មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឲ្យដឹងថា ក្រុងពោធិសាត់ កំពុងស្ថិតក្រោមការហំព័ន្ធដោយជំនន់ទឹកភ្លៀង ដែលហូរចាក់ពីតំបន់ភ្នំនិងខ្ពង់រាប ខណៈកំពស់ទឹកទន្លេ នៅស្រុកភ្នំក្រវាញ បានហក់ឡើងហួសពីកម្រិតប្រកាសអាសន្ន។
លោកចាន់ យុត្ថា នាយកខុទ្ទកាល័យក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រុងពោធិសាត់កំពុងប្រឈមនឹងការលិចលង់បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅតាមតំបន់ជួរភ្នំក្រវាញ ហើយទឹកភ្លៀងបានហូរចាក់ពីតំបន់ជួរភ្នំនេះ បង្កឲ្យមានជំនន់នៅទីរួមខេត្ត ដែលជាតំបន់វាលទំនាប។
លោកបានឲ្យដឹងទៀតថាកំពស់ទឹកក្នុងកម្រិតប្រកាសអាសន្ន នៅក្រុងពោធិសាត់គឺទឹកមានកំពស់៤,៩០ម៉ែត្រ ប៉ុន្តែគិតត្រឹមពីឥឡូវនេះ [ម៉ោង៥និង១៥នាទីល្ងាចថ្ងៃចន្ទម្សិលមិញ] ទឹកមានកំពស់៤,៨០ម៉ែត្រ ខណៈនៅឯស្រុកភ្នំក្រវាញ ទឹកជំនន់បានហក់ឡើងដល់ទៅ៦,២០ម៉ែត្រ លើសពីកម្រិតប្រកាសអាសន្ន០,២០ម៉ែត្រ។
លោកបានបញ្ជាក់ថា៖«ទីក្រុងនេះកំពុងប្រឈមនឹងការលិចលង់ហើយ ប៉ុន្តែយើងសង្ឃឹមថាវាមិនធ្ងន់ធ្ងរដូចជាជំនន់ទឹកទន្លេមេគង្គនោះទេ»។
No comments:
Post a Comment
yes