លោកជួន សុវណ្ណ (ស្តាំ) អគ្គស្នងការរងនគរបាលជាតិ ពាក់ផ្កាយ ៣ ចូលកាន់តំណែងជំនួសលោក ទូច ណារ៉ុថ(ឆ្វេង)អតីតស្នងការក្រុងភ្នំពេញដែលពាក់ផ្កាយ១
ជូនចំពោះការីនិពន្ធ
កម្ពុជា ជាប្រទេសស្ថិតក្នុងចំណាត់ថ្នាក់បណ្តាប្រទេសក្រីក្របំផុត(LDC = Least Developed Country) នៅឡើយ នៅលើលោកនេះ ហើយក៏ជាប្រទេសដែលស្ថិតនៅក្នុងចំណាត់ថ្នាក់ក្រីក្របំផុតផងដែរ ក្នុងតំបន់អាស៊ាន១០ និងបណ្តាសមាជិកពៅគេរបស់អាស៊ាន(CLMV)។ បច្ចុប្បន្ននេះមេដឹកនាំកម្ពុជាកំពុងពិចារណា ស្នើឲ្យសហគមន៍អន្តរជាតិ រុញចំណាត់ថ្នាក់ប្រទេស នេះ ពីប្រទេសដែលអភិវឌ្ឍន៍ តិចតួច ទៅជាប្រទេសកំពុង អភិវឌ្ឍន៍(Developing Country) វិញ ប៉ុន្តែបញ្ហាចោទត្រង់ថា បើគេរុញចំណាត់ថ្នាក់ទៅជាប្រទេសកំពុងអភិវឌ្ឍន៍ហើយ ការអនុគ្រោះនានា ដែលធ្លាប់តែធ្វើដោយសហគមន៍អន្តរជាតិ នឹងត្រូវបានកាត់បន្ថយហើយ ហើយម៉្យាងទៀតបណ្តាប្រទេសជាម្ចាស់បំណុលនឹងចាប់ផ្តើមទារបំណុលដែរ ដោយសារតែកម្ពុជាងើបផុតពីភាពក្រីក្រធ្ងន់ធ្ងរនិងមានសល់លុយក្នុងរតនាគារបណ្តើរៗហើយនោះ។
ក្នុង ស្ថានភាពដែលកម្ពុជាកំពុងធ្វើដំណើរទៅរកការអភិវឌ្ឍ ការដឹកនាំចាំបាច់ត្រូវតែធ្វើការកែទម្រង់បន្តិចម្តងៗដូចភ្លៀង រលឹម ទោះបីថា យើងមិនអាចធ្វើការកែទម្រង់បានលឿនដូចប្រទេសភូមា ដែលជាមិត្តភក្តិ មានមនោគមវិជ្ជាស្រដៀងកម្ពុជាក៏ដោយក្តី។ ការកែទម្រង់របស់កម្ពុជា មិនត្រូវដកថយទេ ហើយក៏មិនត្រូវវិលចុះវិលឡើងដែរ គឺត្រូវទៅមុខជានិច្ច ទើបសង្ឃឹមថា អាចអភិវឌ្ឍប្រទេស និងកាត់បន្ថយភាពក្រីក្ររបស់ ប្រជាជនបានលឿនទៅបាន។ ពីពេលនេះទៅ ការកែទម្រង់លើ គ្រប់វិស័យរឹតតែសំខាន់ និងចាំបាច់បំផុត ដោយសារតែនៅឆ្នាំ ២០១៥ ឆាប់ៗនេះ សហគមន៍អាស៊ាន នឹងមានលក្ខខណ្ឌតម្រូវជាច្រើនឲ្យកម្ពុជាសម្របខ្លួនតាម។
បច្ចុប្បន្ន នេះ ការកែទម្រង់អំពីឧបនិស្ស័យកាន់មុខតំណែង នៃអ្នករាជការ និងកងកម្លាំងប្រដាប់អាវុធ កំពុងតែដើរថយក្រោយហើយ ដោយសារតែមុខតំណែងត្រួតគ្នារសេមរសាម មិនសមទំនងជាច្រើន ហាក់ដូចជាបុគ្គលមានសមត្ថភាពមានតែមួយដំបស្វាយ៉ាងដូច្នេះដែរ ដែលខ្ញុំសូមលើកយកឧទាហរណ៍តិចតួចដូចតទៅ ៖
- ជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលមុខតំណែងបន្ថែមជាអគ្គនាយកនៃអគ្គនាយកពន្ធដារ។ ជារដ្ឋលេខាធិការ និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច៘
- អគ្គស្នងការរងនគរបាលជាតិ ទទួលមុខតំណែងបន្ថែម ជាស្នងការរាជធានីភ្នំពេញ។ យកឯកឧត្តម ឧត្តមសេនីយ៍ឯកពាក់ផ្កាយ ៣ ទៅកាន់តំណែងផ្កាយ១ ក៏អាចទៅរួចដែរឬ? ចុះបើថ្ងៃណាមួយមានកិច្ចប្រជុំរួម ស្នងការរាជធានីបណ្តាប្រទេសអាស៊ានទាំង១០ស្នងការរាជធានី ប្រទេស៩ ផ្សេង ពាក់ត្រឹមស័ក្តិ ៥ ឬផ្កាយ ១ ប៉ុណ្ណោះ ចម្លែកអីតែស្នងការរាជធានីខ្មែរម្នាក់ឯង ពាក់ផ្កាយដល់ទៅ៣ នៅលើស្មានោះ!
