សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 10, 2012

ពលរដ្ឋ​នៅ​ជុំវិញ​​​​ឧទ្យាន​ជាតិ​ជម្រក​សត្វ​ព្រៃ​បឹងពែរ​បារម្ភ​អំពី​ការ​បាត់បង់​ព្រៃ​ឈើ


ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​ជុំវិញ​​​​ឧទ្យាន​ជាតិ​ជម្រក​សត្វព្រៃ​បឹងពែរ ព្រួយ​បារម្ភ​ថា ព្រៃឈើ​នៅ​តំបន់​នោះ​​នឹង​​បាត់បង់​នៅ​ពេល​ខាង​មុខ​ឆាប់ៗ ដោយ​​សារ​តែ​ក្រុមហ៊ុន​​​មួយ​ចំនួន​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច។
សហគមន៍​ប្រជាពលរដ្ឋ​​​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​កំពង់ធំ បាន​ឱ្យ​​ដឹង​ថា ពួក​គេ​កំពុង​មាន​កង្វល់​យ៉ាង​ខ្លាំង​ទៅ​លើ​សកម្មភាព​ឈូស​​ឆាយ​ព្រៃ និង​កាប់​ឈើ​យក​ដី​សម្រាប់​​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​នៅ​ក្នុង​តំបន់​​ឧទ្យាន​ជាតិ​ជម្រក​សត្វព្រៃ​បឹងពែរ។
ការ​ឈូស​ឆាយ​ព្រៃ និង​កាប់​ឈើ​នោះ បាន​ធ្វើ​ឱ្យ​ក្រុម​​អ្នក​ភូមិ​​ដែល​រស់​នៅ​ជុំវិញ ប្រឈម​មុខ​នឹង​ការ​បាត់​បង់​មុខ​របរ​ប្រចាំ​ថ្ងៃ ព្រម​ទាំង​គ្មាន​វាល​ស្មៅ​សម្រាប់​​សត្វ​គោ ក្របី​ទៀត​ផង។
បុរស​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ គឺ​ជា​អ្នក​ភូមិ​ដង​ទទឹង នៃ​ឃុំ​ងន ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ។គាត់​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​៩ ខែ​កញ្ញា ថា អ្នក​ភូមិ​​របស់​គាត់​ស្ទើរ​តែ​ទាំង​​អស់​មាន​របរ​ចិញ្ចឹម​ជីវិត​ប្រចាំ​​ថ្ងៃ​ពី​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ជម្រក​សត្វព្រៃ​បឹងពែរ។ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ទទួល​ដីសម្បទាន ហើយ​ចាប់​ផ្ដើម​ឈូស​ឆាយ​ព្រៃ និង​កាប់​ឈើ​នៅ​ទីនោះ បាន​ធ្វើ​​ឱ្យ​អ្នក​ភូមិ​បាត់បង់​មុខរបរ​ពី​ព្រៃ​ឈើ​បន្ត​បន្ទាប់។ បន្ថែម​លើ​នេះ សត្វ​គោ ក្របី​របស់​អ្នក​ភូមិ​ក៏​បាត់​បង់​វាលស្មៅ​ដែរ។

