កំពត ៖ ផ្លូវជាតិលេខ៣៣ចាប់ពីចំណុចភូមិតាអេងនៃសង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត មកទល់នឹងមុខសហគមន៍ស្រែអំបិល ឥឡូវមហាសែនយ៉ាប់សឹងក្លាយជាថ្លុកក្របីដេកទៅហើយ ដោយការធ្វើដំណើរក៏សែនពិបាកមិនថាតែពេលភ្លៀងធ្លាក់សូម្បីដីស្ងួតហែងក៏ពិបាកធ្វើដំណើរផងដែរ។
ជាមួយនឹងភាពដ៏លំបាកខាងលើអ្នកដំណើរភាគច្រើនប្រើយានជំនិះជាមធ្យោបាយសុទ្ធតែធ្វើចរាចរដោយព្រលឹងចុងសក់ព្រោះតែស្ថានភាពផ្លូវកាន់តែមានជង្ហុកធំៗជាប់គ្នារដឹកបែបនេះ។
គេបានដឹងថា ផ្លូវមួយខ្សែដែលមានប្រវែង៧២គីឡូម៉ែត្រ កាលពីខែមេសាឆ្នាំ២០១២សម្ដេចតេជោ ហ៊ុន សែន បាន សម្ពោធបើកការដ្ឋានជួសជុលរួចហើយ ដោយមានកន្លែងខ្លះកំពុងជួសជុលជាបណ្តើរៗហើយ ប៉ុន្តែនៅត្រង់ចំណុចខ្លះដែលជាទីតាំងផ្លូវសេដ្ឋកិច្ចបែរជាទុកនៅមេម៉ាយ ពិសេសចំណុចផ្លូវចាប់ពីភូមិតាអេងមកទល់នឹងសហគមន៍ស្រែអំបិល ដែលមានចម្ងាយប្រហែល២គីឡូម៉ែត្រ ក្លាយជាជង្ហុកធំៗសឹងតែប្រដូចទៅនឹងថ្លុកក្របីទៅហើយ ដែលធ្វើឲ្យអ្នកធ្វើដំណើរឆ្លងកាត់នៅត្រង់ចំណុចមានការត្អូញត្អែររកទីបំផុតគ្មាន។ អ្នកដំណើរផងទាំងពួងខណៈពេលធ្វើចរាចរមកដល់ចំណុចនេះ តែងតែជួបការលំបាកខ្លាំងព្រោះតែស្ថានភាពផ្លូវពោរពេញដោយជង្ហុកមានទឹកដក់ជាប់សឹងតែចិញ្ចឹមក្រពើបានទៅហើយ។ ម្យ៉ាងទៀតនៅពេលភ្លៀងធ្លាក់ផ្ទួនជាប់គ្នាវិញនោះចំណុចផ្លូវខាងលើក្លាយជាល្បាប់បែកភក់ពាសពេញផ្លូវ មិនថាតែយានយន្តតូចតាច សូម្បីរថយន្តធំៗក៏ស្ទើរបើកទៅមុខមិនរួចដែរ។
ដោយឡែកមន្ត្រីមន្ទីរសាធារណការដឹកជញ្ជូនខេត្តកំពតម្នាក់ បានបញ្ជាក់ឲ្យដឹងផងដែរថា ចំណុចផ្លូវខូចខាតភាគខាងកើតទីរួមខេត្តកំពតពិតជាបង្កផលរំខានដល់ការធ្វើដំណើរមែន ប៉ុន្តែភារកិច្ចស្ថាបនាផ្លូវនេះជាបន្ទុករបស់ក្រុមហ៊ុនកូរ៉េ ដែលបានបើកការដ្ឋានរួចមកហើយក្នុងអំឡុងខែមេសាកន្លងទៅនេះ ហើយការអាក់ខានមិនទាន់មានការជួសជុលបណ្ដាលមកពីដំណោះស្រាយផលប៉ះពាល់មិនទាន់ចេញ ដោយបញ្ហានេះក៏នាំផលរំខានដល់ការស្ថាបនាផ្លូវដែលនឹងត្រូវប្រព្រឹត្តឡើងនាពេលខាងមុខនេះផងដែរ។ មន្ត្រីដដែលបានឲ្យដឹងទៀតថា ផ្លូវមួយខ្សែដែលមានប្រវែង៧២គីឡូម៉ែត្រនេះ ថ្វីត្បិតមិនទាន់ដល់ពេលស្ថាបនា តែចំណុចខ្លះត្រូវបានអ្នកម៉ៅការចាប់ផ្តើមជួសជុលបណ្តើៗហើយ ចំណែកផ្លូវដែលខូចខាតធ្ងន់ធ្ងរក្បែរក្រុងកំពតនោះនឹងមានការជួសជុលដរាបណាការដោះស្រាយសំណងផលប៉ះពាល់រួចរាល់៕
No comments:
Post a Comment
yes