ស្វាយរៀង ៖ ប្រជាពលរដ្ឋជាច្រើនបានរអ៊ូរទាំ និងសម្តែងភាពក្តៅក្រហាយយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់មន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រោមការគ្រប់គ្រងរបស់លោក អ៊ឹង សុងយូ ដែលបានគាបជំរិតឲ្យពួកគាត់បង់ប្រាក់ក្រៅផ្លូវការតាមរបៀបពុករលួយតាមតែទំនើងចិត្តរបស់ពួកគេ ដែលទាមទារឲ្យថ្នាក់លើត្រួតពិនិត្យបញ្ហានេះឡើងវិញជាបន្ទាន់ ទន្ទឹមពេលដែលអង្គភាពប្រឆាំងអំពើពុករលួយ កំពុងតែបោសសម្អាតមន្ត្រីខិលខូចពុករលួយនៅតាមមន្ទីរ ស្ថាប័នរដ្ឋមួយចំនួនគួរឲ្យកោតសរសើរ។
ប្រជាពលរដ្ឋបានលើកឡើងថា មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកបាវិតបានបង្ខំឲ្យពួកគាត់បង់ប្រាក់ចំនួន២០ដុល្លារអាមេរិកសម្រាប់អ្នកដែលគ្មានលិខិតឆ្លងដែនហើយមានធុរៈត្រូវធ្វើដំណើរទៅកាន់ ប្រទេសវៀតណាមដើម្បីព្យាបាលជំងឺ ហើយពេលត្រឡប់មកវិញក៏ត្រូវបង់ប្រាក់ចំនួន ២០ ដុល្លារ ផ្សេងទៀត។ បើនិយាយឲ្យខ្លីទៅសម្រាប់ប្រជាពលរដ្ឋដែលគ្មានលិខិតឆ្លងដែន ហើយមានធុរៈចាំបាច់ឆ្លងដែនទៅកាន់ប្រទេសវៀតណាមត្រូវចំណាយប្រាក់ក្នុងម្នាក់ៗចំនួន៤០ ដុល្លារទាំងទៅទាំងមក មិនដឹងថា ការបង់ប្រាក់របៀបនេះជាគោលការណ៍របស់ថ្នាក់លើឬក៏ត្រូវបង់ចូលជាថវិកាជាតិប៉ុន្មាននោះទេ។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា មន្ត្រីនគរបាលអន្តោប្រវេសន៍របស់លោក អ៊ឹង សុងយូ បានរក្សាទុកក្រុមអ្នកគួកជេនៅលាយឡំជាមួយមន្ត្រី ដែលក្រុមអ្នកគួកជេទាំងនេះ សកម្មបំផុតក្នុងការជួយរត់ការ ឯកសារ និងជាអ្នកប្រមូលលុយយកទៅឲ្យមន្ត្រីនគរបាល នៅពេលមានអ្នកដំណើរឆ្លងកាត់ ឬត្រូវក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរពឹងអាស្រ័យឲ្យជួយសម្រួលបែបបទកុំឲ្យយឺតយូរ។ សម្រាប់ការបំពេញសាលាកបត្រឆ្លងដែនក៏មានការតម្រូវឲ្យបង់សេវាថ្លៃទឹកប៊ិចក្រៅផ្លូវការផងដែរ គឺលោក អ៊ឹង សុងយូ មិនដែលមានឆន្ទៈកែទម្រង់ពីបញ្ហានេះឲ្យស្របតាមបទបញ្ជារបស់ថ្នាក់លើឬ ការព្រមានរបស់អង្គភាពប្រឆាំងអំពើពុករលួយរបស់លោក ឱម យ៉ិនទៀង ម្តងណាឡើយ។
