សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 31, 2012

នាយក​រដ្ឋមន្ត្រី​គ្រោង​ផ្សះផ្សា​រឿង​ទេព​កុលាប

_MG_7338
អ្នកស្រីទេព​ កុលាប និងស្វាមីលោក ហេង ឈាងនៅសាលាឧទ្ធរណ៍កាលពីកន្លងទៅ

ភ្នំពេញៈ លោក​ឧត្តម​សេនីយ៍ ចៅ តុល មេ​បញ្ជា​ការ​រង​កង​អង្គរក្ស​លោក​នាយក​រដ្ឋ​មន្រ្តី បាន​អះ-អាង​ថា លោក​ជំទាវ ប៊ុន​រ៉ានី​ហ៊ុន​សែន បាន​ស្នើ​ឲ្យ​មាន​ការ​សម្រប​សម្រួល​គ្នា​រវាង​លោក​ឧកញ៉ា កុក អាន និង​លោក​ស្រី ទេព កុលាប និង​ស្វាមី​លោក ហេង ឈាង​ដើម្បី​បញ្ចប់​រឿងក្តី​នៅ​តុលាការ ដោយ​មាន​គម្រោង​រៀបចំ​ធ្វើ​នៅ​ភូមិ​គ្រឹះ​លោក​នាយក​រដ្ឋមន្ត្រី នៅ​ក្នុង​រាជធានី នាពេល​ឆាប់ៗ​នេះ។
លោកឧត្តម​សេនីយ៍​ឯក ចៅ តុល បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ៖«ពួកគាត់​គឺ​សុទ្ធ​ជា​បង​ប្អូន​និង​ជា​សាច់​ញាតិ​នឹងគ្នា។ ដូច្នេះ​ពួក​គាត់ គួរ​តែ​សម្រុះ​សម្រួល ផ្សះផ្សា​គ្នា ដើម្បី​បញ្ចប់​ជម្លោះ»។
លោក​ឧត្តមសេនីយ៍ ចៅ តុល បាន​បញ្ជាក់​ថា ការ​សម្រុះ​សម្រួល​បញ្ចប់​ជម្លោះ​រវាង​លោក​ឧកញ៉ា ​កុក អាន និង​ភាគី​លោក​ស្រី ទេព កុលាប​«ឥឡូវ​នេះ​ខ្ញុំ​ផ្ទាល់ កំពុង​តែ​រៀបចំ​កិច្ច​ប្រជុំ​មួយ​សម្រាប់​ពួកគាត់ ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​ឆាប់ៗ​នេះ នៅ​ភូមិ​គ្រឹះ​សម្តេច​តេជោ នៅ​រាជធានី​ភ្នំពេញ។ កិច្ច​ប្រជុំ​នឹង​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​របស់​សម្តេច​នាយក​រដ្ឋមន្រ្តី និង​លោក​ជំទាវ»។

