លោក សុភ័ណ្ឌ(កាន់ក្បាលមីក្រូ)ក្នុងការតវ៉ាទាមទារឲ្យដោះលែង
លោកសូណង់ដូ ពីសប្តាហ៍មុន
ភ្នំពេញៈ មេដឹកនាំចលនាយុវជនគណបក្សសមរង្ស៊ី បានព្រមានថា នឹងដឹកនាំធ្វើបាតុកម្មធំមួយនៅចុងខែនេះ ដើម្បីទាមទារឲ្យរដ្ឋាភិបាល និងរដ្ឋសភា ធ្វើការផ្លាស់ប្តូរសមាសភាពដឹកនាំ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប និងទាមទារឲ្យដាក់បញ្ចូលថ្ងៃទី ២៣ តុលា ទៅក្នុងថ្ងៃបុណ្យជាតិវិញ។
លោក សួង សុភ័ណ្ឌ ប្រធានគណៈកម្មាធិការប្រតិបត្តិនៃចលនាយុវជនគណបក្ស សម រង្ស៊ី បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា លោកនឹងដាក់លិខិតមួយទៅសាលារាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ ដើម្បីជម្រាបអំពីការប្រមូលផ្តុំគ្នា របស់ចលនាយុវជនគណបក្សសម រង្ស៊ី នៅថ្ងៃទី២៣ តុលា នៅសួនសេរីភាព និងការដើរហែក្បួនទៅសភាជាតិ ដើម្បីដាក់ញត្តិមួយ ទៅស្ថាប័នកំពូលនេះ ស្នើសុំឲ្យដាក់បញ្ចូលថ្ងៃទី ២៣ តុលា ជាថ្ងៃបុណ្យជាតិ វិញ និងទាមទារឲ្យក្រសួងមហាផ្ទៃធ្វើការរៀបចំឡើងវិញ នូវប្រព័ន្ធ និងសមាសភាពដឹកនាំ គ.ជ.ប ដោយលោកអះអាងថា គ.ជ.ប ត្រូវបានគេមើលឃើញថា មិនឯករាជ្យ។ លោក សួង សុភ័ណ្ឌ បានថ្លែងថា៖ «ថ្ងៃទី ២៣ តុលា ក៏ត្រូវបានដាក់បញ្ចូលជាថ្ងៃបុណ្យជាតិផងដែរ ប៉ុន្តែយើងមិនដឹងថា ហេតុអ្វី បានជាក្រោយមក រដ្ឋាភិបាល និងសភា យកថ្ងៃទី ២៣ តុលា នេះចេញពីថ្ងៃបុណ្យជាតិវិញ»។លោកបន្តថា៖ «ហេតុដូច្នេះយើងចង់ឲ្យរដ្ឋាភិបាលគោរពថ្ងៃ ដែលកម្ពុជាបានចុះកិច្ចព្រមព្រៀងបញ្ចប់ជម្លោះ រវាងខ្មែរនឹងខ្មែរ នៅទីក្រុងប៉ារីស កាលពីថ្ងៃទី ២៣ តុលា ឆ្នាំ ១៩៩១ នេះវិញ»។
លោកសួង សុភ័ណ្ឌ សង្ឃឹមថា នឹងមានយុវជនចំនួន១០០០ នាក់ នឹងចូលរួមក្នុងបាតុកម្មនេះ ដោយលោកសំអាងថា ពួកគេ មានការឈឺចាប់ បន្ទាប់ពីគ្រួសាររបស់ពួកគេ ត្រូវបានបណ្តេញចេញពីដីរបស់ខ្លួន ហើយដីរបស់ឪពុកម្តាយរបស់ពួកគេក្នុងខេត្តមួយចំនួន ត្រូវបានរំលោភយក ដោយសេដ្ឋី និងមន្រ្តីជាន់ខ្ពស់មួយចំនួន។ លោក សួង សុភ័ណ្ឌ បន្តថា៖ «ប្រសិនបើរដ្ឋាភិបាល មិនផ្លាស់ប្តូរសមាសភាព គ.ជ.ប ទេ យើងនឹងធ្វើបាតុកម្មធំមួយ ក្នុងមួយខែម្តង រហូតដល់កៀកថ្ងៃបោះឆ្នោត»។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបដិសេធមិនធ្វើអត្ថាធិប្បាយលម្អិតទេ ដោយថ្លែងថា លោករង់ចាំមើលលិខិតពី លោក សួង សុភ័ណ្ឌ ជាមុនសិន ប៉ុន្តែលោកបញ្ជាក់ថា ប្រសិនបើការហែក្បួន ឬបាតុកម្មនោះ មិនប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ នោះផែនការរបស់លោក សួង សុភ័ណ្ឌ អាចបន្តទៅមុខបាន។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេកាលពីម្សិលមិញ៕
No comments:
Post a Comment
yes