវទប់ស្កាត់អ្នកភូមិដូចគ្នាអ៊ីចឹងដែរ។
លោក សន ជ័យ បានផ្ដល់អនុសាសន៍ថា ជាដំណោះស្រាយនោះ គឺមានតែតុលាការទេ។ លោកថា តុលាការត្រូវតែឯករាជ្យ អព្យាក្រឹត និងជាពិសេសកាត់សេចក្ដីប្រកបដោយភាពត្រឹមត្រូវនិងយុត្តិធម៌។ ការធ្វើដូច្នេះបាន នឹងអាចបញ្ឈប់នូវការតវ៉ាដែលមានលក្ខណៈទ្រង់ទ្រាយធំ និងមានភាពគគ្រឹកគគ្រេងរបៀបនេះបាន ហើយការបិទផ្លូវរបៀបនេះក៏លែងមានទៀតដែរ៕
No comments:
Post a Comment
yes