បុរស​ដដែល​បន្ត​ដូច្នេះ៖ «តំបន់​បឹងពែរ កន្លែង​ព្រៃ​ហ្នឹង​គឺ​ប្រជាពលរដ្ឋ​បាន​ទទួល​ច្បោះ​ ជ័រទឹក ទី​២ ទទួល​បាន​ជ័រចុង ហើយ​ទី​៣ ក៏​ទទួល​បាន​ដូច​ជា​គាត់​បោច​វល្លិ រើស​ជ័រ​ ហើយ​និង​គាត់​អាច​បណ្ដើរ​ឆ្កែ រក​កូន​សត្វ ដូច​ត្រកួត​ អណ្ដើក​អី ដើម្បី​ចិញ្ចឹម​ជីវិត​របស់​គាត់។ សព្វ​ថ្ងៃ​ហ្នឹង​ក្រុមហ៊ុន​កំពុងតែ​កាប់ កំពុង​តែ​ឈូស​​បន្ត​បន្ទាប់​មក។ ពី​ឆ្នាំ​​មុន​គាត់​បាន​សង​លុយ​សង​កាក់​មក​ដល់​ប្រជាពលរដ្ឋ​ខ្លះ ដែល​មាន​ច្បោះ​ជ័រ​ទឹក​ច្រើន​ ហើយ​ឥឡូវ​នេះ  ច្បោះ​ជ័រ​ទឹក​បន្តបន្ទាប់ កំពុង​តែ​កាប់​បន្ត​មក មិន​ទាន់​មាន​សំណង​ទៅ​លើ​ប្រជាពលរដ្ឋ​ណា​ទេ»
សហគមន៍​​​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ធំ និង​​ខេត្ត​ព្រះវិហារ ដែល​នៅ​ជុំវិញ​តំបន់​ឧទ្យាន​ជាតិ​ជម្រក​សត្វព្រៃ​បឹងពែរ​​នោះ កំពុង​ផ្ដួចផ្ដើម​​បង្កើត​ជា​ក្រុម​បណ្ដាញ​សហគមន៍​បឹងពែរ​មួយ ដើម្បី​រួមគ្នា​ការ​ពារ​ព្រៃឈើ​នៅ​តំបន់​នោះ ឱ្យ​ដូចជា​​បណ្ដាញ​​សហគមន៍​​ការពារ​ព្រៃឡង់ ដែល​ប្រជាពលរដ្ឋ​បាន​ធ្វើ​កន្លង​ទៅ​ដែរ។
តំណាង​សហគមន៍​ប្រជាពលរដ្ឋ​ម្នាក់​នៅ​ក្នុង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ បាន​មាន​ប្រសាសន៍​ថា សកម្មភាព​កាប់​និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ឧទ្យាន​ជាតិ​ជម្រក​សត្វ​ព្រៃ​បឹងពែរ កំពុង​កើត​មាន​យ៉ាង​ខ្លាំងក្លា ហើយ​ប្រសិន​បើ​មិន​រួម​គ្នា​ការពារ​ទេ អ្នក​ដែល​ទទួលរង​ផល​ប៉ះពាល់​​សម្រាប់​អនាគត​គឺ​ជា​អ្នក​ភូមិ​ដែល​មាន​មុខ​របរ​​ទី​ពឹង​ទៅ​លើ​​អនុផល​ព្រៃ​ឈើ​ជុំវិញ​តំបន់​បឹងពែរ​​នោះ។
តំណាង​សហគមន៍៖ «​ខ្ញុំ​កំពុងតែ​ពង្រីក​បណ្ដាញ​​បឹងពែរ​ហ្នឹង ដើម្បី​ប្រជុំ​​បង្កើត​ជា​បណ្ដាញ​បឹងពែរ​មួយ ​​​ដែល​យើង​ធ្វើ​​ដូច​បណ្ដាញ​ព្រៃឡង់​អ៊ីចឹង។ ពីព្រោះ​បើ​សិន​ជា​យើង​មិន​បង្កើត​បណ្ដាញ​ទេ វា​ពិបាក​ទប់ទល់​នឹង​សកម្មភាព​បំផ្លាញ​ព្រៃឈើ​ខ្លាំង​មែនទែន​តែម្ដង។ ពីដើម​យើង​ឃើញ​ថា ព្រៃ​បឹងពែរ គឺ​ជា​ព្រៃ​អភិរក្ស​បរិស្ថាន ហើយ​មាន​ឡាយ​ព្រះហស្ត​ចេញ​ពី​ព្រះមហាក្សត្រ​ខ្មែរ​ទៀត​ផង។ អ៊ីចឹង​បើ​ផ្ដល់​ឱ្យ​ក្រុម​ហ៊ុន​អ៊ីចឹង វា​ដូច​ជា​ដាក់​ផ្លាក​បឹងពែរ ដូច​ជា​អត់​ន័យ»
ប្រភព​ពី​សហគមន៍​ប្រជាពលរដ្ឋ​បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​បាន​​ឈូស​ឆាយ​ព្រៃ​នៅ​តំបន់​បឹងពែរ ដើម្បី​​យក​ដី​ដាំ​ដើម​កៅស៊ូ និង​ម្រេច អស់​ប្រហែល​ជា ៦​ពាន់​ហិកតារ​ហើយ។
ទោះ​យ៉ាង​ណា​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​​រឿង​នេះ​​បាន​ទេ។
អតីត​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​របស់​ខេត្ត​ព្រះវិហារ ១​រូប​ដែល​បាន​ចូល​និវត្តន៍​កាល​ពី​ពេល​ថ្មីៗ បាន​មាន​ប្រសាសន៍​ថា តំបន់​ឧទ្យាន​ជាតិ​ជម្រក​សត្វ​ព្រៃ​បឹងពែរ  គឺ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ត្រី​បរិស្ថាន ប៉ុន្តែ​លោក​​ដឹង​ថា ផ្នែក​ខ្លះ​នៃ​តំបន់​នោះ​ត្រូវ​បាន​រដ្ឋាភិបាល​ផ្ដល់​​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន ដូចជា​ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព ជាដើម។
សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ ដែល​ចេញ​ផ្សាយ​កាល​ពី​អំឡុង​ខែ​សីហា ឆ្នាំ​២០១១ កន្លង​ទៅ​បាន​​សរសេរ​ថា ដី​តំបន់​ឧទ្យាន​ជាតិ​ជម្រក​សត្វព្រៃ​​បឹងពែរ ជិត ២​ម៉ឺន​​​ហិកតារ ត្រូវ​រដ្ឋាភិបាល​ធ្វើ​ជា​ដី​​​សម្បទាន​សេដ្ឋកិច្ច ផ្ដល់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន ដើម្បី​អភិវឌ្ឍន៍​ដំណាំ​​កសិ-ឧស្សាហកម្ម៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

No comments:

Post a Comment

yes