ជាគោលការណ៍ថ្នាក់លើមិនបានតម្រូវឲ្យមន្ត្រីនគរបាលប្រចាំច្រកទ្វារព្រំដែន គាបជំរិតឲ្យប្រជាពលរដ្ឋខ្មែរបង់ប្រាក់សម្រាប់ការធ្វើដំណើរចាកចេញពីប្រទេសកម្ពុជានោះទេ ប៉ុន្តែលោក អ៊ឹង សុងយូ ហាក់ដូចជាធូររលុងមិនយកចិត្តទុកដាក់អនុវត្តន៍តាមបទបញ្ជារបស់ថ្នាក់លើនោះទេ ដូចដែលមតិមួយចំនួនបានលើកឡើងថា លោក អ៊ឹង សុងយូ កំពុងផ្តល់ឱកាសឲ្យមន្ត្រីជំនិតរបស់គាត់ធ្វើអ្វីៗគ្រប់បែបយ៉ាង ក្នុងការប្រមូលប្រាក់យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន។ ភាពអសកម្មរបស់មន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកបាវិត ទាមទារឲ្យអង្គភាពប្រឆាំងអំពើពុករលួយរបស់លោក ឱម យ៉ិនទៀង ពិនិត្យមើល ឡើងវិញជាបន្ទាន់។
សូមរម្លឹកថាក្រៅពីការប្រព្រឹត្តអំពើពុករលួយលើការគាបជំរិតអ្នកដំណើរឆ្លងកាត់ព្រំដែន ក៏ដូចជាការយកសេវាមិនប្រក្រតី លោក អ៊ឹង សុងយូ ត្រូវគេសង្ស័យថា មានជាប់ពាក់ព័ន្ធជាមួយការយកប្រាក់ក្រៅផ្លូវការពីរថយន្តដែលដឹកទំនិញឆ្លងកាត់ច្រកព្រំដែនដោយគ្មានវិក្កយបត្រផងដែរ។ ជាក់ស្តែងសកម្មភាពដឹកជញ្ជូនទំនិញ មួយចំនួន ដោយជ្រកក្រោមរូបភាពទំនិញវិនិយោគ ដែលពន្ធអាករជាបន្ទុករបស់រដ្ឋជាប្រភេទទំនិញខុសច្បាប់ អាចឆ្លងកាត់ច្រកព្រំដែនបាវិតបានរលូនល្អ គេជឿជាក់ថា នគរបាលអន្តោប្រវេសន៍របស់លោក អ៊ឹង សុងយូ ក៏អាចទទួលបានផលប្រយោជន៍ផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីសាលាស្រុកកំរៀង ខេត្តបាត់ដំបងមួយចំនួន បានធ្លោយឲ្យដឹងថាតាមទម្លាប់ជាយូរមកហើយលោក អ៊ឹង សុងយូ តែងតែយកបទបញ្ជារបស់ថ្នាក់លើទៅធ្វើជាមុខរបរប្រមូលប្រាក់ច្រកហោប៉ៅផ្ទាល់ខ្លួនហើយអ្វីដែលលោក អ៊ឹង សុងយូ ធ្លាប់បានប្រព្រឹត្តអំឡុងពេលគាត់ធ្វើជាប្រធានច្រកអន្តរជាតិដូងក៏គាត់យកមកអនុវត្តនៅច្រកបាវិតនេះដូចគ្នា។ មានមន្ត្រីមិនតិចទេដែលកំពុងនាំគ្នាច្រណែនចំពោះជោគវាសនារបស់លោក អ៊ឹង សុងយូ ដែលមានឆ្អឹងអណ្តែតត្រូវប៉ាន់គ្រប់តំណែងទាំងអស់ មិនមែនព្រោះតែលោក អ៊ឹង សុងយូ ជាមនុស្សមានសមត្ថភាពឬមានស្នាដៃល្អនោះទេ ប៉ុន្តែអ្វីៗផ្តើមចេញពីគំនិតជាអ្នកវិនិយោគទុនដែលលោក អ៊ឹង សុងយូ ហ៊ានចំណាយគ្រប់បែបយ៉ាងដើម្បីបានតំណែងណាមួយដែលគាត់យល់ថាអាចប្រមូលផលចំណេញមកវិញដោយងាយស្រួល៕
No comments:
Post a Comment
yes