Tuesday, October 30, 2012

ឪពុក​ពល​ការិនី​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ស្វែង​រក​កូន​ស្រី


ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កែង ឃុំ​ជ្រោយបន្ទាយ ស្រុក​ព្រែកប្រសប់ ខេត្ត​ក្រចេះ លោក ខាត់ ផន នៅ​ថ្ងៃ​ចន្ទ ទី​២៩ ខែ​តុលា ឆ្នាំ​២០១២ អំពាវនាវ​សុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជ​រដ្ឋាភិបាល ជួយ​ស្វែង​រក​កូន​ស្រី​ដែល​បាន​បាត់​ខ្លួន ៦ឆ្នាំ​នៅ​ប្រទេស​ម៉ាឡេស៊ី។
លោក ខាត់ ផន អាយុ ៥៦​ឆ្នាំ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​ព្យាយាម​ទំនាក់​ទំនង​សុំ​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន​នាំ​ពលករ​ដែល​បាន​ចុះ​កិច្ច​សន្យា​នាំ​កូន​ស្រី​លោក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ក៏ប៉ុន្តែ​មន្ត្រី​ក្រុមហ៊ុន​បដិសេធ​មិន​ទទួល​ខុស​ត្រូវ​លើ​ការ​បាត់​ខ្លួន​នោះ​ទេ។
លោក​បន្ត​ថា បាន​ទទួល​ដំណឹង​ថា​កូន​ស្រី​ត្រូវ​គេ​ធ្វើ​បាប​បង្ខំ​ឲ្យ​ធ្វើ​ការ​លើស​កំណត់ ហើយ​បន្ទាប់​មក​ក្រុមហ៊ុន​នាំ​ពលករ​បាន​ប្រាប់​លោក​ថា នាង​បាន​រត់​ចេញ​ពី​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី បាត់​ហើយ៖ «វា​ទៅ​បាន​ចំនួន​ពីរ​ខែ វា​ទូរស័ព្ទ​មក​ថា​លំបាក គេ​ប្រើ​ទូល​អុស​ឡើង​ភ្នំ​ចុះ​ភ្នំ វា​ទូរស័ព្ទ​ឲ្យ​ខ្ញុំ​ទៅ​យក។ ខ្ញុំ​ទៅ​ដល់​ក្រុមហ៊ុន គេ​មិន​ឲ្យ​មក​ទេ គេ​ថា​មិន​ទាន់​ដាច់​អាណត្តិ ប្រហែល​ជិត​ពីរ​ឆ្នាំ​ជិត​ដល់​អាណត្តិ​គេ​ថា​រត់​ចេញ​ពី​ផ្ទះ។ ក្រុមហ៊ុន​ថា​ទៅ​ប្ដឹង​ឯណា​ប្ដឹង​ទៅ។ ខ្ញុំ​ក្រ​ខ្ញុំ​មិន​ដឹង​ទៅ​ប្ដឹង​ឯណា!»

យោង​តាម​ពាក្យ​បណ្ដឹង​របស់​លោក ខាត់ ផន ដាក់​ជូន​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ក្រចេះ កាល​ពី​ដើម​ខែ​តុលា កន្លង​ទៅ​ឲ្យ​ដឹង​ថា ពល​ការិនី​ដែល​បាត់​ខ្លួន​មាន​ឈ្មោះ ច្រឹង ផារី អាយុ ២៦ឆ្នាំ។ នាង​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ឆ្នាំ​២០០៧ តាម​រយៈ​ក្រុមហ៊ុន​ឈ្មោះ យ៊ូម៉ែន រីហ្សស (Human Resource) មាន​ការិយាល័យ​នៅ​ទីក្រុង​ភ្នំពេញ។
វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី២៩ ខែ​តុលា មិន​អាច​ទាក់​ទង​តំណាង​ក្រុមហ៊ុន យ៊ូម៉ែន រីហ្សស ដើម្បី​អធិប្បាយ​បញ្ហា​នេះ​បាន​ទេ។
អ្នក​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​ក្រចេះ លោកស្រី ធីម ណារីម មាន​ប្រសាសន៍​បញ្ជាក់​ថា កន្លង​ទៅ​នេះ​មន្ត្រី​សមាគម​បាន​ស៊ើប​អង្កេត​ករណី​នេះ និង​បាន​ទំនាក់​ទំនង​ទៅ​តំណាង​ក្រុមហ៊ុន យ៊ូម៉ែន រីហ្សស ក៏ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​មិន​ទទួល​ខុស​ត្រូវ​លើ​ការ​បាត់​ខ្លួន​នោះ​ទេ ដោយ​សំអាង​ថា​នាង​បាន​រត់​ចេញ​ពី​កន្លែង​ធ្វើ​ការងារ។ លោកស្រី​បន្ត​ថា បាន​អន្តរាគមន៍​ពាក្យ​បណ្ដឹង​ស្ដីពី​ការ​បាត់​ខ្លួន​ពល​ការិនី​រូប​នេះ ទៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ ដើម្បី​ចាត់​វិធានការ​ស៊ើប​អង្កេត​ករណី​នេះ៖ «វា​ជា​ចំណែក​មួយ​របស់​ក្រុមហ៊ុន ដែល​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់​ព័ត៌មាន​របស់​ពល​ការិនី នេះ​មិន​អាច​បដិសេធ​បាន​ទេ»
ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ក្រចេះ លោក កែវ ស្រី សី មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​ផ្ញើ​របាយការណ៍​ស្ដីពី​ករណី​បាត់​ខ្លួន​ពល​ការិនី​នេះ​ទៅ​មន្ត្រី​ជំនាញ​ក្រសួង​មហាផ្ទៃ​រួច​ហើយ ដើម្បី​ស្រាវជ្រាវ​ករណី​នេះ​បន្ត ក៏ប៉ុន្តែ​លោក​មិន​ទាន់​បាន​ទទួល​សេចក្តី​រាយការណ៍​ពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​នៅ​ឡើយ៖ «គាត់​ហ្នឹង​ថា​ប្រុង​មក​ជួប​ខ្ញុំៗ​ថា​បម្រុង​ឡើង​ទៅ​ក្រសួង ដើម្បី​ទាក់​ទង​ផ្ទាល់​ខ្លួន​ឯង​មើល​វា​យ៉ាង​ម៉េច។ អា​ហ្នឹង យើង​អត់​ទាន់​បាន​លទ្ធផល​ទេ​យើង​ដាក់​ទៅ​ក្រសួង​អស់​ហើយ»
នៅ​ខេត្ត​ក្រចេះ របាយការណ៍​អង្កេត​របស់​មន្ត្រី​សមាគម​អាដហុក​ខេត្ត​ឲ្យ​ដឹង​ថា ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ មន្ត្រី​សមាគម​បាន​រក​ឃើញ​បញ្ហា​មិន​ប្រក្រតី ដូច​ជា​អំពើ​ហិង្សា អំពើ​រំលោភ​ផ្លូវ​ភេទ និង​ការ​បាត់​ខ្លួន​ពល​ការិនី​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី ៤០​ករណី ក្នុង​នោះ​មាន​ពល​ការិនី ៨នាក់​បាន​សង្គ្រោះ​វិល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ និង​ពល​ការិនី ២នាក់​បាត់​ខ្លួន​ច្រើន​ឆ្នាំ​មិន​មាន​ដំណឹង៕

No comments:

Post a Comment

yes