- មេភូមិភាគខ្មែរពាក់ផ្កាយដល់ទៅ ៣ ព្រោះគាត់មានមុខតំណែងពីរទៀត គឺទីប្រឹក្សាសម្តេច និងជាអគ្គមេបញ្ជាការកងទ័ពជើងគោក។ ចំណែកប្រទេសជិតខាងយើងជាមេភូមិភាគដូចគ្នា ពាក់ផ្កាយត្រឹម ១ ទេ។
- ជាមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសផង និងជាមេបញ្ជាការនៅខេត្តទៀត។
-នៅក្រសួងមហាផ្ទៃកាន់តំណែងជាប្រធាននាយកដ្ឋានឬអនុប្រធាននាយកដ្ឋាន និងមានមុខតំណែងជាអគ្គនាយករងទៀត។
- ជាប្រធាននាយកដ្ឋានឬ អនុប្រធាននាយកដ្ឋាន ឬប្រធានការិយាល័យ នៅអគ្គនាយកដ្ឋានគយ(ថ្នាក់កណ្តាល) និងជាប្រធានស្នាក់ការគយប្រចាំខេត្តនេះ ខេត្តនោះទៀត ។
- នៅក្រសួងព្រះបរមរាជវាំង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងដទៃជាច្រើនទៀត ក៏មានករណីដូចនេះដែរ ហើយស្ថាប័នដែលមានមន្ត្រីមានមុខតំណែងត្រួតគ្នាច្រើនជាងគេគឺនៅ ទីស្តីការគណៈរដ្ឋមន្ត្រីតែម្តង ព្រោះនៅស្ថាប័ននេះមានមុខតំណែងកំពូលៗ ច្រើនជាងគេបំផុតក្នុងពិភពលោក។
- ជា.......និងជា....... ជាច្រើនរយពាន់ករណីទៀត។
ខ្មែរ ប្រទេសតូច ហើយប្រជាជនតិចទៅទៀត ហេតុអ្វីក៏មានរចនាសម្ព័ន្ធសំពីងសំពោង ហើយមានអ្នកធំៗច្រើនសម្បើមយ៉ាងនេះ។ តើការណ៍នេះ រាជរដ្ឋាភិបាល កំពុងធ្វើដំណើរលើផ្លូវត្រូវឬយ៉ាងណា? ជាធម្មតា ការកែទម្រង់ គឺដើម្បីទៅរកភាពប្រសើរឡើងចុះខ្មែរវិញ កំពុងកែទម្រង់ពីការិយាធិបតេយ្យល្មមៗទៅកាន់ការិយាធិបតេយ្យ ពេញបន្ទុក! ភាពរញ៉េរញ៉ៃមានរួចទៅហើយ ក៏កែឲ្យកាន់តែរញ៉េរញ៉ៃទ្វេឡើង! ម្តេចក៏មេដឹកនាំខ្មែរមិននាំគ្នាយកគំរូល្អៗពីប្រទេសជិតខាងយើង មកអនុវត្តខ្លះៗទៅ! មើលចុះនៅវៀតណាម លោកនាយកសាលាបណ្ឌិតសភានគរបាលពាក់ស័ក្តិត្រឹមផ្កាយ ១ តែសម្រាប់នាយកសាលារាជបណ្ឌិតសភានគរបាលខ្មែរ ពាក់ផ្កាយដល់ទៅ ៤ ឯណោះ។ អង្គភាពគយរបស់វៀតណាម គឺមានត្រឹមនាយកដ្ឋាន តែខ្មែរបង្កើតដល់អគ្គនាយកដ្ឋាន៘ ក្នុង ១ខេត្ត