Tuesday, October 30, 2012

អ្នក​ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយមានជ័យ ប្រឈម​នឹង​ការ​បាត់បង់​ដី​ស្របច្បាប់


ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មាន​ជ័យ កំពុង​ប្រឈម​នឹង​ការ​បាត់បង់​សិទ្ធី នៅ​ដី​ស្របច្បាប់ ដោយសារ​តែ​ដី​ស្រែ​ចម្ការ​របស់​ពួក​គាត់ មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ មួយ ឈ្មោះ​ថា ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍។
ជម្លោះ​ដណ្ដើម​ដីធ្លី​គ្នា​រវាង​ប្រជាពលរដ្ឋ និង​ក្រុម​ហ៊ុន​កូន​កាត់​កម្ពុជា​ចិន​មួយ នៅ​ខេត្ត​ភាគ​ពាយ័ព្យ ប្រទេស​កម្ពុជា អាច​នឹង​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី​ម្ដង​ទៀត ដោយសារ​តែ​ក្រុម​អាជ្ញាធរ​មូលដ្ឋាន និង​ភាគី​ក្រុមហ៊ុន បង្ក​ការ​រាំង​ស្ទះ​ដល់​ក្រុម​និស្សិត ក្នុង​ការ​ចុះ​វាស់វែង​ដី ដើម្បី​រៀបចំ​ចេញ​កម្មសិទ្ធិ​ដី​ស្រប​ច្បាប់​ជូន​អ្នកភូមិ។
លោក ពៅ សុភាព ជា​អ្នក​ភូមិ​ធ្លក ឃុំ​បន្ទាយ​ឆ្មារ ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយ​មានជ័យ។ លោក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២៩ ខែ​តុលា​ថា កាល​ពី​ថ្ងៃ​ទី ២៦ ខែ​តុលា ឆ្នាំ ២០១២ ខាង​ក្រុម​និស្សិត បាន​ចុះ​វាស់វែង​ដី​លំនៅឋាន និង​ដី​ស្រែ​ជាប់​ភូមិ របស់​ប្រជាពលរដ្ឋ នៅ​ចំណុច​ភូមិ​ធ្លក​ឃុំ បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ មាន​ប្រជាពលរដ្ឋ​ចំនួន ០៧ គ្រួសារ មាន​ដី​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ជាតិ។

