សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 13, 2012

បុរី​ពពក​វិល​គ្រោង​បើក​ការ​ដ្ឋាន​សាងសង់ នៅ​ចុង​ឆ្នាំ​២០១២

120913_03
ផ្លូវឡើង​ភ្នំបូកគោ ដែល​​ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុម​ហ៊ុន​សុខា​អូតែល​ 

ភ្នំពេញ : ក្រុមហ៊ុន​សុខា​អូតែល​គ្រោង​នឹង​វិនិយោគ​ភូមិគ្រឹះ​ប្រភេទ​វីឡា​ចំនួន ១៩៨៩វីឡា​នៅ​ចុង​ឆ្នាំ​នេះ ​ដែល​មាន​ឈ្មោះ​ថា ​បុរី​ពពក​វិល ដែល​មាន​ទីតាំង​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​បូកគោ​ ជា​រមណីយដ្ឋាន​សម្បូរ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ។
លោក តេង រិទ្ធី នាយក​គ្រប់​គ្រង​ផ្នែក​លក់ ​និង​ទីផ្សារ​នៃ​នាយក​ដ្ឋាន​សុខា​អចលនទ្រព្យ​ បាន​ប្រាប់​ថា ​គម្រោង​នេះ​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​បន្ទាប់​ពី​ការ​រៀបចំ​ហេដ្ឋា​រចនា​ សម្ព័ន្ធ​ផ្លូវ​រួច​រាល់​នៅ​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ ​លោក​បាន​បន្ត​ថា ​គម្រោង​វិនិយោគ​កាស៊ីណូ ​និង​សណ្ឋាគារ​ បាន​បញ្ចប់​អស់​ហើយ​នៅ​សល់​តែ​គម្រោង​វិនិយោគ​លំនៅ​ដ្ឋាន​បុរីពពកវិល​នេះ​តែ ​ប៉ុណ្ណោះ​ដែល​នៅ​ពេល​នេះ​កំពុង​តែ​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដើម្បី​ ឈាន​ទៅ​រក​ដំណាក់​កាល​សាងសង់​ ភូមិ​គ្រឹះ​ដ៏​ល្អ​ជា​ច្រើន​។ ​លោក​បញ្ជាក់​ថា​៖​​«នៅ​ពេល​នេះ​យើង​សម្រេច​បាន​ជាង​៨០​ភាគរយ​ហើយ​លើ​ការ​ រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ»។

