បន្ទាយមានជ័យៈ ប្រជាពលរដ្ឋខ្មែរ៦នាក់ មានទាំងអតីតនគរបាលក្រុងប៉ោយប៉ែតម្នាក់ផងត្រូវបានទាហានថៃ ចាប់ខ្លួន កាលពីថ្ងៃចន្ទ ក្នុងពេលកំពុងដឹកឈើប្រណីតខុសច្បាប់ចំនួន២០បន្ទះ តាមរថយន្តពីរគ្រឿង ចេញពីខេត្តស្រះកែវ ឆ្ពោះមកកាន់កម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត។
លោកសៅ វាសនា ប្រធានក្រុមការងារប្រចាំច្រកប៉ោយប៉ែតនៃការិយាល័យទំនាក់ទំនង ព្រំដែនកម្ពុជា-ថៃ បានឲ្យដឹងពីម្សិលមិញថា ទាហានថៃបានចាប់ខ្លួនបុរសជាជនជាតិខ្មែរ៦នាក់ បន្ទាប់ពីរកឃើញឈើប្រណីត ២០បន្ទះនៅក្នុងរថយន្តវីហ្គោពីរគ្រឿង នៅស្រុកអារញ្ញ ខេត្តស្រះកែវ នៅចម្ងាយជាង១៥គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ។ លោកថា៖ «ម្នាក់ក្នុងចំណោមនោះ ឈ្មោះ ជីវន្ត ជាអតីតនគរបាលនៅ ក្រុងប៉ោយប៉ែត។ ពួកគេបម្រុងដឹកឈើទាំងនោះឆ្លងដែនចូលមកស្រុកខ្មែរតាមច្រកប៉ោយ ប៉ែត ប៉ុន្តែត្រូវថៃចាប់បាន»។ លោក សៅ វាសនាប្រាប់ថា អ្នកទាំង ៦ នាក់នោះត្រូវថៃឃុំខ្លួននៅស្រុកអារញ្ញ និងបញ្ជូនទៅតុលាការខេត្តស្រះកែវនៅព្រឹកថ្ងៃពុធ។ លោកបញ្ជាក់ថា៖ «វាមិនមែនជាលើកទី១ទេ ដែលពួកគេដឹកឈើឆ្លងដែនខុសច្បាប់មកស្រុកខ្មែរនោះ ទើបតែពេលនេះ ទាហានថៃបង្ក្រាប»។
លោក អ៊ុក កែវរតនៈអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យបានថ្លែងថា មន្ត្រីនគរបាលខ្លះទៀត ប្រចាំនៅច្រកបោយប៉ែតមានជាប់ពាក់ព័ន្ធនឹងការដឹកឈើខុសច្បាប់ បែបនេះ ហើយអាចនឹងត្រូវភាគីថៃកោះហៅ បើបក្ខពួកគេទាំង ៦ នាក់ត្រូវកាត់ទោសដោយតុលាការថៃ។ លោកថា៖«រឿងនេះជារឿងបទល្មើសដែលបានប្រព្រឹត្តដោយបុគ្គល»។
ការ ចាប់ខ្លួនខាងលើធ្វើឡើងតែបីថ្ងៃប៉ុណ្ណោះ ក្រោយដែលពលរដ្ឋខ្មែរ៨នាក់ទៀត ត្រូវទាហានថៃចាប់ខ្លួនដាក់ពន្ធនាគារពីបទឆ្លងដែនចូលកាប់ឈើ ខុសច្បាប់ក្នុងទឹកដីថៃ។ មានករណីមួយទៀតនៅខេត្តសុរិន គឺទាហានថៃ បានបាញ់ពលរដ្ឋខ្មែរម្នាក់របួស ហើយស្លាប់នៅប៉ុន្មានថ្ងៃក្រោយមក។
លោកឈិត ឈនមន្ត្រីនគរបាលខេត្តឧត្តរមានជ័យប្រាប់ថាឈ្មោះ មឿន ចិន្តា អាយុ ២៦ ឆ្នាំ ត្រូវទាហានថៃ បាញ់ឲ្យរបួសធ្ងន់ កាលពីថ្ងៃទី២៣ ខែតុលា នៅខណៈដែលគាត់ បានព្យាយាមរត់គេចខ្លួនចេញពីការតាមចាប់របស់អាជ្ញាធរថៃ បន្ទាប់ពីបានប៉ុនប៉ងលួចម៉ូតូមួយគ្រឿង នៅក្នុងស្រុកកាប់ជើង ខេត្តសុរិន៕
No comments:
Post a Comment
yes