
លោក សួង សុភ័ណ្ឌ(និយាយមីក្រូ)ពេលតវ៉ា ឲ្យតុលាការក្រុង ដោះលែងលោកម៉ម សូណង់ដូ
ភ្នំពេញៈ ប្រធានក្រុមយុវជនគាំទ្រគណបក្សប្រឆាំង គ្រោងនឹងដឹកនាំយុវជនជាង ១០០០ នាក់ ធ្វើបាតុកម្មធំមួយ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៨ វិច្ឆិកា ដោយដង្ហែយកញត្តិដាក់ថ្វាយព្រះមហាក្សត្រ ដើម្បីទូលសុំព្រះអង្គព្រះរាជទានការលើកលែងទោស ដល់អ្នកទោសនយោបាយ និងសកម្មជនការពារសិទ្ធិមនុស្ស និងដីធ្លី ព្រមទាំងស្នើឲ្យធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ផងដែរ។
លោកសួង សុភ័ណ្ឌប្រធានក្រុមចលនាយុវជនគណបក្សសម រង្ស៊ី បានឲ្យដឹងថា អ្នកចូលរួមក្នុងបាតុកម្មនេះ មានក្រុមយុវជនគណបក្ស សកម្មជនការពារសិទ្ធិមនុស្ស តំណាងក្រុមនិសិត្ស និងតំណាងកម្មករសរុបប្រមាណ ១០០០ នាក់ដោយធ្វើការប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ រួចធ្វើការដង្ហែញត្តិទៅដាក់ថ្វាយព្រះមហាក្សត្រសម្ដេចព្រះ នរោត្តម សីហមុនី និងបន្ទាប់មកទៅដាក់ញត្ដិ ជូន លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ លោកបានបញ្ជាក់ថា ការដើរក្បួននេះ ក៏ដើម្បីអបអរសាទរ ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ដែលជាស្នាព្រះហស្តដ៏មានតម្លៃរបស់សម្តេចឪព្រះវររាជបិតាជាតិក្នុងការទាមទារឯករាជ្យ ពីអាណានិគមបារាំងនាឆ្នាំ ១៩៥៣។ លោកបញ្ជាក់ថា៖«ញតិ្តដែលដាក់ថ្វាយព្រះមហាក្សត្រមានគោលបំណងសំខាន់ គឺទូលសុំឲ្យព្រះអង្គ ធ្វើការលើកលែងទោសដល់អ្នកទោសនយោបាយសកម្មជនការពារសិទ្ធិមនុស្ស និងពលរដ្ឋ ដែលកំពុងជាប់ពន្ធនាគារដោយអយុត្តិធម៌ ពាក់ព័ន្ធទៅនឹងរឿងជម្លោះដីធ្លី និងការបណ្តេញចេញពីលំនៅដ្ឋានដោយអ្នកមានអំណាច»។
កាលពីពេលថ្មីៗនេះ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោអតីតលេខាផ្ទាល់សម្តេចឪ និងជាទីប្រឹក្សាអមខុទ្ទកាល័យព្រះមហាក្សត្រ បានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យធ្វើការលើកលែងទោស ដល់អ្នកទោសនយោបាយដើម្បីជាការផ្សះផ្សា និងបង្រួបបង្រួមជាតិ ស្របទៅនឹងអ្វីដែលសម្តេចឪ លោកតែងតែធ្វើ កាលដែលព្រះអង្គនៅមានព្រះជន្ម ខណៈដែលក្រុមអ្នកវិភាគនយោបាយបានលើកឡើងថា ប្រសិនបើរាជរដ្ឋាភិបាល សម្រេចធ្វើការលើកលែងទោសនៅក្នុង«ឱកាសដ៏ពិសេស» ដល់អ្នកនយោបាយ គឺធ្វើឲ្យចម្រើនជាតិច្រើនជាងខាត ដែលនេះ ជាឱកាសដ៏ល្អ សម្រាប់សម្តែងនូវការដឹងគុណដល់អតីតព្រះមហាវីរក្សត្រ។
លោក សុភ័ណ្ឌក៏បានបន្តថា ញតិ្តក៏នឹងត្រូវដាក់ជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផងដែរក្នុងគោលបំណង ទាមទារមានការកែទម្រង់ប្រពន្ធ័យុត្តិធម៌ ផងដែរ។
លោកខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន ក្រោយកិច្ចប្រជុំមួយ នៅក្រសួងព័ត៌មាន កាលពីថ្ងៃម្សិលមិញថា បើក្រុមយុវជន របស់គណបក្សប្រឆាំងធ្វើបាតុកម្មនោះ វាជាសិទ្ធិសេរីភាពរបស់ពួកគេ ប៉ុន្តែពួកគេត្រូវគោរពទៅតាមច្បាប់កំណត់។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា៖ «គេមានសិទ្ធិធ្វើ ប៉ុន្តែយើងអាចមើលឃើញហើយថា ក្រុមទាំងនោះ គឺជាក្រុមឆ្លៀតឱកាស ដូចត្រីងៀតឆ្លៀតពង។ ពួកគេធ្វើអ្វីមួយគឺដើម្បីផលប្រយោជន៍នយោបាយប៉ុណ្ណោះ»។
លោក សួង សុភ័ណ្ឌបានឲ្យដឹងថា លោកបានដាក់លិខិតជូនដំណឹង ទៅសាលារាជធានីម្តងរួចហើយកាលពីថ្ងៃសុក្រ ប៉ុន្តែលិខិតនោះ ត្រូវបានមន្ត្រីសាលារាជធានីភ្នំពេញ បញ្ជូនត្រឡប់មកវិញ ដោយផ្តល់ហេតុផលថា ខ្លឹមសារនៅមិនទាន់គ្រប់ជ្រុងជ្រោយ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំនឹងដាក់លិខិតជូនដំណឹងអំពីការជួបជុំ និងការដង្ហែក្បួននេះ ទៅសាលារាជធានីភ្នំពេញ ជាថ្មីទៀតនៅថ្ងៃអង្គារនេះ»៕
No comments:
Post a Comment
yes