លោក ​តេង ​រិទ្ធី ​ឲ្យ​ដឹង​ទៀត​ថា ​ផ្ទៃ​ដី​ដែល​ត្រូវ​បាន​ជ្រើស​រើស​សម្រាប់​ការ​វិនិយោគ​សំណង់​លំនៅ​ដ្ឋាន​ជិត​២០០០​វីឡា​នេះ​មាន​ចំនួន​៤៧៨​ហិកតា ដែល​វីឡា​នីមួយៗ​មាន​ទំហំ​ចាប់​ពី​៦០០​ទៅ​១០០០​ម៉ែត្រ​ការ៉េ ប៉ុន្តែ​ការ​លក់​មិន​ទាន់​កំណត់​ថ្លៃ​បាន​នៅ​ឡើយ​ទេ គ្រាន់​តែ​ពេល​នេះ​មាន​អតិថិជន​ចាប់​អារម្មណ៍​មក​កក់​ចំនួន​ប្រហែល​៤០០​ គ្រួសារ​ហើយ។ លោក​បាន​បន្ត​ថា គម្រោង​នេះ​ធំ​មែន​ តែ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ឧទ្យាន​ជាតិ​របស់​យើង​ឡើយ ​គឺវា​ជា​ការ​ទាក់​ទាញ​ចំពោះ​ភ្ញៀវ​ទេសចរ​ទៅ​វិញ​ទេ នៅ​ពេល​ដែល​ពួក​គេ​ទៅ​លេង​កម្សាន្ត​នៅ​ទីនោះ​ ប្រាកដ​ជា​ចង់​ទស្សនា​ផ្ទះ​នៅ​ក្នុង​គម្រោង​នេះ​ផង​ដែរ​។
លោក​បាន បញ្ជាក់​ថា ​៖​«​ភ្ញៀវ​ទេសចរ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ទាក់​ទាញ​ធ្វើ​ឲ្យ​ គម្រោង​លក់ និង​ជួល​លំនៅដ្ឋាន​របស់​យើង​កើន​ឡើង​ ដូច្នេះ​បាន​ជា​ក្រុមហ៊ុន​សម្រេច​ចិត្ត​​វិនិយោគ​លំនៅ​ដ្ឋាន​ច្រើន​នេះ។​ ការ​សាង​សង់​មាន​តែ​វីឡា​ទាំង​នេះ​ក្រុម​ហ៊ុន​បាន​ផ្តោត​សំខាន់​ទៅ​លើ​អ្នក​ ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ស្នាក់​នៅ និង​ធ្វើ​លម្ហែកាយ​តែ​ប៉ុណ្ណោះ រីឯ​ការ​វិនិយោគ​ប្រភេទ​ផ្ទះ​ល្វែង​មិន​មាន​ឡើយ​នៅ​ទីនោះ»។
លោក រិទ្ធី ​បាន​បន្ថែម​ទៀត​ថា ​ពេល​នេះ​កំពុង​ស្ថិត​នៅ​លើ​ដំណាក់​កាល​សិក្សា​ប្លង់​មេ ​ហើយ​ការ​បញ្ចប់​គម្រោង​មិន​ដឹង​ច្បាស់​ថា​នៅ​ពេល​ណា​ទេ ដោយ​វា​ទាក់​ទង​នឹង​តម្រូវ​ការ​ទីផ្សារ​មាន​ច្រើន​ឬ​អត់ បើ​វា​មាន​ច្រើន​ការ​វិនិយោគ​នឹង​ឆាប់​ត្រូវ​បាន​បញ្ចប់​។
លោក​ថ្លែង បន្ត​ទៀត​ថា​៖​«​ទី​នោះ​ជា​ទីតាំង​ល្អ​មាន​អាកាស​ធាតុ​ត្រជាក់ ​មាន​កន្លែង​កម្សាន្ត​ជិត​៥០​កន្លែង​ ដែល​ប្រជាជន​គ្រប់គ្នា​ប្រាថ្នា​ចង់​ឃើញ ជា​ពិសេស​ប្រភេទ​អភិជន​តែ​ម្តង​ដែល​ត្រូវ​ការ​ស្នាក់​នៅ​សម្រាប់​ថ្ងៃ​ចុង​ សប្តាហ៍»​។ ​លោក​បាន​ប្រាប់​ទៀត​ថា ​នៅ​ពេល​រាល់​គម្រោង​ទាំង​អស់​នេះ​ត្រូវ​បាន​បញ្ចប់​នឹង​ផ្តល់​ឲ្យ​ខេត្ត​ កំពត​នូវ​រមណីយដ្ឋាន សណ្ឋាគារ​ លំនៅ​ដ្ឋាន​ កន្លែង​កម្សាន្ត និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដូច​ទីក្រុង​ទំនើបៗ​ដែល​មាន​គុណភាព​ល្អ​បំផុត​ ដោយ​មាន​ផ្ទៃ​ដី​រាប់​ពាន់​ម៉ែត្រ​ការ៉េ​។
លោក ​ស៊ឹង​ ប៊ុណ្ណា​ អគ្គនាយក​ក្រុម​ហ៊ុន​ ប៊ុណ្ណា​ រៀល​ធី​គ្រុប​ និង​ជា​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​អចលន​វត្ថុ​កម្ពុជា ​បាន​និយាយ​ថា ​ គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​បុរី​ពពកវិល​នៅ​ស្ថិត​លើ​ភ្នំ​បូក​គោ​នេះ​ជា​ គម្រោង​វិនិយោគ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ សម្រាប់​ការ​វិនិយោគ​នៅ​លើ​កំពូល​ភ្នំ​បែប​នេះ​។
