
ភ្នំពេញៈ រថក្រោះ និងរថពាសដែកប្រមាណ ១៤០ គ្រឿង បានមកដល់កំពង់ផែព្រះសីហនុ កាលពីម្សិលមិញ។ នេះបើយោងតាមមន្រ្តីម្នាក់បានបញ្ជាក់ឲ្យដឹង។
ប្រភពពីខេត្ត ព្រះសីហនុ ដែលស្នើសុំមិនបញ្ចេញឈ្មោះ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា នាវា «EU-Gana» បានមកដល់កាលពីព្រឹកម្សិលមិញ ជាមួយនឹងរថក្រោះ និងរថពាសដែក ប្រហែលជាង ១០០ គ្រឿង។
លោកបានបញ្ជាក់ថា៖ «មានរថក្រោះប្រហែល១០០ គ្រឿង និងរថពាសដែកកង់ប្រាំបី និងកង់ប្រាំមួយ ប្រហែល ៤០ គ្រឿង»។
នៅពេលទាក់ទងកាលពីយប់មិញ លោក លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វ័យក្រុងព្រះសីហនុ បានបញ្ជាក់ពីការមកដល់នៃរថក្រោះ និងរថពាសដែកទាំងនោះ ប៉ុន្តែលោកបានបដិសេធមិនធ្វើការអត្ថាធិប្បាយពីចំនួនឬប្រទេស នៃប្រភពឡើយ។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំត្រូវបានជូនដំណឹងដោយ [បុគ្គលិក] អំពីការមកដល់ ប៉ុន្តែ សេចក្តីលម្អិត ខ្ញុំគិតថា អ្នកអាចសួរទៅមន្រ្តីគយ»។
កាលពីខែ កញ្ញា ឆ្នាំ ២០១០ ខណៈពេលមានជម្លោះព្រំដែនជាមួយនឹងប្រទេសថៃ កម្ពុជាបានទិញរថក្រោះដូចគ្នា ពីប្រទេសនៅអឺរ៉ុបខាងកើត ដែលគេជឿជាក់ថា គឺប្រទេសអ៊ុយក្រែន។
ទាំងលោកឧត្តមសេនីយ ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងនេះ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ៕
No comments:
Post a Comment
yes