លោកស្រី ទេព កុលាប សាកល​វិទ្យាធិការ​សាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​(PPIU) បាន​ទទួល​ស្វាគមន៍ ​ចំពោះ​គំនិត​ផ្តួច​ផ្តើម​នេះ​ដោយ​មាន​ប្រសាសន៍​ថា៖ «ការ​បញ្ចប់​រឿង​ដោយ​សន្តិភាព គឺជា​រឿងល្អ»​ ហើយ​ថា ភាគី​លោក​ស្រី​ស្ម័គ្រ​ចិត្ត​ទទួល​យក និង​ត្រៀម​ខ្លួន​ចូលរួម ប្រសិន​បើ​មាន​ការ​អញ្ជើញ​ពី​លោក​ឧត្តម​សេនីយ៍​ឯក ចៅ តុល ។ ក៏​ប៉ុន្តែ លោក​ស្រី ទេព កុលាប បាន​សំណូម​ពរ​ត្រូវ​តែ​ជូន​ដំណឹង ទៅ​ស្វាមី​គាត់ លោក ហេង ឈាង ផង ដើម្បី​គាត់​បាន​ដឹង​និង​បាន​ត្រៀម​ខ្លួន​ចូលរួម​ក្នុង​កិច្ច​សម្រប សម្រួល​នោះ។
លោកស្រី ទេព កុលាប មាន​ប្រសាសន៍​ថា ៖ «ខ្ញុំគិត​ថា ការ​បញ្ចប់​រឿង ដោយ​សន្តិភាព​នោះ គឺ​ជា​រឿង​ល្អ។ ខ្ញុំ​ព្រម​ទទួល​យក ពីព្រោះ​អ្វី ដែល​យើង​អាច​សម្រុះ​សម្រួល​គ្នា​បាន​នោះ គឺការ​ល្អ​ណាស់។ សម្រាប់​ខ្ញុំ​គឺ ខ្ញុំត្រូវ​ការ​ពេល​វេលា​សេស​សល់​ក្នុង​ជីវិត​ចុងក្រោយ​របស់​ខ្ញុំ​នេះ ដើម្បី​សាកល​វិទ្យាល័យ​របស់​ខ្ញុំ និង សម្រាប់​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ទៀត។ ខ្ញុំ​ឥត​មាន​ពេល​ទៅ​ឡើង​ក្តី ឡើង​តុលាការ​វែង​ឆ្ងាយ​អី​ទៀត​ទេ»។
លោកស្រី ទេព កុលាប បាន​បន្ត​ថា៖ ចំពោះ​រឿង​លើក​មុន​ថា ខ្ញុំ​សង​សឹក​បីជា​តិ​នោះ ខ្ញុំ​សូម​បញ្ជាក់​ថា ជីវិត​របស់​ខ្ញុំ​កើត​មាន​មក​នេះ គឺ​មាន​តែ​អំពើ​ល្អ​នៅ​ក្នុង​អារម្មណ៍​របស់​ខ្ញុំ នៅ​ក្នុង​បេះដូង​របស់​ខ្ញុំ​រហូត មិន​ដែល​មាន​បំណង​អ្វីផ្សេ ង​ពី​នោះ​ទេ។ កាល​ពី​ក្នុង​សវនាការ​នៅ​តុលាការ​កំពូល ខ្ញុំឃើញ​មាន​ការ​គាំទ្រ​ខ្ញុំ​យ៉ាង​ខ្លាំង ពី​សំណាក់​សាស្ត្រាចារ្យ និង​និស្សិត​របស់​ខ្ញុំ អ៊ីចឹង ខ្ញុំ​គិត​ថា​ជីវិត​ចុងក្រោយ​របស់​ខ្ញុំ គឺ សម្រាប់​តែ​សាស្រ្តាចារ្យ​និង និស្សិត លោក​ឪពុក​អ្នក​ម្តាយ និង​សម្តេច​តេជោ​ហ៊ុន សែន​និង​លោក​ជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​ជា​អ្នក​មាន​គុណ​របស់​ខ្ញុំ ដែល​លោក​ជួយ​សង្គ្រោះ​ជីវិត​ខ្ញុំ​ចុង​ក្រោយ សម្រាប់​ជីវិត​ខ្ញុំនេះ។ ពី​ព្រោះ​នៅពេល ដែល​គេ​ដេញ​តាម​បាញ់​សម្លាប់​ខ្ញុំ បើពុំ​មាន​ការ​ជួយ​អន្តរាគមន៍​ពី​សម្តេច និង​លោក​ជំទាវ និង​ពី​កង​អង្គរក្ស​របស់​លោក​ផង​ទេ ខ្ញុំ​នឹង​មិន​មាន​ជីវិត​រស់រាន​ដល់​ថ្ងៃ​នេះ​ឡើយ»។
លោកឧកញ៉ា កុក អាន ប្រធាន​ក្រុម​ហ៊ុន​អានកូ មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​បាន​ទេ​កាល​ពី​ថ្ងៃ​ម្សិលមិញ។ ប៉ុន្តែ យ៉ាង​ណា​ក៏​ដោយ មេធាវី​ការពារ​ក្ដីគឺ​លោក ឡុង ដារ៉ា បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ដឹង​ពី​គម្រោង​ជួប​សម្រប​សម្រួល​នោះ​នៅ​ឡើយទេ។
លោក​មេធាវី​ប្រាប់​ថា៖«រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​មិន​ទាន់​ដឹង​ពី​គម្រោង​ប្រជុំ​នោះ​នៅ​ឡើយ​ទេ។ ខ្ញុំនឹង​សួរ កូន​ក្ដីខ្ញុំ ពី​រឿង​នេះ»។
លោកស្រី ទេព កុលាប អាយុ​៣៨​ឆ្នាំ និង​ស្វាមី​លោក ហេង ឈាង អាយុ​៤៣​ឆ្នាំ អតីត​អគ្គនាយក​ក្រុមហ៊ុន​អានកូ ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​បី​ឆ្នាំ​ម្នាក់ ក្រោម​បទ​ចោទ​ពី​បទ​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត​កាល​ពី​ឆ្នាំ​២០១១ ក្រោម​បណ្តឹង​របស់​លោក​ឧកញ៉ា កុក អាន ពាក់ព័ន្ធ​នឹង​ការ​បាត់​ប្រាក់​ក្រុមហ៊ុន ចំនួន​៥៨.៩៧៣.២៦៥,២៨​ដុល្លារ។
លោកស្រី ទេព កុលាប ត្រូវ​តុលាការ​កំពូល​សម្រេច​ដោះលែង​ពី​ពន្ធនាគារ​កាល​ពី​ថ្ងៃទី​២ ខែ​តុលា ឆ្នាំ ២០១២។ ប៉ុន្តែ លោក ហេង ឈាង កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​សនៅ​ឡើយ​ទេ ដើម្បី​រង់ចាំ​ការ​ជម្រះ​ក្ដី​សាជាថ្មី​ក្នុង​ពេល​ខាង​មុខនេះ៕

No comments:

Post a Comment

yes