ប្រធាន​សមាគម​អ្នក​ វាយ​តម្លៃ​អចលន​ទ្រព្យ​កម្ពុជា​រូប​នេះ​បាន​អះ​អាង​ថា៖​​«​គម្រោង​នេះ​មាន​ តែ​មួយ​នៅ​កម្ពុជា​ដែល​មាន​គម្រោង​វិនិយោគ​ប្រកប​ដោយ​ភាព​ទាក់​ទាញ​ ក៏​ប៉ុន្តែ​ទាល់​តែ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​បន្ថែម​ឲ្យ​កាន់​ល្អ​ជាង​នេះ​ ដើម្បី​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរ​ជាតិ​ខ្លាំង​នោះ ពោល​គឺ​ត្រូវ​ប្រើ​ពេល​វេលា ​ភាព​អត់​ធ្មត់ ​និង​ដើម​ទុន​ច្រើន​»។
លោក​បាន ​បន្ត​ថា ​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​របស់​យើង​គ្រាន់​តែ​ទទួល​បាន​ពាក្យ​សម្រាប់​ការ​ ជួយ​ស្វែង​រក​អតិថិជន​ ដោយ​រង់​ចាំ​ទាល់​តែ​គម្រោង​នេះ​អភិវឌ្ឍ​បាន​ច្រើន​សិន​ ទើប​ចាប់​ផ្តើម​ធ្វើ​អាជីវកម្ម​លក់ ដែល​ពេល​នេះ​កំពុង​នៅ​ក្នុង​គម្រោង​រៀបចំ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តែ​ ប៉ុណ្ណោះ ​ហើយ​តម្លៃ​ដី​ធ្លី​សម្រាប់​ធ្វើ​លំនៅដ្ឋាន​មួយ​ម៉ែត្រ​ការ៉េ​តម្លៃ​២៥០​ដុល្លារ​អាមេរិក។
លោក ​ចេង ​ខេង ​ប្រធាន​ក្រុម​ហ៊ុន​អចលន​ទ្រព្យស៊ីភី​អិល​ ​មាន​ប្រសាសន៍​ថា ​គ្រប់​ម្ចាស់​គម្រោង​វិនិយោគ​ទាំង​អស់​មាន​ គោល​ដៅ​ខុសៗ​គ្នា​ក្នុង​ការ​ជ្រើស​រើស​ទីតាំង​សម្រាប់​ការ​វិនិយោគ​អ្វី​មួយ ​ដូច​ជា​គម្រោង​វិនិយោគ​លំនៅដ្ឋាន​បុរី​ពពកវិល​ដែល​គ្រោង​នឹង​វិនិយោគ​ស្ថិត ​នៅ​ទីតាំង​ល្អ​សម្បូរ​ភ្ញៀវ​ទេសចរ​ច្រើន​ដែល​ពួក​គេ​ម្នាក់ៗ​គិត​ស្រមៃ​ចង់​ រស់​នៅ​ជាមួយ​បរិយាកាស​ធម្មជាតិ​មាន​ខ្យល់ បរិសុទ្ធ​ល្អ​នៅ​លើ​ភ្នំ​។
លោក បាន​បន្ត​ថា ​បើ​ទោះ​បី​ជា​គម្រោង​វិនិយោគ​នេះ​ធំ​ហើយ​ស្ថិត​នៅ​ទី​តាំង​សម្បូរ​ភ្ញៀវ​ ទេសចរ​ទៅ​ទស្សនា​ក៏​ដោយ ​ក៏​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​មិន​ទាន់​ធំ​ទូលាយ​ដូច​ប្រទេស​ អភិវឌ្ឍន៍​ឡើយ ដូច្នេះ​កម្ពុជា​ចាំបាច់​ត្រូវ​ការ​អតិថិជន​បរទេស​បន្ថែម​ទៀត​ ដោយ​យើង​មិន​អាច​ផ្តោត​តែ​ទៅ​លើ​អតិថិជន​នៅ​ក្នុង​ស្រុក​បាន​ទេ។
លោក បាន​បន្ថែម​ថា ​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ លោក​ស្រី ហ៊ីឡារី ​គ្លីនតុន​ ពេល​អញ្ជើញ​មក​កម្ពុជា​បាន​នាំ​មក​ជា​មួយ​នូវ​អ្នក​វិនិយោគ​ធំៗ​ជាង​១០០​ ក្រុមហ៊ុន ដែល​អាច​ធ្វើ​​ឲ្យ​កម្ពុជា​ទទួល​បាន​ឱកាស​ពី​អ្នក​ទាំង​នោះ​ផង​ដែរ​។
លោក ខូយ ឃុនហ៊ួរ​ អភិបាល​ខេត្ត​កំពត​បាន​ឲ្យ​ដឹង​ថា​ គម្រោង​វិនិយោគ​នៅ​កំពូល​ភ្នំ​បូកគោ​ កំពុង​មាន​អាទិភាព​ទាក់​ទាញ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​យ៉ាង​ខ្លាំង​។ ​លោក​បញ្ជាក់​ថា​៖​«​គ្រាន់​តែ​គម្រោង​អភិវឌ្ឍន៍​បូកគោ​បើក​ដំណើរ​ការ​ភ្លាម ចំនួន​ភ្ញៀវ​ទេសចរ​បាន​កើន​ឡើង​​១៨០​ភាគរយ ដែល​កាល​ពី​ឆ្នាំ​២០១១​ភ្ញៀវ​ទេសចរ​សរុប​មាន​តែ​៣៧​ម៉ឺន​នាក់​ប៉ុណ្ណោះ​។​ ប៉ុន្តែ​បើ​យើង​ពិនិត្យ​មើល​ចំនួន​ភ្ញៀវ​ទេសចរ​សរុប​នៅ​ឆមាស​ទី១​ឆ្នាំ​នេះ​ បាន​កើន​ឡើង​ដល់​ជាង​៦១​ម៉ឺន​នាក់​ កំណើន​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា គម្រោង​វិនិយោគ​នៅ​ទីនោះ​នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ភ្ញៀវ​ទាំង​ អស់​នោះ​ជា​មិន​ខាន»៕

No comments:

Post a Comment

yes