ប្រជាពលរដ្ឋរស់នៅភូមិកែង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ លោក ខាត់ ផន នៅថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១២ អំពាវនាវសុំឲ្យស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ជួយស្វែងរកកូនស្រីដែលបានបាត់ខ្លួន ៦ឆ្នាំនៅប្រទេសម៉ាឡេស៊ី។
លោក ខាត់ ផន អាយុ ៥៦ឆ្នាំ មានប្រសាសន៍បញ្ជាក់ថា លោកបានព្យាយាមទំនាក់ទំនងសុំការបញ្ជាក់ពីក្រុមហ៊ុននាំពលករដែលបានចុះកិច្ចសន្យានាំកូនស្រីលោកទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ក៏ប៉ុន្តែមន្ត្រីក្រុមហ៊ុនបដិសេធមិនទទួលខុសត្រូវលើការបាត់ខ្លួននោះទេ។
លោកបន្តថា បានទទួលដំណឹងថាកូនស្រីត្រូវគេធ្វើបាបបង្ខំឲ្យធ្វើការលើសកំណត់ ហើយបន្ទាប់មកក្រុមហ៊ុននាំពលករបានប្រាប់លោកថា នាងបានរត់ចេញពីការងារនៅប្រទេសម៉ាឡេស៊ី បាត់ហើយ៖ «វាទៅបានចំនួនពីរខែ វាទូរស័ព្ទមកថាលំបាក គេប្រើទូលអុសឡើងភ្នំចុះភ្នំ វាទូរស័ព្ទឲ្យខ្ញុំទៅយក។ ខ្ញុំទៅដល់ក្រុមហ៊ុន គេមិនឲ្យមកទេ គេថាមិនទាន់ដាច់អាណត្តិ ប្រហែលជិតពីរឆ្នាំជិតដល់អាណត្តិគេថារត់ចេញពីផ្ទះ។ ក្រុមហ៊ុនថាទៅប្ដឹងឯណាប្ដឹងទៅ។ ខ្ញុំក្រខ្ញុំមិនដឹងទៅប្ដឹងឯណា!»។
យោងតាមពាក្យបណ្ដឹងរបស់លោក ខាត់ ផន ដាក់ជូនមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តក្រចេះ កាលពីដើមខែតុលា កន្លងទៅឲ្យដឹងថា ពលការិនីដែលបាត់ខ្លួនមានឈ្មោះ ច្រឹង ផារី អាយុ ២៦ឆ្នាំ។ នាងបានចាកចេញពីប្រទេសកម្ពុជា ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០០៧ តាមរយៈក្រុមហ៊ុនឈ្មោះ យ៊ូម៉ែន រីហ្សស (Human Resource) មានការិយាល័យនៅទីក្រុងភ្នំពេញ។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៩ ខែតុលា មិនអាចទាក់ទងតំណាងក្រុមហ៊ុន យ៊ូម៉ែន រីហ្សស ដើម្បីអធិប្បាយបញ្ហានេះបានទេ។
អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តក្រចេះ លោកស្រី ធីម ណារីម មានប្រសាសន៍បញ្ជាក់ថា កន្លងទៅនេះមន្ត្រីសមាគមបានស៊ើបអង្កេតករណីនេះ និងបានទំនាក់ទំនងទៅតំណាងក្រុមហ៊ុន យ៊ូម៉ែន រីហ្សស ក៏ប៉ុន្តែភាគីក្រុមហ៊ុនបានបញ្ជាក់ថា ក្រុមហ៊ុនមិនទទួលខុសត្រូវលើការបាត់ខ្លួននោះទេ ដោយសំអាងថានាងបានរត់ចេញពីកន្លែងធ្វើការងារ។ លោកស្រីបន្តថា បានអន្តរាគមន៍ពាក្យបណ្ដឹងស្ដីពីការបាត់ខ្លួនពលការិនីរូបនេះ ទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីចាត់វិធានការស៊ើបអង្កេតករណីនេះ៖ «វាជាចំណែកមួយរបស់ក្រុមហ៊ុន ដែលត្រូវតែទទួលខុសត្រូវចំពោះការបាត់ព័ត៌មានរបស់ពលការិនី នេះមិនអាចបដិសេធបានទេ»។
ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្សនៃស្នងការដ្ឋានប៉ូលិសខេត្តក្រចេះ លោក កែវ ស្រី សី មានប្រសាសន៍បញ្ជាក់ថា លោកបានផ្ញើរបាយការណ៍ស្ដីពីករណីបាត់ខ្លួនពលការិនីនេះទៅមន្ត្រីជំនាញក្រសួងមហាផ្ទៃរួចហើយ ដើម្បីស្រាវជ្រាវករណីនេះបន្ត ក៏ប៉ុន្តែលោកមិនទាន់បានទទួលសេចក្តីរាយការណ៍ពីលទ្ធផលនៃការស្រាវជ្រាវនេះនៅឡើយ៖ «គាត់ហ្នឹងថាប្រុងមកជួបខ្ញុំៗថាបម្រុងឡើងទៅក្រសួង ដើម្បីទាក់ទងផ្ទាល់ខ្លួនឯងមើលវាយ៉ាងម៉េច។ អាហ្នឹង យើងអត់ទាន់បានលទ្ធផលទេយើងដាក់ទៅក្រសួងអស់ហើយ»។
នៅខេត្តក្រចេះ របាយការណ៍អង្កេតរបស់មន្ត្រីសមាគមអាដហុកខេត្តឲ្យដឹងថា ប៉ុន្មានឆ្នាំកន្លងទៅនេះ មន្ត្រីសមាគមបានរកឃើញបញ្ហាមិនប្រក្រតី ដូចជាអំពើហិង្សា អំពើរំលោភផ្លូវភេទ និងការបាត់ខ្លួនពលការិនីខ្មែរនៅប្រទេសម៉ាឡេស៊ី ៤០ករណី ក្នុងនោះមានពលការិនី ៨នាក់បានសង្គ្រោះវិលត្រឡប់មកប្រទេសកំណើតវិញ និងពលការិនី ២នាក់បាត់ខ្លួនច្រើនឆ្នាំមិនមានដំណឹង៕
No comments:
Post a Comment
yes