យ៉ាងហោចណាស់ក៏មាន ៥ ស្រុកដែរ តែយើងមានត្រឹមក្រុង ១ ស្រុក ១ ក៏ហៅថាខេត្តដែរ។ ក្នុងពេលឆាប់ៗខាងមុខនេះ ប្រទេសវៀតណាមដដែល នឹងច្របាច់បញ្ចូលគ្នា ក្រសួងចំនួន ៥ ឲ្យទៅជាក្រសួងតែ ១ វិញ ដើម្បីឲ្យដំណើរការការងារមានភាពងាយស្រួលជាងមុន នេះទើបគេហៅថា ការធ្វើកំណែទម្រង់។
ខ្មែរយើងសម្បូររឿងគួរឲ្យខ្មាស បរទេសច្រើនណាស់មកហើយ តើយើងនៅបន្តរឿងគួរឲ្យខ្មាសគេដល់ពេលណាទៀត។ នៅគ្រាម្តងនោះ មានកិច្ចប្រជុំថ្នាក់ប្រធាននាយកដ្ឋានក្រសួងការពារជាតិ នៃបណ្តាប្រទេសអាស៊ាន។ តួនាទីជាប្រធាននាយកដ្ឋាន នៃអាស៊ាន ៩ សុទ្ធ តែពាក់ផ្កាយ ១ ចម្លែកអីតែប្រធាននាយកដ្ឋានខ្មែរ ពាក់ផ្កាយដល់ទៅ ២ ម្នាក់ឯង។
មកដល់ដំណាក់កាលនេះទៅហើយ តើខ្មែរនៅអែនអន ពត់ពេនរុំព័ទ្ធទៅដោយ វប្បធម៌ទំយើដល់ណាទៀត គិតតែពីដំឡើងស័ក្តិ ដំឡើងងារ ដំឡើងតួនាទី ដល់ពេលអស់អីដំឡើងក៏តាំងដំឡើងមេដាយម្តង (គ្រឿងបញ្ជោរ) ដល់ពេលសម្បូរមេដាយពេក អ្នកខ្លះមិនចេះរបៀបពាក់ ក៏ពាក់ដូចតួល្ខោនទៅទៀត ពិតជាអស់ទាស់តែម្តង!!! តើយើងគួរនាំគ្នាគិតតែពីមនុស្សមួយក្តាប់តូច ឬគិតដល់ជាតិទាំងមូល?
ការបង្កើតឲ្យមានតួនាទីត្រួតគ្នាច្រើន ដូច្នេះ គឺបង្កើតឲ្យមានភាពរញ៉េរញ៉ៃនៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រង និងការិយាធិបតេយ្យហួសប្រមាណ ធ្វើឲ្យបាត់បង់ឋានានុក្រមការងារ បង្កើនអំពើពុករលួយ បង្កឲ្យមានជម្លោះនិងជាការបិទឱកាសអ្នកមានសមត្ថភាពនានា មិនអាចឲ្យលូតទៅមុខបាន តាមដំណើរធម្មតា ដែលបង្ហាញឲ្យឃើញនូវផ្នត់គំនិតបែកបាក់យូរអង្វែងក្នុងសង្គម គ្រួសារខ្មែរ ជាលទ្ធផលនៃទង្វើអ្នកដឹកនាំមួយចំនួនបង្កឡើង។
តើរហូតដល់ពេលណា ទើបការរៀបចំរចនាសម្ព័ន្ធ និងមុខតំណែងទាំងនេះមានរបៀបរៀបរយឡើងវិញ ឬក៏រង់ចាំរហូតដល់សម្តេច លោកចូលនិវត្តន៍ពីឆាកនយោបាយនាឆ្នាំ ២០២៣ សិន៕
ដោយ សុចរិត
No comments:
Post a Comment
yes