ស្ទឹងត្រែង៖ ក្រុមហ៊ុន បូណារីតា រងការរិះគន់ដោយចំហរ ពីសំណាក់ប្រជាពលរដ្ឋថា ក្រោយពីទទួលបានសិទ្ធិវិនិយោគ ពីអាជ្ញាធរថ្នាក់ខេត្តរួចមក គេពុំឃើញមានដំណើរការក្នុងការដាំដុះដំណាំ កសិឧស្សាហកម្ម ទៅតាមកិច្ចសន្យាធ្វើឡើងរវាងក្រុមហ៊ុន និងអាជ្ញាធរខេត្តនោះទេ ក្រៅតែពីការដាំដំណាំដំឡូងមី ដើម្បីស្រូបយកកម្រៃពីការចរាចរណ៍លក់អនុផល ឲ្យទៅក្រុមឈ្មួញកណ្តាលនោះ។
ហើយផ្ទៃដីទាំងនោះភាគច្រើន បានមកពីការប្រើអំណាចយកគ្រឿងចក្រ ទៅឈូសឆាយរុករានទន្ទ្រានយកពីប្រជាពលរដ្ឋ ដែលមានដីនៅជាប់នឹងមូលដ្ឋានរបស់ក្រុមហ៊ុន។ ប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះឲ្យដឹងថា ក្រុមហ៊ុន បូណារីតា គឺជាក្រុមហ៊ុន ក្នុងស្រុកមួយ ដែលទទួលបានសិទ្ធិកាន់កាប់ដីធ្លី ដោយទទួលស្គាល់ និងចុះបញ្ជីកិច្ចសន្យាពីការវិនិយោគលើវិស័យដំណាំកសិឧស្សាហកម្ម ចំនួន ៣ ប្រភេទ ធ្វើឡើងមាន ៣ ដំណាក់កាល ពីរដ្ឋអំណាចនៅថ្នាក់តំបន់(អាជ្ញាធរថ្នាក់ខេត្ត)។
ដែលទទួលបានសិទ្ធិកាន់កាប់ដោយស្របច្បាប់ ពីអាជ្ញាធរខេត្តស្ទឹងត្រែង នាឆ្នាំ២០០៧ ដោយមានផ្ទៃដីសរុបចំនួន ៨៩២ ហិចតា នឹងមានមូលដ្ឋាន នៅដុងក្រឡចាប់ពីចំណុច ផ្លូវបំបែកចូលដុងក្រឡ រហូតដល់ចំណុចផ្លូវបំបែកចូលទៅច្រកផ្លូវទឹក(វ៉ឹនខាម)ជាប់ព្រំដែនច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ក្នុងសង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង។
ប្រភពខាងលើ បានបន្តឲ្យដឹងទៀតថា ក្រោយពីទទួលបានសិទ្ធិកាន់កាប់ដោយស្របច្បាប់ពីអាជ្ញាធរ ខេត្តស្ទឹងត្រែង នាឆ្នាំ២០០៧នោះរួចមក មានរយៈពេលជិតប្រាំឆ្នាំហើយ ក្រុមហ៊ុនមួយនេះ មិនបានអនុវត្តន៍ទៅតាមកិច្ចសន្យា ក្នុងការវិនិយោគលើវិស័យ ដំណាំកសិឧស្សាហកម្ម ចំនួន ៣ ប្រភេទ ជាមួយអាជ្ញាធរនោះ ឡើយ។
ចាប់តាំងពីក្រុមហ៊ុនមួយនេះ ដំណើរការភ្លាមភាពចម្រូងចម្រាស់ទំនាស់ជម្លោះដីធ្លី រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៧ ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង នោះវាបានកើតឡើងស្ទើរតែផ្ទុះទៅជាអំពើហឹង្សារម្តងៗទៅហើយ មិនតែប៉ុណ្ណោះតំណាងក្រុមហ៊ុន បានប្រើប្រាស់គ្រឿងចក្រយកមកឈូសឆាយ រំលោភលើដី របស់ប្រជាពលរដ្ឋ ដែលកំពុងអាស្រ័យផលចោលអស់ ហើយលុបបំបាត់ភស្តុតាងកាយកប់គ្មានសល់ កុំថាឡើយដើមចេកដើមស្វាយ សូម្បីតែដំណាំដំឡូងមីក៏មិនអនុគ្រោះដែរ។
