ការចុះឈ្មោះអ្នកបោះឆ្នោតឆ្នាំ ២០១២ ចាប់ផ្តើមនៅថ្ងៃសៅរ៍នេះ
ដំណើរការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ ២០១២ បានចាប់ផ្តើមហើយនៅថ្ងៃសៅរ៍ទី១កញ្ញានេះ។ គ្រប់ឃុំសង្កាត់នានានៅទូទាំងប្រទេសបានបើកទ្វារទទួលប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោត ឬអ្នកដែលទើបគ្រប់អាយុឲ្យទៅចុះឈ្មោះដើម្បីទទួលបានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាខែកក្កដា ឆ្នាំ ២០១៣ ខាងមុខ។ ដំណើរការនេះនឹងបន្តរហូតដល់ថ្ងៃទី១២ខែតុលា។
ចាប់ពីព្រឹកថ្ងៃសៅរ៍ទី១ខែកញ្ញានេះតទៅឃុំសង្កាត់នានានៅទូទាំងប្រទេសបានចាប់ផ្តើមបើកទ្វារទទួលអ្នកចុះឈ្មោះបោះឆ្នោតថ្មី ឬអ្នកដែលត្រូវការពិនិត្យផ្ទៀងផ្ទាត់ឡើងវិញបញ្ជីឈ្មោះរបស់ខ្លួន។ ប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅត្រូវបានគេអញ្ជើញឲ្យទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់រៀងៗខ្លួនដើម្បីឲ្យប្រាកដថា ពួកគេអាចទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដាឆ្នាំ ២០១៣ ខាងមុខ។
លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះថា នៅថ្ងៃដំបូងនេះគ្រប់ឃុំសង្កាត់ទាំងអស់នៅទូទាំងប្រទេសបានបើកទ្វារទទួលអ្នកចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះតាមការគ្រោងទុក ទោះបីជាមានការយឺតយ៉ាវខ្លះនៅតំបន់ដាច់ស្រយាលមួយចំនួនក៏ដោយ។ ប៉ុន្តែ បរិយាកាសទូទៅនៅតាមឃុំសង្កាត់មួយចំនួនហាក់ដូចជានៅស្ងប់ស្ងាត់នៅឡើយទេសម្រាប់ការចាប់ផ្តើមថ្ងៃដំបូងនេះ គឺស្ងាត់ទាំងអ្នកទៅចុះឈ្មោះ និងពិនិត្យឈ្មោះ ស្ងាត់ទាំងអ្នកសង្កេតការណ៍។
ទើបតែមានគណបក្សនយោបាយពីរប៉ុណ្ណោះដែលបានដាក់ពង្រាយអ្នកសង្កេតការណ៍របស់ខ្លួនតាំងពីថ្ងៃដំបូងនេះ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ ចំណែកឯអង្គការសង្គមស៊ីវិលពីរទៀតក៏បានដាក់ពាក្យសុំសង្កេតការណ៍ពីដើមទីដែរ ប៉ុន្តែ គ.ជ.ប កំពុងតែពិនិត្យបែបបទនៅឡើយ នេះបើតាមការឲ្យដឹងរបស់លោកទេព នីថា។ ប៉ុន្តែ ដោយហេតុថា ដំណើរការនេះមានរយៈពេលវែងគឺរហូតដល់ថ្ងៃទី ១២ តុលា គ.ជ.ប សង្ឃឹមថា ចំនួនអ្នកសង្កេតការណ៍នឹងកើនឡើងថែមទៀត។
យ៉ាងណាក៏ដោយ គណបក្សប្រឆាំងសំខាន់ពីរគឺគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានប្រកាសធ្វើពហិការមិនចូលរួមសង្កេតការណ៍ដំណើរការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតនេះទេ។ គណបក្សទាំងពីរបានលើកហេតុផលថា គ.ជ.ប មិនអព្យាក្រឹត ដែលពួកគេមិនអាចជឿទុកចិត្តបាន។ ប៉ុន្តែ មន្ត្រី គ.ជ.ប អះអាងថា ពហិការនេះមិនប៉ះពាល់ដល់ដំណើរការនេះទេ។
យោងតាមតួលេខរបស់ គ.ជ.ប ក្នុងឆ្នាំ ២០១២នេះ មានអ្នកត្រូវចុះឈ្មោះបោះឆ្នោតថ្មីចំនួនជាង ៦ សែននាក់ តែក៏មានអ្នកដែលត្រូវលុបឈ្មោះពីបញ្ជីចំនួនជាង ១សែន ៤ ម៉ឺននាក់ផងដែរគឺអ្នកផ្លាស់ប្តូរទីលំនៅ និងអ្នកស្លាប់។ ប្រសិនបើគ្រប់គ្នាបានទៅចុះឈ្មោះបោះឆ្នោត ចំនួនអ្នកបោះឆ្នោតនៅកម្ពុជាក្នុងឆ្នាំ ២០១២ នេះនឹងកើនដល់ជាង ៩,៦ លាននាក់។ ប៉ុន្តែ នៅពេលបោះឆ្នោតម្តងៗ មានមនុស្សជាច្រើនមិនទៅបោះឆ្នោត ឬក៏បាត់សិទ្ធិបោះឆ្នោតដោយសាររកឈ្មោះមិនឃើញ៕
No comments:
Post a Comment
yes