Tuesday, October 30, 2012

លោក មឿង សុន សុំ​ព្រះរាជ​ទាន​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ

លោក មឿង សុន ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយ​ធម៌​

ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ លោក មឿង សុន ដែល​ត្រូវ​តុលាការ​កំពូល​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ កាល​ពី​ខែ​ឧសភា ក្នុង​សំណុំ​រឿង​ញុះញង់ បាន​ថ្វាយ​លិខិត​ទៅ​ព្រះមហាក្សត្រ សូម​ព្រះរាជ​ទាន​ការ​លើក​លែង​ទោស ដើម្បី​បាន​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​មហា​វីរក្សត្រ។

លោក មឿង សុន មាន​ប្រសាសន៍​ថា លោក​ជា​អ្នក​ស្រឡាញ់​វប្បធម៌ និង​មាន​បំណង​ចង់​បម្រើ​ជាតិ ដូច​នេះ​លោក​សង្ឃឹម​ថា ព្រះមហាក្សត្រ​នឹង​រាជានុញ្ញាត​លើក​លែង​ទោស។ លោក​បន្ត​ថា បើ​សិន​លោក​បាន​ចូល​ស្រុក​វិញ លោក​នឹង​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ហើយ​ថែម​ទាំង​បំពេញ​ព្រះរាជ​បំណង​អតីត​ព្រះមហាក្សត្រ​ទៀត​ផង។
លោក មឿង សុន៖ «ខ្ញុំ​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​បាត់​បង់​ព្រះ​មហា​វីរក្សត្រ ចំណុច​មួយ​ទៀត គឺ​ខ្ញុំ​បាន​ចូល​គាល់​អតីត​ព្រះ​មហា​វីរក្សត្រ តាំង​ពី ៤ឆ្នាំ​មុន ព្រះអង្គ​បាន​ប្រទាន​ព្រះរាជ​ទ្រព្យ​ចំនួន​ជាង ៣ពាន់​ដុល្លារ សម្រាប់​សង់​មន្ទីរពេទ្យ​ជូន​ពលរដ្ឋ​នៅ​ជិត​ប្រាសាទ​ព្រះវិហារ ដើម្បី​ទុក​ជា​កេរដំណែល​រំលឹក​ដល់​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ»

លោក មឿង សុន បន្ត​ថា ក៏​បាន​ដាក់​លិខិត​ជូន​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែរ ប៉ុន្តែ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី បែរ​ជា​មិន​ទទួល​សំណើ​ទៅ​វិញ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​មន្ត្រី​រដ្ឋាភិបាល ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៩ តុលា។ ប៉ុន្តែ​កន្លង​ទៅ មន្ត្រី​រដ្ឋាភិបាល​លើក​ឡើង​ថា រដ្ឋាភិបាល​មិន​មាន​សិទ្ធិ​លូក​ដៃ​ក្នុង​កិច្ចការ​របស់​តុលាការ​ឡើយ។ អតីត​លេខា​ផ្ទាល់​ព្រះ​មហា​វីរក្សត្រ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក៏​ធ្លាប់​មាន​បន្ទូល​ថា រដ្ឋាភិបាល​គួរ​តែ​ពិចារណា​លើក​លែង​ទោស​ដល់​អ្នក​ទោស​នយោបាយ។
ទោះ​ជា​យ៉ាង​ណា​ក្តី អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​អាច​ពិចារណា​ថ្វាយ​សំណើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​លើក​លែង​ទោស​ជា​ទូទៅ​ឲ្យ​អ្នក​ទោស​ណា​ដែល​មិន​បាន​បង្ក​កំហុស​ធ្ងន់ធ្ងរ ដើម្បី​ឧទ្ទិស​កុសល​ថ្វាយ​ព្រះ​មហា​វីរក្សត្រ។ លោក​បន្ត​ថា បើ​សិន​ជា​សម្រេច​លើក​លែង​ទោស​ឲ្យ​បុគ្គល​ម្នាក់ៗ គឺ​មិន​អាច​ធ្វើ​ទៅ​រួច​បាន​ឡើយ។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ៖ «ដូច​ជា​ទោស​បរិហារកេរ្តិ៍ ញុះញង់​ដែរ តែ​មិន​បាន​សម្រេច និង​មិន​មាន​ប៉ះពាល់​អី​ដល់​អ្នក​ណា។ គ្មាន​អ្នក​រងគ្រោះ​លើក​លែង​ទោស គ្មាន​អ្នក​តវ៉ា​ទេ ដូច​នេះ​អ្នក​មាន​ទោស​បែប​ហ្នឹង គួរ​ផ្តល់​អាទិភាព​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ យើង​ហ្នឹង»
លោក មឿង សុន រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស បន្ទាប់​ពី​អាជ្ញាធរ​អប្សរា​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក សុខ អាន ប្ដឹង​ពី​បទ​ញុះញង់ ខណៈ​ពេល​ដែល​លោក​រារាំង​ការ​បំពាក់​អំពូល​ភ្លើង​នៅ​អង្គរវត្ត។ សេចក្តី​សម្រេច​របស់​អង្គការ​យូណេស្កូ (UNESCO) ឆ្នាំ​២០០៩ ហាម​មិន​ឲ្យ​អាជ្ញាធរ​អប្សរា និង​ក្រុមហ៊ុន​ដៃគូ ដាក់​អំពូល​នៅ​ប្រាសាទ​អង្គរវត្ត ព្រោះ​ការ​ដាក់​អំពូល​ភ្លើង​នឹង​ធ្វើ​ឲ្យ​ខូច​សោភ័ណភាព​ប្រាសាទ ប៉ុន្តែ​លោក មឿង សុន នៅ​តែ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​គុក ២ឆ្នាំ​ដដែល៕

No comments:

Post a Comment

yes