ហើយសព្វថ្ងៃនេះ មានប្រជាពលរដ្ឋច្រើនណាស់ ដែលក្តៅក្រហាយ នឹងទង្វើរបស់ក្រុមហ៊ុន តែពួកគេមិនហ៊ានបញ្ចេញប្រតិកម្ម ខ្លាចក្រុមហ៊ុនចោទប្រកាន់ពីបទផ្សេងៗ ហើយចាប់ដាក់គុក ព្រោះត្បិតគេអាងខ្នងអ្នកមានអំណាចធំឈរនៅពីក្រោយខ្នង។
លោក ឃ្លី ប៊ុនថន អាយុ៥៥ឆ្នាំ និងភរិយា ឈ្មោះ អ៊ិន រស់នៅភូមិគីឡូលេខ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ជាប្រជាពលរដ្ឋ ដែលរងនូវការទន្ទ្រានយកដីពីក្រុមហ៊ុន បាននិយាយថា ពលរដ្ឋមានច្រើនគ្រួសារណាស់ តែពួកគាត់មិនហ៊ានតវ៉ាតែក្នុងនោះលោក បានសុំឲ្យអាជ្ញាធរមូលដ្ឋានយោគយល់ដល់គាត់ បានរស់នៅលើដីដែលកំពុងអាស្រ័យផល តាំងពីឆ្នាំ១៩៩៤ មក បានទទួលសិទ្ធិកាន់កាប់ ដោយស្របច្បាប់ផង។
តែផ្ទុយទៅវិញ ដីដែលគាត់បាន និងកំពុងអាស្រ័យផលនោះ ត្រូវបានក្រុមហ៊ុនបូណារីតា ប្រើអំណាចបញ្ជាគ្រឿងចក្រ មកឈូសឆាយយកអស់ទៅវិញ។ ជាក់ស្តែងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១២ ក្រុមហ៊ុនបូណារីតា បានប្រើគ្រឿងចក្រចូលមកឈូសឆាយរំលោភយកដីរបស់គាត់ ដែលកំពុងអាស្រ័យផលមានដូចជា ដាំដំណាំ ស្វាយ ចេក និង ដំឡូងមី ស្ថិតនៅចំណុចដុងក្រឡ ផ្លូវចូលទៅច្រកផ្លូវទឹក (វ៉ឹនខាម) ជាប់ព្រំប្រទល់កម្ពុជា និងឡាវ។
លោក បានបន្តថា ផ្ទៃដីដែលគេឈូសឆាយយកនេះ គាត់បានកាន់កាប់តាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ ដោយមានការទទួលស្គាល់ និងដឹងលឺពីអាជ្ញាធរដែនដីមូលដ្ឋាន ស្របតាមច្បាប់ត្រឹមត្រូវ មិនមែនដីទាំងនេះ លោកទើបចាប់ ឬ កាប់រានយកក្រោយបទបញ្ជាលេខ០១ បប ថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០១២ របស់សម្តេចប្រមុខដឹកនាំនោះឡើយ។
លោកបានបន្តថា ដីនេះលោកបានកាន់កាប់តាំងពីឆ្នាំ១៩៩៤មកនោះ មានទំហំក្បាលប្រវែង១០០ម៉ែត្រ និងជម្រៅប្រហែល ៨០ម៉ែត្រ ហើយដីទាំងនេះ ត្រូវបានអាជ្ញាធរក្រុងដកហូតទុក ដោយបដិសេធមិនទទួលស្គាល់ឡើយ បើទោះបីជាគាត់សុំការយោគយល់ពីអាជ្ញាធរយ៉ាងណាក៏ដោយ។
លោក ឃ្លី ប៊ុនថន បានសំណូពរថា ក្នុងនាមលោកជាពលរដ្ឋ និងយុទ្ធជនក្នុងកងខេមរៈភូមិន្ទ ដែលរស់នៅជិតចំណុចព្រំដែនដីមួយភាគ លោកបានប្រគល់ទៅឲ្យអាជ្ញាធរទុកជាសម្បត្តិរដ្ឋអស់ហើយដែរ តែនៅ១ភាគតូចប៉ុណ្ណោះ ដែលមានដំណាំត្រូវបានក្រុមហ៊ុនឈូសឆាយ លោកបានសុំការយោគយល់ ពីស្ថាប័នពាក់ព័ន្ធនានា ជាពិសេសនោះគឺ អាជ្ញាធរខេត្តអនុញ្ញាតិ ឲ្យលោកបានទទួលសិទ្ធិកាន់កាប់ ដោយស្របច្បាប់ផង គ្រាន់បង្កបង្កើនផល សំរាប់ដោះស្រាយជីភាពគ្រួសារ៕
No comments:
Post a Comment
yes