Wednesday, October 31, 2012

ថៃ​ចាប់​ខ្មែរ​៦​នាក់​ក្នុង​ពេល​កំពុង​ដឹក​ឈើ


បន្ទាយមានជ័យៈ ប្រជា​ពលរដ្ឋ​ខ្មែរ​៦នាក់ មាន​ទាំង​អតីត​នគរបាល​ក្រុង​ប៉ោយប៉ែត​ម្នាក់​ផង​ត្រូវ​បាន​ទាហាន​ថៃ​ ចាប់​ខ្លួ​ន កាល​ពី​ថ្ងៃ​ចន្ទ ក្នុង​ពេល​កំពុង​ដឹក​ឈើ​ប្រណីត​ខុស​ច្បាប់​ចំនួន​២០​បន្ទះ​ តាម​រថយន្ត​ពីរ​គ្រឿង​ ចេញ​ពី​ខេត្ត​ស្រះកែវ ឆ្ពោះ​មក​កាន់​កម្ពុជា ​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត។
លោក​សៅ វាសនា ប្រធាន​ក្រុម​ការងារ​ប្រចាំ​ច្រក​ប៉ោយប៉ែត​នៃ​ការិយាល័យ​ទំនាក់​ទំនង​ ព្រំ​ដែន​កម្ពុជា-ថៃ បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា​ ទាហាន​ថៃ​បាន​ចាប់​ខ្លួន​បុរស​ជា​ជន​ជាតិ​ខ្មែរ​៦​នាក់​ បន្ទាប់​ពី​រក​ឃើញ​ឈើ​ប្រណីត ២០​បន្ទះ​នៅ​ក្នុង​រថយន្ត​វីហ្គោ​ពីរ​គ្រឿង​ នៅ​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ នៅ​ចម្ងាយ​ជាង​១៥​គីឡូ​ម៉ែត្រ​ពី​ព្រំដែន​កម្ពុជា-ថៃ​។ លោក​ថា៖​ «ម្នាក់​ក្នុង​ចំណោម​នោះ ឈ្មោះ​ ជីវន្ត ជា​អតីត​នគរ​បាល​នៅ​ ក្រុង​ប៉ោយប៉ែត​។ ពួក​គេ​បម្រុង​ដឹក​ឈើ​ទាំង​នោះ​ឆ្លង​ដែន​ចូល​មក​ស្រុក​ខ្មែរ​តាម​ច្រក​ប៉ោយ​ ប៉ែត​ ប៉ុន្តែ​ត្រូវ​ថៃ​ចាប់​បាន​»។ លោក ​សៅ ​វាសនា​ប្រាប់​ថា​ អ្នក​ទាំង ​៦​ នាក់​នោះ​ត្រូវ​ថៃ​ឃុំ​ខ្លួន​នៅ​ស្រុក​អារញ្ញ​ និង​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ស្រះកែវ​នៅ​ព្រឹក​ថ្ងៃ​ពុធ។ លោក​បញ្ជាក់​ថា៖ ​«វា​មិន​មែន​ជា​លើក​ទី១​ទេ ដែល​ពួក​គេ​ដឹក​ឈើ​ឆ្លង​ដែន​ខុស​ច្បាប់​មក​ស្រុក​ខ្មែរ​នោះ ទើប​តែ​ពេល​នេះ ទាហាន​ថៃ​បង្ក្រាប»។

លោក អ៊ុក កែវ​រតនៈអ្នក​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែងថា មន្ត្រី​នគរបាល​ខ្លះ​​ទៀត ប្រចាំ​នៅ​ច្រក​បោយប៉ែត​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដឹក​ឈើ​ខុស​ច្បាប់ បែប​នេះ ហើយ​អាច​នឹង​ត្រូវ​ភាគី​ថៃ​កោះ​ហៅ បើ​បក្ខពួក​គេ​ទាំង ៦ នាក់​ត្រូវ​កាត់​ទោស​ដោយ​តុលាការ​ថៃ។ លោក​ថា​៖«រឿង​នេះ​ជា​រឿង​បទល្មើស​ដែល​បាន​ប្រព្រឹត្ត​ដោយ​បុគ្គល»។
ការ ចាប់​ខ្លួន​ខាង​លើ​ធ្វើ​ឡើង​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ ​ក្រោយ​ដែល​ពលរដ្ឋ​ខ្មែរ​៨​នាក់​ទៀត​ ត្រូវ​​ទាហាន​ថៃ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ពី​បទ​ឆ្លង​ដែន​ចូល​កាប់​ឈើ​ ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ​។ មាន​ករណី​មួយ​ទៀត​នៅ​ខេត្ត​សុរិន ​គឺ​ទាហាន​ថៃ​ បាន​បាញ់​ពលរដ្ឋ​ខ្មែរ​ម្នាក់​របួស​ ហើយ​ស្លាប់​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​។
លោក​ឈិត ​ឈន​មន្ត្រី​នគរបាល​ខេត្ត​ឧត្តរមានជ័យ​ប្រាប់​ថា​ឈ្មោះ មឿន ចិន្តា​ អាយុ ២៦​ ឆ្នាំ ត្រូវ​ទាហាន​ថៃ បាញ់​ឲ្យ​របួស​ធ្ងន់ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា នៅ​ខណៈ​ដែល​គាត់ បាន​ព្យាយាម​រត់​គេច​ខ្លួន​ចេញ​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ​ថៃ បន្ទាប់​ពី​បាន​ប៉ុនប៉ង​លួច​ម៉ូតូ​មួយ​គ្រឿង នៅ​ក្នុង​ស្រុក​កាប់​ជើង​ ខេត្ត​សុរិន៕

No comments:

Post a Comment

yes