លោក ពៅ សុភាព៖ «ការ​គេ​វាស់​នៅ​ក្នុង​ប្លុក​ក្រុមហ៊ុន ដី​គាត់​ដូច​ថា នៅ​អែប​ជិត​ក្រុមហ៊ុន អញ្ចឹង​ទៅ​គេ​ថា មិន​ប៉ះ​ទេ ចាំ​វាស់​ក្រោយ។ ដល់​ពេល​គាត់​ដឹង​ថា មិន​ពាក់​ព័ន្ធ​គាត់​ទៅ​ចុះ​វាស់ ក្រុម​ការងារ​ថា ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន គ្រាន់​តែ​គេ​និយាយ​បង្ហើរ​ថា វាស់​បាន។ ប៉ុន្តែ មិន​មាន​សិទ្ធិ​ចេញ​ប្លង់»។
ក្រុម​និស្សិត​​​ប្រាប់​ថា មិន​អាច​ចេញ​ប្លង់​ជូន​ប្រជា​ពលរដ្ឋ​បាន​ទេ ដោយសារ​ដី​នោះ​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍។ អ្នក​ភូមិ​ទាំង​នោះ មាន​ឈ្មោះ សឿន តុច ឈ្មោះ យ៉ែម ណាត ឈ្មោះ ស្រ៊ីន រី ឈ្មោះ ថោង គឿប និង​ឈ្មោះ សាញ់ វណ្ណនិត។ ទាំង​ប្រាំ​គ្រួសារ​នេះ មាន​ដី​ទំហំ ៤ ហិកតារ បី​ហិកតារ និង​ខ្លះ​ទៀត​ជាង ២ ហិកតារ។
ចំណែក​ពីរ​គ្រួសារ​ផ្សេង​ទៀត មាន​ឈ្មោះ សាន វ៉េត និង​ឈ្មោះ ឃុត អ៊ិន មាន​ដី​ជាប់​ពាក់ព័ន្ធ​ចំ​ចំណុច​កណ្ដាល​ដី​របស់​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍។ ឈ្មោះ ឃុត អ៊ិន មាន​ដី​​ទំហំ ៤ ហិកតារ និង​ ឈ្មោះ សាន វ៉េត មាន​ដី​ទំហំ ៤ ហិកតារ។
កន្លង​មក នៅ​ពេល​ក្រុម​ការងារ​មូលដ្ឋាន​ចុះ​ធ្វើ​អត្តសញ្ញាណកម្ម ដី​នោះ​មាន​ទំហំ​ធំ តែ​នៅ​ពេល​វាស់​ជាក់​ស្ដែង​បែរ​ជា​ក្បាល​ដី​របស់​គាត់​រួច​តូច​ជាង​មុន។
អ្នក​ភូមិ​ធ្លក​ឈ្មោះ សាញ់ វណ្ណនិត បាន​ថ្លែង​ថា គ្រួសារ​គាត់ ដែល​មាន​ដី ២ ហិកតារ បាន​ដាំ​ដំឡូង​មី​ លើ​ដី​ជាង ១ ហិកតារ​រួច​ហើយ។ ប៉ុន្តែ គេ​មិន​ព្រម​វាស់​ចេញ​ប្លង់​ឲ្យ​ទេ ព្រោះ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ដី​របស់​ក្រុមហ៊ុន។
លោក សាញ់ វណ្ណនិត៖ «ដី​ខ្ញុំ​នោះ ​ខ្ញុំ​បាន​ដាំ​ដំឡូង ​អស់​ហើយ។ ប៉ុន្តែ​គេ​អត់​វាស់​ជូន​ខ្ញុំ​ទេ។ ដី​ខ្ញុំ​ទាំង​អស់​ពីរ​ហិកតារ។ ប៉ុន្តែ ខ្ញុំ​ធ្វើ​បាន​តែ ១ ហិកតារ ពីរ​រ៉ៃ គេ​អត់​វាស់​ផង គេ​ថា ដី​ខ្ញុំ​ប៉ះពាល់ និង​ក្រុមហ៊ុន ​ហើយ ដី​អ្នក​នៅ​ជាប់​ខ្ញុំ ក៏​គេ​អត់​ឲ្យ​ធ្វើ ​គេ​ទៅ​ដេញ ​មិន​ឲ្យ​ធ្វើ»។
ក្រុម​អ្នក​ភូមិ​បាន​បញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមហ៊ុន កំពុង​តែ​លាក់លៀម​ព្រំ​ដី មិន​បាន​បង្ហាញ​អំពី​ចំណុច​ព្រំ​ដី​របស់​ក្រុមហ៊ុន ហើយ​នៅ​ពេល​ក្រុម​និស្សិត​ចុះ​វាស់​នោះ បែរ​ជា​និយាយ​ថា ប៉ះពាល់​ដី​របស់​ក្រុមហ៊ុន​ខុស​ពី​ពេល​មុន ដែល​ថា ដី​នោះ​មិន​បាន​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន។
វិទ្យុ​អាស៊ី​សេរី​ពុំ​អាច​ទាក់​មន្ត្រី​មូលដ្ឋាន​ស្រុក​ថ្មពួក ​និង​ភាគី​តំណាង​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍ ដើម្បី​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ។
ប៉ុន្តែ មន្ត្រី​សមាគម អាដហុក ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ លោក ស៊ុំ ច័ន្ទគា បាន​ថ្លែង​ថា អាជ្ញាធរ​ខេត្ត​គួរ​តែ​អនុវត្ត តាម​គោលការណ៍​របស់​រដ្ឋាភិបាល ហើយ​បើ​សិន​ជា មាន​ដី​ប្រជា​ពលរដ្ឋ​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន​ដូច្នេះ​មែន អាជ្ញាធរ​មូលដ្ឋាន ត្រូវ​វាស់វែង​កាត់​ដី​នោះ​ចេញ ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ​ បាន​កម្មសិទ្ធិ​ដី​កាន់កាប់​ស្រប​ច្បាប់។ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ទាំងអស់ គួរ​តែ​បញ្ជាក់​ព្រំប្រទល់​ដី​របស់​ក្រុមហ៊ុន បាញ់​ថ្នាំ​ចំណាំ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ងាយ​ស្រួល​ក្នុង​វាស់វែង​រក​ដី​ប្រជា​ពលរដ្ឋ ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន។
លោក ស៊ុំ ច័ន្ទគា៖ «ខ្ញុំ​គិត​ថា អាជ្ញាធរ​នឹង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អនុសាសន៍​របស់​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​ជូន​ប្រជា​ពលរដ្ឋ កុំ​ឲ្យ​មាន​ទំនាស់​កើត​ឡើង​ដដែលៗ នៅ​លើ​ដី​នៅ​ចំណុច​ហ្នឹង​ទៀត»។
នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ជូន​ប្រជាពលរដ្ឋ នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​ថ្ងៃ​ទី ៧ ខែ​តុលា ឆ្នាំ ២០១២ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ប្រាប់​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ មិន​ឲ្យ​ប្រើ​ពាក្យ​មាន​ដី​ត្រួត​ស៊ី​គ្នា រវាង​ប្រជា​ពលរដ្ឋ និង​ក្រុមហ៊ុន​នោះ​ទេ។ លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា បើ​មាន​ដី​ប្រជា​ពលរដ្ឋ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន អាជ្ញាធរ ត្រូវ​តែ​កាត់​ដី​នោះ​ចេញ​ពី​ក្រុមហ៊ុន ហើយ​វាស់វែង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់ ប្រគល់​ឲ្យ​ប្រជា​ពលរដ្ឋ៕

No comments:

Post a Comment

yes